សហគ្រាសស៊ីអេសអិល ផ្តោតលើអនាម័យ និងសុវត្ថិភាព។ រូបភាព៖ ហ្វេសប៊ុកផេក CSL Enterprise

សហគ្រាស ស៊ីអេសអិល(CSL Enterprise)គឺជាសហគ្រាសកែច្នៃអាហារក្រៀមចេញពីផ្លែឈើ និងគ្រាប់ធុញ្ញជាតិស្រប​តាម​ស្តង់ដារ សុវត្ថិភាពចំណីអាហារ និង​កំពុង​រួមចំណែក​លើកកម្ពស់ជីវភាព​កសិករ​ខ្នាតតូច​នៅទីជនបទ​។

លោក សុង ខេងលាន នាយក​គ្រប់គ្រង​សហគ្រាស CSL ប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១០ សីហានេះថា សហគ្រាសលោកបានចាប់ផ្តើមបើកដំណើរការអាជីវកម្មតាំងពីឆ្នាំ២០១៧ ​ដែលផ្តោតសំខាន់លើអាហារក្រៀម មានដូចជា ចេក ស្វាយ ចន្ទី និងអាហារបំពងមួយចំនួនទៀត ដូចជា ចេកឆាប ដំឡូងឆាប ត្រាវឆាប និងផ្លែឈើមួយចំនួនទៀត។

លោកថ្លែងដូច្នេះថា៖«ផលិតផលកសិកម្មទាំងអស់នេះប្រមូលទិញពីកសិករ តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ កំពង់ធំ កំពង់ចាម និងបាត់ដំបង។ បច្ចុប្បន្នផលិតផលសហគ្រាសយើង កំពុងដាក់លក់នៅតាមផ្សារទំនើបមួយចំនួនដូចជា ផ្សារឡាក់គី ផ្សារអ៊ីអន ផ្សារថៃហួត និងផ្សារបាយ័ន ជាដើម​»។​

លោក សុង ខេងលាន នាយក​គ្រប់គ្រង​សហគ្រាស CSL។ រូបភាព៖ តេឡេក្រាមរបស់លោក សុខ ខេងលាន

លោកបន្តថា ការធ្វើអាជីវកម្មកែច្នៃផលិតផលកសិកម្មនេះ លោកជួបឧបសគ្គមួយចំនួនដូចជា ខ្វះការគាំទ្រពីអតិថិជន និងពិបាកប្រកួតប្រជែងជាមួយផលិតផលនាំចូល។ ទោះជា ជួបឧបសគ្គមួយចំនួនក៏ដោយ លោក ខេងលាន នៅតែខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យស្របតាមស្តង់ដារអនាម័យ និងបាន​ទទួលស្គាល់ពីភាគីពាក់ព័ន្ធ។

លោកថ្លែងដូច្នេះថា៖«លក្ខណៈពិសេសរបស់យើង គឺផលិតកម្មយើងផលិតឡើងតាមស្តង់ដាអនុញ្ញតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយយើងបានទទួលវិញ្ញាបនបត្រ​សុវត្ថិភាពចំណីអាហារ HACCP ដែរ។ យើងផ្តោតសំខាន់បំផុត គឺអនាម័យ ដែលនាំឱ្យអ្នកប្រើប្រាស់មានសុខភាពល្អ ហើយ រោងចក្រខ្ញុំអាចអញើញទៅមើលពេលណាក៏បានដែរ យើងមិនមែនជារោងចក្រមួយដែលលាក់បាំងអ្វីនោះទេ យើងអាចបើកឱ្យអតិថិជនទៅមើល ដើម្បីឱ្យដឹងថា តើការផលិតយើងយ៉ាងម៉េច»។

លោកបន្ថែមថា មូលហេតុដែលលោកធ្វើអាជីវកម្មកែច្នៃផ្លែឈើកៀមនេះឡើង ដោយសារកន្លងមកលោកសង្កេតឃើញថា ការផលិតផលិតផលក្នុងស្រុកមិនសូវបានគិតគូរពីអនាម័យ និងសុខភាពរបស់អ្នកប្រើប្រាស់នោះទេ។

រូបភាព៖ ហ្វេសប៊ុក CSL Enterprise

លោកថ្លែងដូច្នេះថា៖«ការមិនគិតគូរ មិនមែនគាត់មានបំណងនោះទេ ពេលខ្លះក៏គាត់មិនមានបំណងដែរ ដោយសារគាត់ធ្វើតៗគ្នាមក ហើយគេប្រើអ្វី​បាន គាត់ប្រើតាមគេ ដូច្នេះធ្វើឱ្យគាត់អត់មានការយល់ដឹង តើគួររៀបចំរោងចក្របែបម៉េច ដើម្បីឱ្យវាឆ្លើយតបទៅនឹងស្តង់ដារសុវត្ថិភាពចំណីអាហារ ជាពិសេសផលិតកម្មតូចៗ»។

លោកថា ដោយមើលឃើញពីបញ្ហានេះ ទើបសហគ្រាស CSL មានគោលបំណងសំខាន់សម្រាប់​ផ្តល់ជម្រើសអាហារសុវត្ថិភាព ដល់អ្នកប្រើប្រាស់ក្នុងស្រុកខ្មែរ។

លោកមានប្រសាសន៍ថា៖«ពីមុនមកផលិតផលខ្មែរយើងអត់សូវមានការគាំទ្រទេ ដោយ​សារគុណភាព ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ យើងបានធ្វើឱ្យមានគុណភាពល្អប្រសើរច្រើនហើយ ប៉ុន្តែ ខ្មែរយើងនៅខ្វះការផ្សព្វផ្សាយឱ្យអតិថិជនជឿទុកចិត្ត ដែលនៅមាន​ខ្វះច្រើន»។

ទៅថ្ងៃអនាគត ម្ចាស់សហគ្រាសរូបនេះ ចង់ពង្រីកអាជីវកម្មឱ្យកាន់តែធំ ដើម្បីផ្តល់ការងារឱ្យបុគ្គលិកឱ្យបានកាន់តែចំនួនច្រើន និងនាំចេញទៅក្រៅប្រទេស៕