អភីតប្រធានាធិបតីស្រីលង្កាដែលត្រូវបានពលរដ្ឋធ្វើបាតុកម្មបណ្ដេញចេញពីតំណែង គឺលោក គោតាបាយ៉ា រាជបក្សា ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរមកដល់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ទី១១សីហានេះ ហើយនឹងបន្តស្នាក់បណ្ដោះអាសន្ន។

អតីតមេដឹកនាំរូបនេះ បានរត់ភៀសខ្លួនទៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៤កក្កដា មុនពេលដាក់ពាក្យសុំលាលែងពីតំណែងជាប្រធានាធិបតី បន្ទាប់ពីមានបាតុកម្មពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលចូលទៅកាន់ភូមិគ្រឹះនិងកន្លែងធ្វើការរបស់លោក ដោយសារការខឹងសម្បារនឹងការដឹកនាំប្រទេសឱ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល៧ទស្សវត្សរ៍នេះ។

យោងតាមប្រភពចំនួន២បានបញ្ជាក់ថា អតីតប្រធានាធិបតីស្រីលង្ការូបនេះ នឹងធ្វើដំណើរចាកចេញពីសិង្ហបុរីមកកាន់រាជធានីបាងកកនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែគេមិនទាន់ច្បាស់ថា នឹងមកដល់ម៉ោងប៉ុន្មានឡើយ។ អាជ្ញាធរថៃបានលើកឡើងដែរថា លោក រាជបក្សា គឺគ្មានបំណងស្វែងរកសិទ្ធិជ្រកកោននយោបាយនោះទេ ហើយនឹងអាចស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ។

ចំណែកលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធម្សិលមិញថា វាគឺជាកិច្ចការមនុស្សធម៌ ហើយមានកិច្ចព្រមព្រៀងមួយដើម្បីឱ្យលោក រាជបក្សា ស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែលោក ចាន់អូចា បានបញ្ជាក់ថា អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ គឺលោក រាជបក្សា មិនអាចចូលរួមក្នុងសកម្មភាពនយោបាយឡើយ។

រដ្ឋមន្រ្តីការបរទេសថៃបានលើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នរបស់ស្រីលង្កា គឺបានគាំទ្រឱ្យលោក រាជបក្សា ធ្វើដំណើរមកកាន់ប្រទេសថៃ ហើយបានបន្ថែមថា លិខិតឆ្លងដែនការទូតរបស់អតីតប្រធានាធិបតីរូបនេះ នឹងអាចស្នាក់នៅក្នុងប្រទេសថៃបានចំនួន៩០ថ្ងៃប៉ុណ្ណោះ៕