លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី(ស្តាំ) និង​លោក Yuichi Nishimura ជាអ្នកគ្រប់គ្រងនាយកប្រតិបត្តិ និងជាសហប្រធាននៃផ្នែកអាស៊ីប៉ាស៊ីហ្វិក(ឆ្វេង)ផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍​ក្នុង​ឱកាស​អបអរខួប​១០ឆ្នាំ។រូបភាព៖​ ធនាគារ អេស៊ីលីដា​

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ ធនាគារជប៉ុន SMBC បានប្រារព្ធអបអរ​ខួប​១០​ឆ្នាំ​ក្នុងភាព​ជាដៃគូយុទ្ធសាស្រ្ត​ ​នៅ​ថ្ងៃទី១២ សីហា ឆ្នាំ​២០២២​។ SMBC បាន​កាន់កាប់​ភាគហ៊ុន​របស់ធនាគារ ​អេស៊ីលីដាជាង ១៨% នាពេលបច្ចុប្បន្ននេះ​។​

លោកបណ្ឌិត អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​ អេស៊ីលីដា​ ភីអិលស៊ី ប្រាប់ក្រុម​អ្នកសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះថា អេស៊ីលីដា និង SMBC បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេវា​កម្ម​ប្រឹក្សា​យោបល់​ក្នុងខែកញ្ញា ឆ្នាំ២០១៣។

លោកបណ្ឌិត អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​ អេស៊ីលីដា​ ភីអិលស៊ី ផ្តលបទសម្ភាសន៍​ដល់​ក្រុមអ្នកសារព័ត៌មាន​ ក្រោយពី​ជំនួបជាមួយតំណាង​ធនាគារ SMBC។ រូបភាព៖ ធូវិរៈ

លោក​បណ្ឌិត​បន្តថា ក្រោមកិច្ចព្រមព្រៀង​ផ្នែក​សាជីវកម្ម​អន្តរជាតិ​ ត្រូវ​បានបង្កើតឡើងនៅក្នុងការិយាល័យ​កណ្តាលនៅ​ធនាគារ អេស៊ីលីដា ដើម្បី​ជួយនិង​គាំទ្រ​ដល់​ធនាគារ អេស៊ីលីដា ក្នុង​ការពង្រីក​ផលិតផល និង​សេវាកម្ម​របស់​ធនាគារ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អតិថិជន​អន្តរជាតិ ជាពិសេស​ តម្រូវការ​របស់​អតិថិជន​សាជីវកម្ម​ជប៉ុន។

​លោកបណ្ឌិត​ថ្លែងបន្តថា បន្ទាប់ពីចុះ​អនុស្សរណៈយោគយល់គ្នា​ SMBC ចូល​ភាគ​ហ៊ុនជាមួយ​អេស៊ីលីដា ដោយកាន់កាប់ភាគហ៊ុន ១២,២៥% នៅក្នុងខែសីហា ​ឆ្នាំ​២០១៤ ហើយ នៅ​​​​ក្នុងខែសីហា ​ឆ្នាំ២០១៥ ភាគ​ហ៊ុនរបស់​ SMBC បាន​​កើនឡើង​ពី ១២,២៥% ដល់​ ១៨,២៥% រហូត​ដល់សព្វ​ថ្ងៃនេះ​។​នេះគឺជា​ផល​សម្រេច​​ធ្វើ​បានរួមគ្នា​ក្នុងភាពជាដៃគូ​យុទ្ធសាស្រ្ត​ក្នុង​រយៈពេល​១ទសវត្សរ៍កន្លងមក​។​

លោក​ថ្លែដូច្នេះថា៖«ត្រង់​ចំណុចការិយាល័យសាជីវកម្ម​អន្តរជាតិ​ សម្រាប់បម្រើអតិថិជន​ខ្នាតសាជីវកម្មនេះ ខ្ញុំចង់​ចាំបានថា នៅពេល​យើង​ចុះ​អនុស្សរណៈ​យោគយល់គ្នា​ យើង​មានអតិថិជនតែ​៩ពាន់អតិថិជន​​ ក្នុងសាជីវកម្ម​ដែល​មានទឹកប្រាក់​ប្រហែល ​៤០០លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ​​ ប៉ុន្តែរហូត​​មកដល់សព្វ​ថ្ងៃនេះ ចំនួនអតិថិជន​បានដល់​ ២១ពាន់អតិថិជន​ជាមួយនឹង​​ទឹកប្រាក់២ពាន់ដុល្លារ​អាមេរិក​។នេះគឺជា​ផល​សម្រេច​ដ៏មានសារសំខាន់​ ដូច្នេះ​ យើង​បានជួបជុំគ្នា​នៅ​ថ្ងៃនេះ ដើម្បី​អបអរសាទរ​នូវ​ផលដែល​យើង​ធ្វើ​បាន​រួមគ្នា​»។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ ធនាគារជប៉ុន SMBC បានប្រារព្ធអបអរ​ខួប​១០​ឆ្នាំ​ក្នុងភាព​ជាដៃគូយុទ្ធសាស្រ្ត​ ​នៅ​ថ្ងៃទី១២ សីហា ឆ្នាំ​២០២២​។ SMBC បាន​កាន់កាប់​ភាគហ៊ុន​របស់ធនាគារ ​អេស៊ីលីដាជាង ១៨% នាពេលបច្ចុប្បន្ននេះ​។​រូបភាព៖ ធនាគារ អេស៊ីលីដា

