រូបភាព៖ ហ្វេសប៊ុកសិប្បកម្ម MLH

សិប្បកម្ម អឹម អិល អេក ជាសិប្បកម្មមួយដែលផ្តោតសំខាន់លើការកែច្នៃម្សៅរក្សាសុខភាពពីផលិតផលកសិកម្មនៅខេត្តបាត់ដំបង ក្នុងគោលបំណងផ្តល់ផលិតផលបែបធម្មជាតិ និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។

លោកស្រី សេង សំណាង ម្ចាស់សិប្បកម្ម អឹម អិល អេក(MLH) ដែលមានទីតាំងនៅខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១១ សីហានេះថា សិប្បកម្មលោកស្រីបានបើកដំណើរការនៅឆ្នាំ២០២១ ក្នុងគោលបំណងផ្តល់ផលិតផល ជំនួយសុខភាពបែបធម្មជាតិដល់អ្នកប្រើប្រាស់ និងជួយលើកកម្ពស់ជីវភាពកសិករខ្មែរ។

សិប្បកម្ម អឹម អិល អេក កែច្នៃផលិតផលជាច្រើនប្រភេទពីផលិតផលកសិកម្ម ដែលដាំដោយកសិករខ្មែរនៅស្រុកសំឡូត ខេត្តបាត់ដំបង មានដូចជា ម្សៅចេកសុខភាព ម្សៅខ្ញីសុខភាព ម្សៅខ្ជាយសុខភាព ម្សៅពន្លៃសុខភាព ម្សៅរំដេងសុខភាព ម្សៅរមៀតសុខភាព និងស្ក្រាប់ខាត់ស្បែក។

រូបភាព៖ ផ្តល់ឱ្យដោយលោក សេង សំណាង ម្ចាស់សិប្បកម្ម អឹម អិល អេក(MLH)

លោកស្រីឱ្យដឹងថា ផលិតផលទាំងអស់នេះសុទ្ធតែមានអត្ថប្រយោជន៍ល្អសម្រាប់សុខភាព ហើយផលិតផលសំខាន់ជាងគេរបស់សហគ្រាស គឺម្សៅចេក។

លោកស្រីថ្លែងដូច្នេះថា៖«ផលិតផលម្សៅចែក ជាផលិតផលចម្បងរបស់យើងដោយសារមានអតិថិជនគោលដៅច្រើន ដូចថាក្នុងគ្រួសារមួយមានសមាជិក១០នាក់ អាចប្រើបានទាំងអស់ ប្រើបានគ្រប់វ័យ។ វាមានអត្ថប្រយោជន៍សម្រាប់អ្នកមានបញ្ហាក្រពះពោះវៀន អ្នកមានបញ្ហាឈឺក្រពះ ធម្មតាអ្នកឈឺក្រពះហ្នឹងពិបាកគេង ពិបាកបត់ជើង នៅពេលដែលញុំទៅជួយដោះស្រាយបញ្ហាទាំងហ្នឹង»។

លោកស្រីបន្តថា បច្ចុប្បន្នសិប្បកម្មបានប្រមូលទិញផលិតផលកសិកម្មទាំងអស់នេះ ពីប្រជាកសិករចំនួន១៥ គ្រួសារក្នុងខេត្តបាត់ដំបង និងមានបុគ្គលិកចំនួន១៥នាក់ ដែលក្នុងនោះមានបុគ្គលិកស្ត្រីចំនួន៨០ ភាគរយ។

លោកស្រីថ្លែងដូច្នេះថា៖«យើងក៏ជួបឧបសគ្គមួយចំនួនដែរ ដូចជាចង់យកផលិតផលចូលទីផ្សារអីវាពិបាកត្រង់ថា ពេលដែលយើងទិញវត្ថុធាតុដើមមកអត់មានការជំពាក់ប្រាក់សិននោះទេ ប៉ុន្តែការនាំចូលម៉ាត គឺត្រូវមានលក្ខខណ្ឌច្រើនទម្រាំបាននាំចូល ហើយមិនមែនបានដាក់លក់ភ្លាមទូទាត់ប្រាក់ភ្លាមនោះទេ ដល់តែដាច់ខែបានទូទាត់ ហើយពេលខ្លះផលិតផលខ្លះដល់តែជួលអ្នកលក់នៅនោះ»។

រូបភាព៖ ផ្តល់ឱ្យដោយលោក សេង សំណាង ម្ចាស់សិប្បកម្ម អឹម អិល អេក(MLH)

ដោយប្រឈមនឹងបញ្ហានាំចូលទៅលក់នៅតាមម៉ាតទំនើបៗ សិប្បកម្ម អឹម អិល អេក ផ្តោតសំខាន់លើទីផ្សារតាមបណ្តាហ្វេសប៊ុក លក់បន្តទៅឱ្យតំណាងចែកចាយ និងតាមកម្មវិធីតាំងពិព័រណ៍ផ្សេងៗ។

លោកស្រីមានប្រសាសន៍ថា៖«និយាយទៅអតិថិជនចំនួន៨០ ភាគរយដែរ ដែលទិញហើយញុំត្រូវ(មានប្រសិទ្ធភាព) គាត់ទិញហើយ ត្រឡប់មកទិញវិញ។ ផលិតផលនេះប្រើទៅមានប្រសិទ្ធភាពអាចជំនួសការប្រើប្រាស់ថ្នាំពេទ្យបាន ទោះបីអតិថិជនខ្លះគាត់យល់ គឺយើងងាយស្រួលពន្យល់ងាយស្រួលប្រាប់ ប៉ុន្តែអតិថិជនណាមិនយល់ក៏តាមហ្នឹងទៅ តែភាគច្រើនឱ្យតែប្រើប្រាស់ដឹងថា ត្រូវ»។

លោកស្រីបានបញ្ជាក់ថា ផលិតផលសហគ្រាស អឹម អិល អេក មានលក្ខណៈពិសេសខុសប្លែកពីផលិតផលផ្សេង ព្រោះផលិតផលទាំងអស់របស់អឹម អិល អេក មិនប្រើប្រាស់សារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ គឺប្រើប្រាស់បច្ចេកទេសតាមក្បូនធម្មជាតិ។

រូបភាព៖ ផ្តល់ឱ្យដោយលោក សេង សំណាង ម្ចាស់សិប្បកម្ម អឹម អិល អេក(MLH)

សហគ្រាស អឹម អិល អេក មានសមត្ថភាពកែច្នៃផលិតផលបានចំនួន ៥ពាន់កញ្ចប់ក្នុង១ខែ ហើយអាចលក់ចេញបានចំនួន៣ពាន់កញ្ចប់ក្នុង១ខែ។

លោកស្រីសំណាង មានគោលដៅផលិតម្សៅសុខភាពពីផលិតផលកសិកម្មឱ្យបានកាន់តែច្រើនបន្ថែមទៀត និងខិតខំផ្សព្វផ្សាយពីអត្ថប្រយោជន៍របស់វាទៅកាន់ប្រជាពលរដ្ឋឱ្យមានភាពកាន់តែទូលំទូលាយ និងទទួលទានប្រកបដោយសុវត្ថិភាព៕

រូបភាព៖ ផ្តល់ឱ្យដោយលោក សេង សំណាង ម្ចាស់សិប្បកម្ម អឹម អិល អេក(MLH)