ទឹកជំនន់នេះបានលិច ផ្លូវលំចំនួន ៦កន្លែង ស្មើនឹង ១,៨៦០ម៉ែត្រ ផ្លូវកៅស៊ូ ១កន្លែង ស្មើនឹង ៣០ម៉ែត្រ ផ្លូវបេតុងចំនួន ១កន្លែង ស្មើនឹង ២០០ម៉ែត្រ។រូបភាព៖ ហ្វេសប៊ុក លោករដ្ឋមន្រ្តីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់គ្នាក្នុង​រយៈ​ពេល​​២សប្តាហ៍​កន្លងមកនេះ​ បាន​បណ្តាល​ឱ្យទឹក​ទន្លេ​ស្រែពក​ជំនន់លិចស្រុក​លំផាត់ទាំង​មូល (មាន៣ឃុំ​ ស្មើនឹង ​១០ភូមិ)​កំពុងប៉ះពាល់​ស្រូវនិង​ដំណាំ​៧៦៥ហិកតា។នេះបើ​តាម​ទំព័រហ្វេសប៊ុកផ្លូវ​ការបស់​លោករដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ​ បានផ្សាយ​នៅថ្ងៃ​ព្រហស្បត្តិ៍នេះ​។​

ទឹកជំនន់​នេះ​ក៏​បាន​ធ្វើ​ឱ្យប៉ះពាល់​ផ្ទះ​សម្បែ​ង​សរុប​ ២៩ខ្នង​ និង​ដំណាំ​កសិកម្ម​ ៧៦៥ហិកតា។ ក្នុងនោះ សន្ទូង ពង្រោះ​ចំនួន ២៤២ហិកតា​ និង​ដីចម្ការ​ និង​ដំណាំ​រួមផ្សំ​ ៤៩៣ហិកតា​។​

ទន្ទឹមនឹងនេះ ទឹកជំនន់នេះ​បាន​លិច ផ្លូវលំចំនួន ៦កន្លែង ស្មើនឹង ១,៨៦០ម៉ែត្រ ផ្លូវកៅស៊ូ ១កន្លែង ស្មើនឹង ៣០ម៉ែត្រ ផ្លូវបេតុងចំនួន ១កន្លែង ស្មើនឹង ២០០ម៉ែត្រ និងលូ ១០កន្លែង ព្រមទាំង​ប៉ះពាល់​ប្រជាពលរដ្ឋ​ ១០៨គ្រួសារ ស្មើនឹង​៤១៨​នាក់​។​

ទំព័រហ្វេសប៊ុកផ្លូវការ​របស់​លោករដ្ឋមន្រ្តី​សរសេរថា៖«ស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ជា បន្តបន្ទាប់ជាប់គ្នាជាប្រចាំអំឡុងសប្ដាហ៍ទី១ និងទី២ នៃខែសីហា ឆ្នាំ២០២២នេះ រួមផ្សំនឹងការបើកបង្ហូរ ទ្វារទឹកទំនប់វារីអគ្គិសនីស្រែពក៤ បានបណ្តាលឱ្យក្នុងភូមិសាស្ត្រស្រុកមួយចំនួន ដែលស្ថិតនៅតំបន់ទំនាប និងតាមបណ្ដោយទន្លេ រងនូវការជន់លិចលង់ ដោយសារទឹកជំនន់ធ្វើឱ្យប៉ះពាល់ លើទ្រព្យសម្បត្តិ ផលដំណាំរបស់ប្រជាពលរដ្ឋ»។

ទឹកជំនន់​នេះ​ក៏​បាន​ធ្វើ​ឱ្យប៉ះពាល់​ផ្ទះ​សម្បែ​ង​សរុប​ ២៩ខ្នង។រូបភាព៖ ​ទំព័រហ្វេសប៊ុកផ្លូវ​ការបស់​លោករដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ​

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងដល់កម្រិតប្រកាសអាសន្នដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។​

លោកអភិបាល​ខេត្ត បន្ថែមថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោក​បន្តទៀតថា៖« [ខ្ញុំ​]សូម​អំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា»។

ប្រជាពលរដ្ឋបានបើកបររថយន្ត​និងម៉ូតូ លើកំណាត់​ផ្លូវដែលជន់លិច​ដោយ​ពីទន្លេស្រែពក។ ​ទំព័រហ្វេសប៊ុកផ្លូវ​ការបស់​លោករដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ​

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា បណ្តាខេត្តតាមដងទន្លេមេគង្គអាចនឹងប្រឈមបញ្ហាទឹកជំនន់នៅរយៈពេល៤ ទៅ៥ថ្ងៃខាងមុខនេះ ដោយសារកម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបពីព្យុះមូលឡេន(MULAN)។

ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៤ ទៅ៥ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដួចជា ខេត្តស្ទឹងត្រែង ទឹកនឹងឡើងដល់កម្រិតកម្ពស់ជិត ៩ម៉ែត្រ។ខេត្តក្រចេះទឹកអាចឡើងដល់ ១៩ម៉ែត្រ និងខេត្តកំពង់ចាមទឹកអាចឡើងដល់កម្ពស់ ១២ម៉ែត្រ៕