ផលិតផលកៅស៊ូក្រែប​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។រូបភាព៖ ហ្វេសប៊ុក ឧញ៉ា ម៉ុង ឫទ្ធី

កម្ពុជា​ជា​ប្រទេស​ផលិត​កៅស៊ូ​ឈាន​មុខ​មួយ​នៅ​ក្នុង​តំបន់ ​បាន​នាំ​ចេញ​ជ័រ​កៅស៊ូ​និង​ឈើកៅ​ស៊ូ​សរុប ​២៥៧,៤៤​លាន​ដុល្លារ ​ក្នុង​នោះ ​ការ​នាំ​ចេញ​ឈើ​កៅស៊ូ​មាន​តម្លៃ​ជា​ប្រាក់​ជាង​២,៦១លាន​ដុល្លារ​ គិត​ត្រឹម​ខែ​កក្កដា​ ឆ្នាំ​២០២២​។​នេះ​បើ​តាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​។

ទិន្ន​ន័យ​នេះ ​បាន​ឱ្យ​ដឹង​ថា ​កម្ពុជា​បាន​នាំចេញ​ជ័រ​កៅស៊ូ​ក្នុង​បរិមាណ​សរុប​ ១៦១,៥៦២​តោន ​គិត​ត្រឹម​ខែ​កក្កដា ​ឆ្នាំ២០២២ ​ធ្លាក់​ចុះ​០,៣% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ដោយ​ឡែក​ កម្ពុជា​នាំ​ចេញ​ឈើ​កៅស៊ូ​បាន​ចំនួន​ ១៧,៥២៩​ម៉ែត្រ​គូប​ ក្នុង​អំឡុង​ពេលនេះ​។

កម្ពុជា​បាន​នាំជ័រ​ទៅ​កាន់​ប្រទេស ​វៀតណាម​ ម៉ាឡេស៊ី​ សង្ហបុរី​ ចិន​ ជប៉ុន​ និង​ សហគមអឺរ៉ុប​។

គិត​ត្រឹម​ខែ​កក្កដា​នេះ ​ជ័រកៅស៊ូ​លើ​ទីផ្សារ​អន្តរ​ជាតិ​ មាន​តម្លៃ​ជា​មធ្យម ​១,៥៧៧​ដុល្លារ​ក្នុង​១តោន ​ថយ​ចុះ ​៩៥​ដុល្លារ​ក្នុង​១​តោន​ ស្មើនឹង​៦% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

កម្ពុជា​មាន​ផ្ទៃ​ដីដាំដុះ​កៅ​ស៊ូ​សរុប​ចំនួន​ ៤០៤,០៤៤​ហិកតា ​គិត​ត្រឹម​ខែកក្កដា ​ឆ្នាំ២០២២​ ក្នុងនោះ ​ផ្ទៃដី​ចៀរជ័រ​មាន​ចំនួន​ ៣១០,១៩៣​ហិកតា​ ស្មើនឹង​៧៧% ​និង​ផ្ទៃ​ដីថែទាំ​មាន​ ៩៣,៨៥១​ហិកតា ​ស្មើនឹង​២៣%​។

អគ្គ​នាយក​ដ្ឋាន​កៅស៊ូ ​បាន​ឱ្យដឹង​ថា ​ក្នុង​ឆ្នាំ២០២១ ​កម្ពុជា​រក​ចំណូល​បាន​ជាង​ ៦១១​លាន​ដុល្លារ ​ពីការ​នាំ​ចេញ​ជ័រកៅស៊ូ ​និង​ឈើកៅស៊ូ​។ ​ក្នុងនោះ ​នាំចេញ​ជ័រកៅស៊ូ​ ចំនួន​៣៦៦,៣០០តោន ​និង​នាំ​ចេញ​ឈើកៅ​ស៊ូ ​ចំនួន​៤៥៤​ម៉ែត្រ​គូប​៕