ទាភូមិអាំភូមិយើងចិញ្ចឹមបែបធម្មជាតិ មានរសជាតិឈ្ងុយឆ្ងាញ់។ រូបភាព៖ ហ្វេសប៊ុកទាអាំងភូមិយើង

ទិញ​សិទ្ធអាជីវកម្ម (Franchise) ម៉ាកយីហោ ទាអាំងភូមិយើង នឹង​ជួយឱ្យអាជីវកម្ម​រីកចម្រើន ​និ​ងបង្កើត​ទីផ្សារ​សាច់ទា​សម្រាប់​កសិករ​ចិញ្ចឹម​លក្ខណៈគ្រួសារ​មានប្រាក់ចំណូល​សម្រាប់ចិញ្ចឹមគ្រួសារ​ ខណៈ​ ទាអាំងភូមិយើង កំពុងមានសន្ទុះគាំទ្រខ្លាំងពីអតិថិជនទូទៅដោយ​សារ​ទាស្រែចិញ្ចឹមបែបធម្មជាតិ និងមានរូបមន្តលាយគ្រឿងមានរសជាតិឈ្ងុយឆ្ងាញ់។

ទាអាំងភូមិយើង មានទីតាំង​ស្ថិតនៅ​ក្នុង​បុរីពិភពថ្មីឈូកវ៉ា១ ភូមិក្លូផ្អែម សង្កាត់​គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។​

លោក អ៊ីម សុខ ម្ចាស់អាជីវកម្ម ទាអាំងភូមិយើង ប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១០ សីហាថា អាជីវកម្មទាអាំងភូមិយើងបានចាប់ផ្តើមបើកដំណើរការតាំងពី២០១៥ ក្នុងគោលបំណងស្វែងរកទីផ្សារទាស្រែជូនកសិករ បន្ទាប់ពី​លោកសង្កេតឃើញទា​ប្រឈមនឹងបញ្ហាកង្វះ​ទីផ្សារនៅពេល​នោះ​។

លោកថ្លែងដូច្នេះថា៖«យើងជ្រើសរើសយកទាខ្មែរមកធ្វើអាជីវកម្ម ដោយសារយើងចង់ជួយកសិករខ្មែរនៅលើទីផ្សារ។ អំឡុងពេលបរិបទកូវីដ១៩ សាច់ទាគ្មានចរាចរនៅលើទីផ្សារនោះទេ ដោយសារគ្មានតម្រូវការ ការ បុណ្យទាន បិទទាំងអស់ ដូច្នេះ ខ្ញុំសម្រេចចិត្តបើក Franchise ដើម្បីប្រមូលទិញទាពីកសិករឱ្យបានកាន់តែច្រើន»។

ទាអាំងភូមិយើងមានការគាំទ្រច្រើនពីអតិថិជន។ រូបភាព៖ ហ្វេសប៊ុក ទាភូមិយើង

លោកបន្តថា អាជីវកម្មទាអាំងភូមិយើងបានចាប់ផ្តើមលក់សិទ្ធអាជីវកម្ម​​​​​​​ (Franchise)ដំបូងក្នុងឆ្នាំ២០២១ ដោយ​លក់​បាន​ចំនួន ១៣ ហ្វេ្រនឆាយ​ គិត​មក​ដល់ពេល​នេះ​។ សម្រាប់អ្នកទិញ​សិទ្ធអាជីវកម្ម​ពី​ហាង​របស់​លោកនឹង​ទទួល​ការបង្រៀន​ពីរបៀប​ប្រឡាក់សាច់ទា​ឱ្យរសជាតិឈ្ងុយ​ឆ្ងាញ់ និងមានការ​ផ្គត់ផ្គង់ទាស្រែជូន​តាម​តម្រូវ​ការ​។

លោកថ្លែងដូច្នេះថា៖«អ្នកខ្លះគាត់ថា អត់មុខរបរ គាត់ចង់លក់ទាអាំង អ្នកខ្លះគាត់មានទាហើយមិនដឹងថា ប្រឡាក់របៀបមិច ដូច្នេះ យើងបានប្រកាសលក់កញ្ចប់ហ្រ្វេនឆាយ មានសម្ភារ មានគ្រឿង ជូនគាត់ ដោយក្នុង១ឈុតមានតម្លៃ ២៥០០ដុល្លារ។ អ្នកទិញ​ទទួល​បាន​ រទេះ ទូកាប់សាច់ទា និងមានគ្រឿងលាយស្រាប់»។

