អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump លើក​ដៃ ខណៈ​លោក​ចាកចេញ​​ពី​អគារ Trump Tower ដើម្បី​​ធ្វើ​ដំណើរ​ទៅ​ការិយាល័យ​អគ្គរដ្ឋអាជ្ញា​រដ្ឋ New York ក្នុង​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០២២។

វ៉ាស៊ីនតោន — កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បដិសេធ​មិន​ឆ្លើយតប​ចំពោះ​សំណួរ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​រដ្ឋប្បវេណី​ លើ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​គ្រួសារ​លោក។

លោក Trump បាន​ប្រកាន់​ជំហរ​បែប​តតាំង​ប្រឆាំង​នឹង​ការ​ស៊ើប​អង្កេត​ដែល​កំពុង​ធ្វើ​ឡើង​ដោយ​អគ្គរដ្ឋអាជ្ញា​រដ្ឋ New York អ្នកស្រី Letitia James លើ​ករណី​ថា តើ​លោក​មាន​បាន​បំប៉ោង​តម្លៃ​អចលនទ្រព្យ​របស់​លោក​ដូចជា​សណ្ឋាគារ ទីលាន​វាយ​កូនគោល និង​អចលនទ្រព្យ​ដទៃ​ទៀត​ដើម្បី​ទទួល​បាន​កម្ចី​ដែល​មាន​លក្ខខណ្ឌ​ប្រសើរ ហើយ​ស្រប​ពេល​នោះ​ដែរ​បន្ទាប​តម្លៃ​ប៉ាន់ស្មាន​នៃ​អចលនទ្រព្យ​របស់​លោក​ដើម្បី​បាន​ការ​សម្រាល​ពន្ធ​ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​បដិសេធ​មិន​ឆ្លើយតប​ទៅ​នឹង​សំណួរ​នៅ​ក្រោម​សិទ្ធិ​និង​បុព្វសិទ្ធិ​ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ លោក Trump បាន​រិះគន់​អ្នកស្រី James ថា​ជា «រដ្ឋអាជ្ញា​ដែល​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​របស់​ខ្លួន» ដើម្បី​តាម​សងសឹក​លោក។

បន្ទាប់ពី​មេធាវី​ម្នាក់​របស់​អ្នកស្រី​អគ្គរដ្ឋអាជ្ញា James បាន​សួរ​សំណួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មក លោក Trump បាន​បដិសេធ​មិន​ឆ្លើយតប​ចំពោះ​សំណួរ​លើស​ពី ៤០០ និង​បាន​ឆ្លើយ​ម្ដង​ហើយ​ម្ដង​ទៀត​ដដែល​ជា​ដដែល​នូវ «ចម្លើយ​តែ​មួយ» ដោយ​លោក​បាន​ប្រើ​សិទ្ធិ​មិន​ធ្វើ​សក្ខីកម្ម​ប្រឆាំង​នឹង​ខ្លួន​លោក។

អ្នកស្រី James បាន​និយាយ​ថា ការ​ស៊ើប​អង្កេត​របស់​អ្នកស្រី​បាន​រក​ឃើញ​ភ័ស្តុតាង​ច្រើន​គួរសម​ដែល​ថា ក្រុមហ៊ុន​អចលនទ្រព្យ Trump Organization របស់​លោក Trump បាន​បំប៉ោង​តម្លៃ​អចលនទ្រព្យ​នានា។

លោក Trump បាន​បញ្ជាក់​ថា លោក​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការ​បដិសេធ​មិន​ឆ្លើយ​សំណួរ​អំពី​អាជីវកម្ម​របស់​លោក​នោះ​ទេ «ដោយសារតែ​រដ្ឋបាល​បច្ចុប្បន្ន [របស់​លោក​ប្រធានាធិបតី Joe Biden] និង​រដ្ឋអាជ្ញា​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បាត់បង់​ព្រំដែន​សុភាវធម៌​បែប​សីលធម៌​និង​ក្រម​សីលធម៌​ទាំងអស់»៕