លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC(ឆ្វេង) និងលោក Wong Keet Loong អគ្គនាយក CGCC (ស្តាំ)បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិន ស្រ្តី និងសហគ្រាសខ្នាតតូចនិងមធ្យម (SMEs)។រូបភាព៖ CGCC

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC) ​និង​ក្រុមហ៊ុន ​ក្រេឌីត​ ប្យួរ៉ូ​ ខេមបូឌា ​(CBC)​ នៅ​ថ្ងៃ​ទី១១ ​ខែសីហា ​ឆ្នាំ២០២២​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ ដើម្បី​លើក​ស្ទួយ​បរិយាបន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្រ្តី​និង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ (SMEs)​ តាម​រយៈ​យន្ត​ការ​គាំទ្រ​នៃ​គម្រោង​ធានា​ឥណទាន​របស់ ​CGCC​។​នេះបើ​តាម​សេចក្តីប្រកាសព័ត៌មាន​។​

តាម​រយៈ​អនុស្សរណៈ​នេះ​ក៏នឹង​អនុវត្តលើ​ការវិភាគទិន្នន័យក្នុងការសម្រេចចិត្តលើការផ្តល់ឥណទានពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទូទាំងប្រទេសកម្ពជា ព្រមទាំង កិច្ចសហប្រតិបត្តិការរវាង CBC និង CGCC នឹងពង្រីកលទ្ធភាពទទួលបានឥណទាន ដោយផ្តល់នូវការវាយតម្លៃកម្ចី កាន់តែប្រកបដោយតម្លាភាព ដល់សហគ្រិនស្ត្រី និង SMEs។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC ។រូបភាព៖ CGCC

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC បាន​ឱ្យដឹងថា កិច្ចសហការនេះគឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី និងម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជា ការធានានូវវិធីសាស្រ្តប្រកបដោយតម្លាភាព ទំនុកចិត្ត និងការបញ្ចូលទិន្នន័យសម្រាប់បង្កើតនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ពួកគាត់។

លោក សុធារ័ត្ន ថ្លែងដូច្នេះថា៖« កិច្ចសហការរវាង CBC និង CGCC នឹងអាចពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់យើង និងសម្រួលដល់តម្រូវការនៃការគាំទ្របន្ថែមជាច្រើនដល់ SMEs»។

លោក Wong Keet Loong អគ្គនាយក CGCC។ រូបភាព៖ CGCC

លោក Wong Keet Loong អគ្គនាយក CGCC ថ្លែងថា​ ជាមួយនឹងអនុស្សរណៈនៃការយោគយល់នេះ CGCC នឹងអាចបង្កើតទម្រង់ឥណទាននៃកម្ចីដែលមានការធានាដោយប្រើ ពិន្ទុ ខេ ស្ករ (K-Score) របស់ CBC ជាឯកសារយោងសម្រាប់ការវាយតម្លៃឥណទានរបស់អ្នកខ្ចីដែលមានការធានារបស់យើង។

លោក​ថ្លែងទៀតថា៖«នៅពេលដែលគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) រាយការណ៍ពីការផ្តល់កម្ចីដែលមានការធានានៅក្នុងរបាយការណ៍ប្រចាំខែរបស់ពួកគេទៅកាន់ CBC ទិន្នន័យនេះនឹងមានប្រយោជន៍ក្នុងការចាប់យកទម្រង់របស់អ្នកខ្ចីដែលជា SMEs នៅកម្ពុជា ដែលទទួលបានកម្ចីមានការធានា។ វានេះនឹងជួយសម្រួលបន្ថែមទៀតដល់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ SMEs»។

CGCC និង CBC នឹងសហការគ្នាដើម្បីឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រើប្រាស់ប្រព័ន្ធឌីជីថល ការរាយការណ៍កម្រិតខ្ពស់ និងឧបករណ៍វិភាគទិន្នន័យពី CBC ដើម្បីធ្វើការវាយតម្លៃអំពីហានិភ័យជាក់លាក់របស់អ្នកខ្ចី និងតាមដានអំពីការប្រើប្រាស់កម្ចីរបស់ពួកគេ ផងដែរ។

CGCC និង CBC ប្តេជ្ញាសហការគ្នាកសាងនូវសកម្មភាពបង្កើនការយល់ដឹង និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

 បច្ចុប្បន្ន CBC ស៊ីប៊ីស៊ីបានបម្រើទៅដល់សមាជិក ១៨០ស្ថាប័ន ជាមួយនឹងប្រវត្តិឥណទានរបស់អ្នកខ្ចីជាង៧លាននាក់។

គិតត្រឹមថ្ងៃចុងខែកក្កដា ឆ្នាំ២០២២នេះ CGCC បានផ្តល់ការធានាឥណទាន ដល់ក្រុមហ៊ុននិង​អាជីវកម្មសរុប ៥៩១ ក្នុងទំហំទឹកប្រាក់ប្រហែល ៥៧,៤លានដុល្លារអាមេរិក។ ក្នុងនោះ ៩៦% នៃចំនួនក្រុមហ៊ុន/អាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SMEs)៕