លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យក្រសួងបរិស្ថាន កំពុងផាត់ពណ៌លើរូបសត្វដំរី ក្នុងកម្មវិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំ កាលពីថ្ងៃទី១១សីហា ឆ្នាំ២០២២៊ រូបភាព៖ ហ្វេសប៊ុកក្រសួងបរិស្ថាន

កម្ពុជាមានសត្វដំរីអាស៊ីពី៤០០ទៅ៦០០ក្បាល ដែលកំពុងរស់នៅតំបន់ព្រៃ ខណៈមន្រ្តីបានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំ គឺកម្ពុជានឹងត្រូវចំណាយថវិកាជាង៤០លានដុល្លារ ដើម្បីអភិរក្សសត្វដំរីនេះឱ្យគង់វង្ស។ នេះបើតាមការចុះផ្សាយពីក្រសួងបរិស្ថាននៅថ្ងៃទី១២សសីហានេះ។

ដំរីអាស៊ី ដែលថតបានពីកាមេរ៉ាបង្កប់នៅក្នុងព្រៃ។ រូបភាព៖រូបភាព៖ ហ្វេសប៊ុកក្រសួងបរិស្ថាន

ក្រសួងបានលើកឡើងថា ផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សរយៈពេល១០ឆ្នាំនោះ គឺអនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់បញ្ហាអាទិភាពចំនួន៧ចំណុច ដូចជាកាត់បន្ថយការបាត់បង់ទីជម្រក ការអភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ការពង្រឹងការអនុវត្តច្បាប់ ការបង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ការបន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវនិងតាមដានត្រួតពិនិត្យចំនួនដំរីអាស៊ី។

ក្រសួងបរិស្ថានបន្តថា តាមរយៈផែនការសកម្មភាពនេះ ក្រសួងបរិស្ថាននិងអង្គការដៃគូ បានរកឃើញថាដំរីចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់មួយចំនួនឡើងវិញ ដូចជានៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាដើម។

ក្រសួងបញ្ជាក់ដូច្នេះថា៖«យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា»។

លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ដំរីអាស៊ីនៅកម្ពុជា គឺភាគច្រើនរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាបឬតំបន់ព្រៃឡង់ តំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី រតនគិរី តំបន់ជីវៈចម្រុះសម្បូរបែបប្រព័ន្ធអេកូឡូស៊ី និងតំបន់មានទីជម្រាលអំណោយផលសម្រាប់ការរស់នៅរបស់សត្វដំរីផ្សេងទៀត ខណៈដំរីស្រុក គឺមានត្រឹមជាង៧០ក្បាល។

លោកបន្តថា ដំរីអាស៊ីកំពុងរងការគំរាមកំហែងនៅលើសកលលោកដោយសារតែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្ស និងសត្វដំរី និងការចាប់យកមកចិញ្ចឹមក្នុងស្រុក ហើយយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញក្នុងរយៈពេល៦០ទៅ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត៩០ភាគរយ។ លោកបញ្ជាក់ទៀតថា ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី៣៩៤៦៣ក្បាល ទៅ៤៧៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះមានប្រហែល៧៥ភាគរយរស់នៅក្នុងប្រទេសឥណ្ឌានិងស្រីលង្កា។

ថ្ងៃនេះ ពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជា បានប្រារព្ធទិវាដំរីពិភពលោក១២សីហា ដោយបានតាំងចិត្ត ដើម្បីថែរក្សាអភិរក្សសត្វដំរី និងផ្តល់នូវទីជម្រកសុខសាន្តដោយគ្មានការគំរាមកំហែងពីការបរបាញ់ កាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី៕