ប្រទេសចិនបានដកកិច្ចសន្យាថា នឹងមិនបញ្ជូនកងទ័ព ឬអ្នកគ្រប់គ្រងថ្មីទៅកាន់កោះតៃវ៉ាន់ឡើយ ប្រសិនបើចិនចូលកាន់កាប់កោះនេះ ដែលជាសញ្ញាបង្ហាញពីការសម្រេចចិត្តរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងការផ្តល់ស្វ័យភាពតិចជាងមុនឱ្យកោះនេះ។

ក្រដាសសរបស់ចិនស្តីពីជំហររបស់ខ្លួនលើកោះតៃវ៉ាន់ បានចេញផ្សាយ បន្ទាប់ពីប៉ុន្មានថ្ងៃនៃសមយុទ្ធយោធាចិនដែលមិនធ្លាប់មានពីមុនមកនៅជិតកោះតៃវ៉ាន់ ក្នុងការតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ណានស៊ី ផេឡូស៊ី កាលពីសប្តាហ៍មុន។

កន្លងមក ប្រទេសចិនធ្លាប់បាននិយាយនៅក្នុងសៀវភៅសចំនួនពីរស្តីពីកោះតៃវ៉ាន់ក្នុងឆ្នាំ១៩៩៣ និងឆ្នាំ២០០០ថា ខ្លួននឹងមិនបញ្ជូនកងទ័ព ឬអ្នកគ្រប់គ្រងថ្មីទៅតាំងមូលដ្ឋាននៅតៃវ៉ាន់ឡើយ នៅពេលចិនសម្រេចបានការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ឡើងវិញ។

បន្ទាត់មួយនៅក្នុងសៀវភៅសដែលចេញនៅឆ្នាំ១៩៩៣នោះ ​គឺបាន​ធានា​ថា ​តៃវ៉ាន់​នឹង​រីករាយ​នឹង​គ្រប់គ្រងបែបស្វ័យភាព ​បន្ទាប់​ពី​ក្លាយ​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​។ បក្សកុម្មុយនិស្តចិន បានស្នើឱ្យតៃវ៉ាន់អាចត្រឡប់ទៅគ្រប់គ្រងរបស់ខ្លួនវិញក្រោមគំរូ«ប្រទេសមួយ ប្រព័ន្ធពីរ» ដែលស្រដៀងទៅនឹងរូបមន្តដែលអតីតអាណានិគមអង់គ្លេសនៃទីក្រុងហុងកុងបានត្រលប់ទៅការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ១៩៩៧។ សៀវភៅទាំងនោះបញ្ជាក់អត្ថន័យថា ចិននឹងផ្តល់ស្វ័យភាពខ្លះដើម្បីគ្រប់គ្រងតៃវ៉ាន់តាមបែបប្រជាធិបតេយ្យ ដើម្បីរក្សាផ្នែកខ្លះនៃប្រព័ន្ធសង្គម និងនយោបាយរបស់ខ្លួន។

ប៉ុន្តែគណបក្សនយោបាយតៃវ៉ាន់សំខាន់ៗទាំងអស់ បានច្រានចោលសំណើរ«ប្រទេសមួយ ប្រព័ន្ធពីរ»នេះ ហើយវាស្ទើរតែគ្មានការគាំទ្រពីប្រជាជនតៃវ៉ាន់ឡើយ នេះបើយោងតាមការស្ទង់មតិ។ រដ្ឋាភិបាល​តៃវ៉ាន់​បាននិយាយ​ថា​មាន​តែ​ប្រជាជន​កោះតៃវ៉ាន់​ទេ ​ដែល​អាច​សម្រេច​អនាគត​របស់​ពួកគេបាន។

ចំណែកបន្ទាត់មួយនៅក្នុងក្រដាសសឆ្នាំ២០០០ គឺបានបញ្ជាក់ថា អ្វីៗអាចចរចាបាន ដរាបណាតៃវ៉ាន់ទទួលស្គាល់ថាមានចិនតែមួយ ហើយមិនស្វែងរកឯករាជ្យនោះ។  នេះគឺការសន្យារបស់ចិន ដែលស្ថិតនៅក្នុងសៀវភៅសកាលពីឆ្នាំ ១៩៩៣ និងឆ្នាំ២០០០ ប៉ុន្តែឃ្លាទាំងអស់នេះ ត្រូវបានដកចេញពីសៀវភៅស ដែលទើបធ្វើបច្ចុប្បន្នភាព និងចេញផ្សាយនៅពេលថ្មីៗនេះ។

តៃវ៉ាន់បានថ្កោលទោសក្រដាសសនេះ ដោយនិយាយថា វាពោរពេញទៅដោយការកុហកនៃការគិតប្រកបដោយការចង់បាន និងមិនយកចិត្តទុកដាក់ចំពោះការពិត ហើយថា សាធារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់តៃវ៉ាន់ គឺជារដ្ឋអធិបតេយ្យមួយ។

តៃវ៉ាន់បញ្ជាក់ទៀតថា មានតែប្រជាជន២៣លាននាក់របស់តៃវ៉ាន់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចចិត្តលើអនាគតរបស់តៃវ៉ាន់ ហើយពួកគេនឹងមិនទទួលយកលទ្ធផលដែលកំណត់ដោយរបបស្វ័យភាពនោះទេ។

តៃវ៉ាន់បានរស់នៅក្រោមការគំរាមកំហែងនៃការឈ្លានពានរបស់ចិនតាំងពីឆ្នាំ១៩៤៩ នៅពេលដែលរដ្ឋាភិបាលសាធារណរដ្ឋចិន បាននាំគ្នារត់បានភៀសខ្លួននៅកោះតៃវ៉ាន់ បន្ទាប់ពីបក្សកុម្មុយនិស្តម៉ៅសេទុងបានឈ្នះសង្គ្រាមស៊ីវិល៕