អនុរដ្ឋមន្រ្តីអប់រំប្រទេសវៀតណាមលោក ងឿន វ៉ាន់ ហ្វុក បានជួបពិភាក្សាជាមួយក្រុមមន្រ្តីក្រសួងអប់រំកម្ពុជា នៅថ្ងៃទី១០សីហាឆ្នាំ២០២២។ រូបភាព៖ MoEYS

ក្រសួងអប់រំប្រទេសវៀតណាម ចង់បង្កើតឱ្យមានដេប៉ាតេម៉ង់ភាសាវៀតណាមនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញឱ្យបានឆាប់ៗក្នុងឆ្នាំខាងមុននេះ ខណៈមន្រ្តីអប់រំកម្ពុជាលើកឡើងថា ការបង្កើតតេប៉ាតេម៉ង់ភាសាវៀតណាមនេះ គឺជារឿងល្អ សម្រាប់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅក្នុងប្រទេសវៀតណាម។

ប្រទេសវៀតណាមបានស្នើបង្កើតដេប៉ាតេម៉ងភាសារបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៨។ លោកបណ្ឌិត ជេត ជេលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃព្រហស្បតិ៍ទី១១សីហានេះថា ក្នុងរយៈពេលកន្លងមកនេះ ភាគីនៃប្រទេសទាំងពីរ តែងជួបជជែកគ្នាជាហូរហែ ហើយកាលពីថ្ងៃពុធនេះ អនុរដ្ឋមន្រ្តីក្រសួងអប់រំវៀតណាម ចង់ឱ្យការបង្កើតដេប៉ាតេម៉ងភាសាវៀតណាម សម្រេចបាននៅក្នុងឆ្នាំឆាប់ៗនេះ។

លោកបណ្ឌិត ជេត ជេលី បន្តថា មុនឈានទៅដល់ការបង្កើតដេប៉ាតេម៉ងភាសាវៀតណាមឱ្យបានជោគជ័យ គឺបច្ចុប្បន្ន អ្នកជំនាញសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងសហការជាមួយអ្នកជំនាញភាសាវៀតណាមមកពីសាកលវិទ្យាល័យជាតិនៅទីក្រុងហូជីមិញ ដើម្បីពិភាក្សាគ្នាផលិតកម្មវិធីសិក្សា ហើយបន្ទាប់មក ត្រូវរៀបចំឱ្យមានសម្ភារៈ ដូចជាអាគារនិងសៀវភៅសម្រាប់គាំទ្រដល់កម្មវិធីសិក្សា និងរកអ្នកជំនាញភាសាច្បាស់លាស់ដើម្បីអនុវត្តកម្មវិធីសិក្សា។

លោកថ្លែងដូច្នេះថា៖«បន្ទាប់ពីសម្ភារៈ និងបន្ទប់រៀនជាដើមហ្នឹង យើងត្រូវការអ្នកជំនាញ គឺគ្រូបង្រៀន។ ហើយគ្រូបង្រៀនហ្នឹង យើងត្រូវសម្លឹងមើល ថាតើយើងមានប៉ុន្មាន ហើយត្រូវការភាគីដៃគូជួយប៉ុន្មាន។ ព្រោះជំនាញមួយចំនួន យើងត្រូវការគ្រូបរទេស ដូចជាជំនាញវិទ្យាសាស្រ្ដ គឺត្រូវការគ្រូចេះដឹងជ្រៅជ្រះ។ អ៊ីចឹង! ដើម្បីដំណើការបាន យើងត្រូវការកម្មវិធីសិក្សាមួយដែលត្រឹមត្រូវ ដែលល្អ ហើយយើងត្រូវការសម្ភារដើម្បីគាំទ្រដល់កម្មវិធីហ្នឹង ហើយយើងត្រូវការមនុស្សមានសមត្ថភាពដើម្បីអនុវត្តកម្មវិធីសិក្សាហ្នឹង»។

ការលើកឡើងរបស់លោកបណ្ឌិត ជេត ជេលី នេះ បន្ទាប់ពីអនុរដ្ឋមន្រ្តីអប់រំប្រទេសវៀតណាមលោក ងឿន វ៉ាន់ ហ្វុក បានដឹកនាំគណៈប្រតិភូនិងតំណាងសាកលវិទ្យាមកចំនួនមកពីប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី៩ដល់ថ្ងៃទី១២សីហានេះ ដើម្បីចូលរួមពិព័រណ៍អប់រំវៀតណាម និងជួបជជែកពិភាក្សាជាមួយមន្រ្តីអប់រំកម្ពុជាពីបញ្ហានេះ។