អេស៊ីលីដា និង SMBC ប្តេជ្ញា​បន្ត​ពង្រឹងសហប្រតិបត្តិការ​ក្នុង​ភាពជាដៃគូជិតស្និត ​ដើម្បី​បង្កើន​ដៃគូយុទ្ធសាស្រ្ត​បន្ថែម​​មួយកម្រិត​ទៀត​ដែល​ភាគីទាំង២នឹង​ពង្រឹង​លើ​ផែ្នក​ធនធានមនុស្ស បរិស្ថានសង្គម​ និង​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល​របស់ធនាគារ អេស៊ីលីដា។

លោក​បណ្ឌិតថែ្លងថា៖«​យើង​នឹង​ផ្តោត​លើចំណុចធំៗ​ពាក់ព័ន្ធនឹង​រតនាភិបាល​ទាក់ទងនឹងមូលនិធិ​សម្រាប់ផ្គត់ផ្គង់​ការ​រីកលូតលាស់​របស់​យើង​។ យើង​នឹងពិនិត្យមើល​ថែមទៀតពាក់ព័ន្ធ​ជាមួយ​ការធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ ហើយ​យើង​នឹង​ពិនិត្យ​មើល​ឱកាស​ក្នុងការ​ធ្វើ​ហិរញ្ញប្បទានសម្រាប់​​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​យើង​កំពុង​តែគិតគូ​ ដើម្បីពង្រីកបន្ថែម​ទៀត​។ យើង​ធ្វើហើយ​ ប៉ុន្តែ​យើង​ចង់ពង្រីកបន្ថែម​ទៀត»។

លោក​បណ្ឌិត​ បាន​ឱ្យដឹងទៀតថាភាគីទាំង២ក៏នឹង​ពង្រឹង​លើ​ផ្នែក​បរិស្ថាននិងសង្គម​ ​​អភិបាល​កិច្ច​សាជីវកម្ម​​ ដែលនេះគឺជា​រឿង​ថ្មី​សម្រាប់​ធនាគារទាំង២​។

លោក​បណ្ឌិត​បន្ថែមថា៖«យើងនឹង​ចែក​ព័ត៌មាន​អំពីថា​តើយើងធ្វើអ្វី​ខ្លះ​ ដើម្បី​រៀប​ចំការ​ផ្តល់​ឱ្យ​ឥណទាន ការផ្តល់សេវាកម្មធនាគារ និង​ហិរញ្ញវត្ថុ​ដោយរក្សា​បាន​នូវ​បរិស្ថានល្អ និង​​ផ្នែក​សង្គម​ ហើយអភិបាល​កិច្ច​សាជីវកម្មត្រូវ​រៀបចំពង្រឹង​បែបណាទៀត​ដើម្បី​ឱ្យឈានដល់​កម្រិតដែល​យើង​ចង់បាន​។ យើងត្រូវ​ឈាន​ទៅមួយកម្រិតទៀត​ ព្រោះនៅក្នុងទីផ្សារ​ធានាគារនិងហិរញ្ញវត្ថុ​មានការប្រកួតប្រជែង​ខ្លាំង​​ ដូច្នេះ​យើង​ត្រូវ​គិតគូរកវិធី​រៀបចំយុទ្ធសាស្រ្ត​ដើម្បី​ឱ្យ​យើង​អាច​រីកចម្រើនជាមួយ​ដៃគូរបស់យើងបន្តទៅមុខទៀត​»។

កាលពី​ខែ​ឧសភា ឆ្នាំ២០២២ អេស៊ីលីដា បានចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​ប្រាក់​កម្ចី​ជាមួយទីភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​ជប៉ុន(JICA) និង​ធនាគារ​ SMBC ដែល​មាន​​ទឹក​​ប្រាក់សរុប ១៣៥លាន​ដុល្លារ​ សម្រាប់​ផ្តល់កម្ចីបន្តដល់​​អ្នកនៅក្នុងវិស័យ​កសិកម្ម​​។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបជាង ៨,១៦ប៊ីលានដុល្លារ សមតុល្យឥណទានសរុប ៥,៧៩ប៊ីលានដុល្លារ និងប្រាក់បញ្ញើសន្សំសរុប ៥,៩០ពាន់លានដុល្លារ និងមានអតិថិជនជាង ៣,៤៤លាននាក់៕