លោកបន្ថែមថា ទាដែលផ្គត់ផ្គង់សម្រាប់​អាជីវកម្មរបស់លោក ត្រូវបានប្រមូលទិញពីប្រជាកសិករ នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តតាកែវ កំពង់ចាម តាកែវ កំពត និងព្រៃវែង ដោយក្នុង១ថ្ងៃប្រមូលទិញចន្លោះ​ពី២០០ ទៅ ៣០០ក្បាល។

លោកថ្លែងថា៖«ទាយើង គឺទាស្រែ ដែលកសិករចិញ្ចឹមលក្ខណៈគ្រួសារ កសិករចិញ្ចឹមយកពង។ មានន័យថា គាត់ចិញ្ចឹមហើយ គាត់យកស៊ុតលក់ បន្ទាប់ពីយកស៊ុតលក់រួចហើយ គាត់ចាប់ផ្តើមចាប់លក់ហើយ ដូច្នេះយើងទទួលទិញទាហ្នឹងហើយ យើងទិញប្រភេទទាពងហើយ​ ទាមេ ដោយសារទាមេសាច់ធម្មជាតិល្អ សាច់សុទ្ធ ហើយវាអត់ស្វិតទេ​»។

​លោកបាន​ដឹងឱ្យថា​ ការធ្វើអាជីវកម្មទាអាំងនេះ ក៏ជួបឧបសគ្គក្នុងការ​ពិបាកប្រកួតប្រជែងតម្លៃទីផ្សារ ព្រោះបច្ចុប្បន្នមានអាជីវករច្រើនដែលលក់ទានាំចូលពីប្រទេសចិន ហើយមានតម្លៃថោកជាងទាស្រែក្នុងស្រុក។

លោកពន្យល់ថា ទានាំចូលពីចិន ដែលកំពុងអាំងលក់នៅលើទៅផ្សារមានតម្លៃ១ ៥០០០ រៀលប៉ុណ្ណោះក្នុង១ក្បាល ដោយសារគេនាំចូលមានតម្លៃថោក ហើយចំណែកទាស្រែវិញមានតម្លៃជាង ២ម៉ឺនរៀល ទើបអាចរក​ប្រាក់​ចំណេញបាន​។

រូបភាព៖ ហ្វេសប៊ុកទាភូមិយើង

លោកមានប្រសាសន៍ដូច្នេះថា៖«ទៀតសោតគ្រឿងផ្សំគាត់​ អត់ផ្សំច្រើនដូចយើងនោះទេ យើងផ្សំ៧​ទៅ៨មុខ ដូច្នេះ កាលណា ផ្សំកាន់តែច្រើនចំណាយកាន់តែខ្ពស់ បើពួកគាត់អត់ចឹងទេផ្សំតែធម្មតាទៅគាត់ចាប់ផ្តើមលក់បាន ហើយប្រភពការចំណាយ និងវត្ថុធាតុដើមអស់តិច។ ទិញទាចូលថោក គាត់លក់រៀងធូរថ្លៃជាងយើង ដូច្នេះបញ្ហាប្រឈម គឺបញ្ហាតម្លៃនេះ»។

ទោះបីជា មានបញ្ហាប្រឈមមួយចំនួនក៏ដោយ អាជីវកម្មទាអាំងភូមិយើង នៅតែ​មានអតិថិជនគាំទ្រច្រើន​ ព្រោះអាជីវកម្មនេះបានផ្តើមសំខាន់ពីការគិតគូរសុខភាពអ្នកបរិភោគ ក៏ដូចជា ទាមានប្រភពច្បាស់លាស់ ចិញ្ចឹមបែបធម្មជាតិ ហើយកាន់តែពិសេសនោះ គ្រឿងផ្សំ​មានរសជាតិឈ្ងុញឆ្ងាញ់។

ទាអាំងភូមិយើង មាន៣រសជាតិ គឺ​ទាអាំងស្លឹកថ្នឹង ទាអាំងទឹកឃ្មុំ និងទាអាំងអំបិលម្ទេស។ រសជាតិដែលមានការគាំទ្រជាងគេ គឺរសជាតិអំបិលម្ទេស។

ទៅថ្ងៃអនាគត លោក អ៊ីម សុខ នឹងពង្រឹកហ្វ្រេនឆាយឱ្យបាន១០០ សាខា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត ដើម្បីបង្កើន​ការ​ប្រមូលទិញទាពីកសិករឱ្យបានចន្លោះពី ២ពាន់ទៅ ៥ពាន់ទាក្នុង១ថ្ងៃ៕

រូបភាព៖ ហ្វេសប៊ុកទាភូមិយើង