កាលពីថ្ងៃទី១០សីហា អនុរដ្ឋមន្រ្តីអប់រំវៀតណាមរូប បានចូលជួបពិភាក្សាជាមួយលោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំឧត្តមសិក្សានៃប្រទេសទាំងពីរ ដែលទាក់ទងនឹងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរ ក៏បានពិភាក្សាលម្អិតពីកាស្នាក់នៅ ហូបចុក និងការជ្រើសរើសនិស្សិតដែលមានសមត្ថភាពទៅតាមជំនាញ និងតម្រូវការការងារនៅក្នុងប្រទេសនាបច្ចុប្បន្ន និងការពិភាក្សាការសិក្សាភាសាវៀតណាម ដល់និស្សិតកម្ពុជា មុននឹងចេញទៅសិក្សានៅប្រទេសវៀតណាម និងនិស្សិតវៀតណាម សិក្សាភាសាខ្មែរមុននឹងចេញមកសិក្សានៅប្រទេសកម្ពុជា ដើម្បីបង្កើននូវគុណភាពបណ្តុះបណ្តាលទៅតាមជំនាញនីមួយៗ។

លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំកម្ពុជា(រូបទី២នៅខាងឆ្វេង) និងលោកបណ្ឌិត ជេត ជេលី (រូបអង្គុយទី២នៅខាងស្ដាំ) ជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីអប់រំវៀតណាម។ រូបភាព៖ MoEYS

លោកបណ្ឌិត ជេត ជេលី បានលើកឡើងទៀតថា ការបង្កើតដេប៉ាតេម៉ង់ភាសាវៀតណាម គឺជារឿងល្អសម្រាប់និស្សិតកម្ពុជា​ ដែលត្រូវទៅរៀននៅវៀតណាម។

លោកថ្លែងដូច្នេះថា៖«បើសួរថារឿងឬមិនល្អ។ ខ្ញុំគិតថា ឱ្យតែចេះជំនាញ ជំនាញអីក៏ល្អដែរ ឱ្យតែយើងចេះ ហើយចំពោះភាសាទៅទៀត វារឹតតែល្អទៅទៀត ភាសាអីក៏ដោយ។ សូម្បីតែភាសាចាប ភាសាសត្វអី បើយើងស្ដាប់បាន វាក៏ល្អដែរ វាមិនមែនរឿងឥតប្រយោជន៍ទេ។ ហើយសាកលវិទ្យាល័យខ្ញុំនេះ ភាសាបរទេសមាន៥-៦ភាសា ហើយភាសាថៃ គឺបានបើកដំណើរមុនវៀតណាមយូរទៅហើយ ហើយជាប្រយោជន៍ដល់ប្អូននិស្សិតច្រើនណាស់ ដែលបានអាហារូបករណ៍ ទៅរៀននៅថៃ។ ភាសាវៀតណាម និងអេស្បាញ់ គឺយើងធ្លាប់មាន ប៉ុន្តែក្រោយមក ក៏លែងមានទៅវិញទៅ។​

លោកបានថ្លែងទៀតថា សូម្បីវិទ្យាស្ថានមួយនៅបារាំង គឺបានបើកបង្រៀនភាសាបរទេសច្រើនណាស់ ហើយក្នុងនោះ មានទាំងភាសាពូនងរបស់ជនជាតិភាគតិចនៅកម្ពុជាដែរ។ លោកលើកឡើងទៀតថា វាមោទកភាព ប្រសិនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាចបង្រៀនកូនខ្មែរឱ្យចេះភាសាវៀតណាមកាន់តែច្រើន រួមទាំងភាសាបរទេសផ្សេងទៀត ក្រៅពីភាសាអង់គ្លេសនិងបារាំង ព្រោះនៅពេលត្រូវការបកប្រែឯកសារជាតម្រូវការ គឺមិនចាំបាច់រត់ទៅពឹងឱ្យគេជួយបកប្រែពីរបីដង ទម្រាំមកដល់ភាសាខ្មែរនោះទេ៕