ទិវាពិភពលោក EV តែងប្រារព្ធនៅថ្ងៃទី៩ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ យុទ្ធនាការពិសេសនេះនឹងត្រូវបានរៀបចំឡើងទូទាំងពិភពលោកដើម្បីអបអរសាទរ E-Mobility។ រូបភាព៖ពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្រុមហ៊ុន Station និងក្រុមហ៊ុន Voltra កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានរួមគ្នាបង្កើតព្រឹតិ្តការណ៍ «Green Mobility» ដែលបាន​ធ្វើឡើងនៅអគារស្ថាបនា ដើម្បីផ្សព្វផ្សាយយុទ្ធនាការបៃតង និងការអបអរសាទរទិវា EV ពិភពលោក។ នេះបើ​តាម​សេចក្តីប្រកាសព័ត៌មាន​រួមបាន​ផ្សាយនៅ​ថ្ងៃអង្គារ៍​។

ស្ថាប័នទាំងបួននេះ​ បានរៀបចំក្បួនជិះម៉ូតូអគ្គិសនី​ចេញ​ពីភ្នំពេញ ឆ្ពោះ​ទៅ​ខេត្តសៀមរាប ដែល​មានចម្ងាយ​ ៣៣៥ គីឡូម៉ែត្រ និង​បាន​ចេញដំណើរ​នៅ​ថ្ងៃទី៨ និងទី៩ ខែសីហា ឆ្នាំ២០២២ ដើម្បីបង្ហាញពីសារៈសំខាន់នៃការធ្វើដំណើរប្រកបដោយនិរន្តរភាព និងលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់ម៉ូតូអគ្គិសនី ដើម្បីចាប់ផ្តើមអនុវត្តកាត់បន្ថយការបំពុលបរិស្ថាន។

ក្បួនម៉ូតូបានចាប់ផ្តើមចេញដំណើរពីអគារស្ថាបនា ដោយឆ្លងកាត់ទីតាំងសំខាន់ៗមួយចំនួនដូចជា វិមានឯករាជ្យ និងរមណីយដ្ឋានវត្តភ្នំ មុនពេលឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងបន្តទៅកាន់ខេត្តសៀមរាប។

លោក Yann Vaudin នាយកប្រតិបត្តិក្រុមហ៊ុន Voltra ថ្លែងថា​៖ «យើងរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់ការប្រើប្រាស់ម៉ូតូអគ្គិសនីដល់ប្រជាពលរដ្ឋកម្ពុជា និងកាត់បន្ថយការបំពុលពីការដឹកជញ្ជូន។ ទន្ទឹមនឹងនេះផងដែរ យើងក៏ចង់បង្ហាញថាម៉ូតូអគ្គិសនីមានគុណភាពខ្ពស់ដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាព ដែលអាចប្រើប្រាស់សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។ នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ម៉ូតូអគ្គិសនីមានតម្លៃថោកជាងម៉ូតូប្រើប្រាស់ប្រេងសាំងរហូតទៅដល់១០ដង»។

នៅកម្ពុជា​ម៉ូតូគឺជាយានជំនិះដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ដូច្នេះហើយ យុទ្ធនាការបៃតង គឺជាសកម្មភាពមួយដ៏សំខាន់ក្នុងការបង្កើនការយល់ដឹងទាក់ទងនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថាននៃ​ការប្រើប្រាស់​ម៉ូតូអគ្គិសនី។

លោក Jean Pierre Gagnon  អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា ថ្លែងថា ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកម្ពុជា និរន្តរភាព និងបរិស្ថាន សង្គម និងអភិបាលកិច្ចសាជីវកម្ម (ESG) គឺពិតជាមានសារៈសំខាន់ណាស់។

លោក Jean ថ្លែងដូច្នេះថា៖«យើងជឿជាក់ថា ការគាំទ្រយុទ្ធនាការបៃតង និងម៉ូតូអគ្គិសនីនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា។ ក្នុងនោះផងដែរ ព្រឹត្តិការណ៍មួយនេះនឹងផ្តល់នូវចំណេះដឹង និងលើកកម្ពស់ក្នុងការប្រើប្រាស់ម៉ូតូអគ្គិសនីដែលមានគុណភាពល្អដូចទៅនឹងម៉ូតូប្រើប្រាស់ប្រេងសាំង»។

ទិវាពិភពលោក EV តែងប្រារព្ធនៅថ្ងៃទី៩ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ យុទ្ធនាការពិសេសនេះនឹងត្រូវបានរៀបចំឡើងទូទាំងពិភពលោកដើម្បីអបអរសាទរ E-Mobility។

លោក Justin D. Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ថ្លែងដែរថា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលបានដំណើរការរយៈពេល១០ឆ្នាំ និងជាសមាជិកដ៏យូរលង់នៃសហគមន៍ធុរកិច្ច មេនូឡាយហ្វ៍ ខេមបូឌា ពិតជាមានកិត្តិយសយ៉ាងខ្លាំងក្នុងការផ្តល់នូវការគាំទ្រដល់គំនិតផ្តួចផ្តើមទៅលើយុទ្ធនាការបៃតងនៅកម្ពុជាតាមរយៈព្រឹត្តិការណ៍មួយនេះ។

លោក Justin បន្តថា៖«នេះគឺជាវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត ដែលយើងកំពុងផ្តោតលើការពន្លឿនអនាគតប្រកបដោយនិរន្តរភាព សម្រាប់សហគមន៍ដែលជាផ្នែកមួយនៃការទំនួលខុសត្រូវសង្គមរបស់យើងផងដែរ»។

លោក Frederic PROULX នាយកប្រតិបត្តិ ក្រុមហ៊ុន Station បានមានប្រសាសន៍ថា៖ «នៅ Station យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលជំរុញដោយថាមពលបៃតង ដែលជាកន្លែងមួយនាំយកមកនូវបច្ចេកវិទ្យាចុងក្រោយបង្អស់មកកម្ពុជា ក៏ដូចជានាំដៃគូសហការ និងសហគមន៍នានាឱ្យកាន់តែជិតស្និទ្ធនឹងគ្នាផងដែរ។ ច្បាស់ណាស់ថា សម្រាប់គំនិតផ្តួចផ្តើមដ៏អស្ចារ្យនេះ ប្រាកដជាមានវត្តមានរបស់ពួកយើង និងក្លាយជាផ្នែកមួយនៃព្រឹតិ្តការណ៍នេះផងដែរ»។

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ដើម្បីអប់រំប្រជាជនអំពីអត្ថប្រយោជន៍នៃយានយន្តអគ្គិសនី។ ដើម្បីគាំទ្រយុទ្ធនាការនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ស្ថាបនា នឹងចាប់ផ្តើមសកម្មភាពជាបន្តបន្ទាប់ ដែលបញ្ចប់ជាមួយនឹងការប្រកាសអ្នកឈ្នះរង្វាន់ ម៉ូតូអគ្គិសនី ចំនួនពីររូបនៅថ្ងៃទី៩ ខែកញ្ញា ដែលជាថ្ងៃប្រារព្ធទិវា EV ពិភពលោកជាផ្លូវការ៕