ទាហាន​ម្នាក់​ដែល​មាន​ទង់ជាតិ​រុស្ស៊ី​លើ​ឯកសណ្ឋាន​ឈរ​យាម​ក្បែរ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ខាង​ក្រៅ​ទីក្រុង Enerhodar ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ក្នុង​តំបន់ Zaporizhzhia ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមាននៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ស្ថានភាពនៅជុំវិញរោងចក្រនុយក្លេអ៊ែរដ៏ធំមួយនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន អាចនាំឱ្យមានផលវិបាកដ៏មហន្តរាយ និងបានអំពាវនាវឱ្យមានការបញ្ឈប់ប្រយុទ្ធគ្នាដោយយោធា នៅក្បែររោងចក្រនេះ។

លោក អង់តូនីញ៉ូ ហ្គតទែរេស (Antonio Guterres) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«គួរឱ្យសោកស្តាយ ដែលមិនមានការថយចុះនៃការប្រយុទ្ធគ្នា ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានរបាយការណ៍អំពីឧប្បត្តិហេតុដែលគួរឱ្យព្រួយបារម្ភខ្លាំងបន្ថែមទៀត ហើយប្រសិនបើការប្រយុទ្ធគ្នានៅតែបន្តកើតមាន នោះនឹងអាចនាំទៅរកគ្រោះមហន្តរាយ»។

កងទ័ពប្រទេសរុស្ស៊ីបានចូលកាន់កាប់រោងចក្រនុយក្លេអ៊ែរZaporizhia នៅដើមខែមីនា និងបានបញ្ឈរជើងកងទ័ពនៅរោងចក្រនេះ និងបានបញ្ជាឱ្យបុគ្គលិកអ៊ុយក្រែន បន្តដំណើររោងចក្រ។

ការព្រួយបារម្ភពីប្រមុខអង្គការសហប្រជាជាតិនេះ ខណៈកងទ័ពអ៊ុយក្រែននិងរុស្ស៊ី បានស្ដីបន្ទោសគ្នាទៅវិញទៅមក អំពីការបាញ់ផ្លោងដាក់គ្នានៅជុំវិញរោងចក្រនុយក្លេអ៊ែរនេះ ដែលបានកើតឡើងតាំងពីថ្ងៃសុក្រទី៦សីហាសប្ដាហ៍មុន ហើយនិងការបាញ់ផ្លោងនៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ក្រុមជំនាញ​មួយ​ របស់​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ព្យាយាម​តាំង​ពី​ខែ​មិថុនា​ដើម្បី​បញ្ជូន​បេសកកម្ម​បច្ចេកទេស​ទៅ​ពិនិត្យ​រោងចក្រ Zaporizhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប៕