មន្ត្រី​ប៉ូលិស​ត្រូវ​បាន​គេ​មើលឃើញ​នៅ​ខាង​ក្រៅ​លំនៅឋាន​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump នៅ​​ភូមិគ្រឹះ Mar-A-Lago របស់​លោក​នៅ​ក្នុង​រដ្ឋ Florida ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២។

សមាជិក​គណបក្ស​សាធារណរដ្ឋ​បាន​គាំទ្រ​ការពារ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​ទាមទារ​ឱ្យ​មាន​ការ​ពន្យល់​អំពី​ការ​ឆែកឆេរ​របស់​ភ្នាក់ងារ​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) លើ​ភូមិគ្រឹះ Mar-A-Lago របស់​លោក​នៅ​ក្នុង​រដ្ឋ Florida។ នៅ​ក្នុង​ការ​ឆែកឆេរ​នោះ ភ្នាក់ងារ FBI បាន​ស្វែងរក​ឯកសារ​សម្ងាត់​ដែល​លោក Trump បាន​យក​ចេញ​ពី​សេតវិមាន​នៅ​ពេល​ដែល​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​បាន​បញ្ចប់​កាលពី​ខែ​មករា ឆ្នាំ ២០២១។

លោក Kevin McCarthy មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋសភា បាន​សន្យា​ថា​នឹង​បើក​ការ​ស៊ើប​អង្កេត ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​អាច​ដណ្ដើម​ត្រួតត្រា​រដ្ឋសភា​វិញ​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ចុង​ឆ្នាំ​នេះ។

លោក McCarthy បាន​បញ្ជាក់​តាម Twitter ថា៖ «ខ្ញុំ​បាន​ឃើញ​គ្រប់គ្រាន់​ហើយ។ ក្រសួង​យុត្តិធម៌​បាន​ឈាន​ដល់​ដំណាក់កាល​ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន​នៃ​ការ​យក​នយោបាយ​ធ្វើ​ជា​អាវុធ។ នៅ​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​ដណ្ដើម​ត្រួតត្រា​រដ្ឋសភា​បាន​វិញ យើង​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​បន្ទាន់​លើ​ក្រសួង​យុត្តិធម៌ ស្វែង​យល់​ការពិត និង​ព្យាយាម​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​រឿង​នេះ»។

លោក McCarthy បាន​ព្រមាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Merrick Garland ឱ្យ «រក្សា​ទុក​ឯកសារ​របស់​ខ្លួន​និង​ត្រៀម​ខ្លួន» ដើម្បី​ផ្ដល់​សក្ខីកម្ម​ចំពោះ​ការ​ស៊ើប​អង្កេត។

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ក្ដី​បារម្ភ​ខ្លាំងក្លា​ដូច​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ដែរ​ទាក់ទិន​នឹង​ការ​ឆែកឆេរ​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​គេហដ្ឋាន​ផ្ទាល់​ខ្លួន​របស់​លោក [អតីត] ប្រធានាធិបតី Trump។ យើង​មិន​ដែល​ឃើញ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​ណា​ត្រូវ​បាន​គេ​ឆ្មក់​ចូល​ឆែកឆេរ​គេហដ្ឋាន​ផ្ទាល់​ខ្លួន​នោះ​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក»។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ផ្សេង​ទៀត​បាន​ហៅ​ការ​ឆែកឆេរ​នេះ​ថា​ជា​ការ​រំលោភ​អំណាច បើ​ទោះបីជា​ការ​ឆែកឆេរ​នេះ​ត្រូវ​បាន​អនុញ្ញាត​ដោយ​តុលាការ​និង​ទំនង​ជា​ត្រូវ​បាន​អនុញ្ញាត​ដោយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​បំផុត​នៃ​ក្រសួង​យុត្តិធម៌​ក៏ដោយ។ គេ​មិន​ដឹង​ច្បាស់​ទេ​ថា​តើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Garland បាន​ផ្ដល់​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ដូច្នេះ​ឬ​ក៏​យ៉ាង​ណា​នោះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ សមាជិក​នានា​របស់​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ចេញ​មតិ​តិចតួច​ប៉ុណ្ណោះ​អំពី​ការ​ឆែកឆេរ​ភូមិគ្រឹះ​របស់​លោក Trump នេះ ហើយ​សេតវិមាន​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី Joe Biden មិន​បាន​ដឹង​ជា​មុន​អំពី​ការ​ឆែកឆេរ​នេះ​ទេ។

ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi បាន​និយាយ​ថា៖ «យើង​ជឿ​លើ​នីតិរដ្ឋ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ប្រទេស​របស់​យើង​ផ្អែក​លើ។ គ្មាន​នរណា​ម្នាក់​អាច​ស្ថិត​នៅ​ពី​លើ​ច្បាប់​បាន​ទេ សូម្បីតែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឬ​ក៏​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏ដោយ»៕