កម្មវិធីពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយ លោក គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប(ឆ្វេង) និងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា(ស្តាំ) នៅក្រសួងអប់រំ យុវជន និងកីឡា។រូបភាព៖ សែលកាត

ក្រុមហ៊ុន ​សែលកាត ​(Cellcard)​ ជាប្រតិបត្តិករ​ទូរសព្ទ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា​និង​ជាបុត្រ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​កិច្ច​សហប្រតិបត្តិការ​ឧបត្ថម្ភ​ជា​យុទ្ធ​សាស្ត្រ​ ជាមួយ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​(MoEYS)​ ដើម្បី​គាំទ្រ​ដល់​កម្ម​វិធី​អប់រំ​ ដែល​មាន​បំណង​លើក​កម្ពស់​ស្តង់ដា​ការ​អប់រំ​ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​សិក្សា ​ពិសេស​យុវជន​កម្ពុជា​។​នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ផ្សាយ​នៅ​ថ្ងៃពុធ​នេះ​។

កម្មវិធី​ពិធីចុះ​ហត្ថ​លេខា​ជាផ្លូវការ​នេះ ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៩​ ខែ​សីហា ​ឆ្នាំ២០២២ ​ ក្រោមការ​ដឹក​នាំ​ដោយ​លោក ​គិត ​ម៉េង ​អគ្គនាយក​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់ គ្រុប ​និង​លោក​ ហង់​ ជួន​ ណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​នៅក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។

អ្នកឧកញ្ញ៉ា គិត ម៉េង អគ្គនាយក​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់ គ្រុប(ឆ្វេង) ​និង​លោក​ ហង់​ ជួន​ ណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា(ស្តាំ)។រូបភាព៖ សែលកាត

តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​ឧបត្ថម្ភ​ជាយុទ្ធសាស្ត្រ ​សែលកាត​ ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​«ដៃគូ​ទូរគមនាគមន៍​ផ្លូវការ» ​សម្រាប់​កម្ម​វិធី​ចំនួន​បី ​ក្រោម​ផ្នែក​មួយ​នៃ​សកម្មភាព​របស់​សែលកាត​ ទាក់​ទង​នឹង​មូលនិធិ​កសាង​សមត្ថភាព ​និង​ការ​ស្រាវជ្រាវ​ និង​ការអភិវឌ្ឍន៍​លើ​វិស័យ​ ទូរគមនាគមន៍ ​និង​បច្ចេក​វិទ្យាគមនាគមន៍ ​និង​ព័ត៌មាន​ ដែល​ហៅកាត់ថា​ មូល​និធិ​ ស.អ.​។

កម្មវិធី​ទាំងនេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ជាពិសេស ​ដើម្បី​ដោះស្រាយ​តម្រូវការ​សម្រាប់​ការ​អប់រំប្រកប​ដោយ​នវានុវត្តន៍ ​ផ្តោត​លើ​ជំនាញ ​និង​រួម​បញ្ចូល​ការអប់រំ​ឌីជីថល ​ក៏ដូចជា ​បណ្តុះ​ចំណាប់​អារម្មណ៍​ផ្នែក​បច្ចេក​វិទ្យាឌីជីថល​ក្នុង​ចំណោម​ស្ត្រី ​ដែល​មាន​ដូច​ជា ​កម្មវិធី​ពង្រឹង​កម្ម​វិធី​អប់រំ​គ្រូបង្រៀន​នៅកម្ពុជា​ ដែលហៅកាត់ថា ​(STEPCam)​ កម្មវិធី​សមមូល​ អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត ​ហៅកាត់ថា ​(BEEP) ​និង​កម្មវិធី​អក្ខរកម្ម​នៅ​រោងចក្រ​ ហៅកាត់ថា​ (FLP)​ ជាដើម​។

លោក ​Simon ​Perkins ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​សែលកាត(ពាក់វែ៉នតា)។រូបភាព៖​សែលកាត

លោក ​Simon ​Perkins ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​សែលកាត ​បានឱ្យដឹងថា​៖«​ពួក​យើង​ពិត​ជាមាន​កិត្តិយស​ខ្លាំង​ណាស់​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ «ដៃគូទូរគមនាគមន៍»​សម្រាប់​កម្មវិធី​ពង្រឹង​កម្មវិធីអប់រំ​គ្រូ​បង្រៀន​នៅ​កម្ពុជា ​(STEPCam) ​កម្ម​វិធី​សមមូល​ អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត ​(BEEP) ​និង​កម្មវិធី​អក្ខរកម្ម​នៅ​រោងចក្រ​ (FLP) ​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថល​ចុង​ក្រោយ​បង្អស់​។

លោក ​Simon ​បន្ថែម​ថា​៖​«ពួក​យើង​ជឿជាក់​លើ​ឥទ្ធិពល​នៃ​ការអប់រំ​ ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព ​និង​សេដ្ឋកិច្ច​។ ​ស្រប​ពេល​ដែល​ពួក​យើង​បោះ​ជំហ៊ាន​ឆ្ពោះ​ទៅ​កាន់​ឌីជីថល​នីយកម្មនៅ​កម្ពុជា ​មូលដ្ឋាន​គ្រឹះ​ផ្នែក​អប់រំដ៏រឹងមាំ ​គឺ​ត្រូវការ​ជាចាំបាច់​ ហើយ​វាក៏​ដើរ​តួយ៉ាង​សំខាន់​​ក្នុង​ការ​ធានា​ឱ្យ​ចក្ខុ​វិស័យ​នេះ​ក្លាយ​ជាការពិត​ផងដែរ​។ ​ពួក​យើង​ទន្ទឹង​រង់ចាំ​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ ​និង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​ ក្រសួង​អប់រំ​ យុវជន ​និងកីឡា ​និង​សែលកាត​ ក្នុង​ការ​ពង្រីក​លទ្ធភាព​ និង​ឥទ្ធិពល​នៃ​កម្ម​វិធី​ទាំង​នេះ​»។

លោក​បណ្ឌិត ​ហង់ ​ជួនណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា។រូបភាព៖​សែលកាត

លោក​បណ្ឌិត ​ហង់ ​ជួនណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បាន​ស្វាគមន៍​ចំពោះ​ភាពជា​ដៃគូ​ថ្មី​ជាមួយ​ក្រុមហ៊ុន​សែលកាត​ ដែល​ជា​សក្ខីភាព​នៃ​ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​ពី​ដៃ​គូ​វិស័យ​ឯក​ជន​ក្នុងការ​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​។

លោក​រដ្ឋ​មន្រ្តី​បន្ត​ថា​ ការ​ពង្រឹង​ជំនាញ​ឌីជីថល​របស់​គ្រូ​បង្រៀន​ បុគ្គលិកអប់រំ ​និង​យុវជន​របស់​យើង​ គឺជា​អាទិភាព​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្សដែល​មាន​ជំនាញ​ក្នុង​សតវត្សរ៍ទី​ ២១ ​ដើម្បី​គាំទ្រ​ដល់​ការផ្លាស់​ប្តូរ​ឌីជីថល​របស់​កម្ពុជា​។

លោក​រដ្ឋមន្រ្តី​ថ្លែង​ដូច្នេះ​ថា​៖​«ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ថ្មី​ជាមួយ​សែល​កាត​នឹង​គាំទ្រ​ដល់​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្រិត​ផ្សេងៗ​នៃ​ប្រព័ន្ធ​អប់រំ ​ដើម្បី​បង្កើត​ប្រព័ន្ធ​រួម​បញ្ចូល​បន្ថែម​ទៀត ​ដែល​ផ្តល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​សម្រាប់​កុមារ ​និង​យុវជន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​»។

កិច្ច​សហប្រតិបត្តិការ​ឧបត្ថម្ភ​ជាយុទ្ធសាស្រ្ត​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​ និង​ការ​ពង្រីក​កម្មវិធីអប់រំ​បី​ រួម​មាន​កម្មវិធី​ BEEP​គឺ​ជាគម្រោងផ្តួចផ្តើមរួមគ្នារវាង​ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីផ្តល់ការអប់រំ​តាមប្រព័ន្ធអនឡាញ​ដែលអាចបត់បែន​បាន សម្រាប់យុវជនក្រៅសាលា ដើម្បីបញ្ចប់ការសិក្សាថ្នាក់ទី៩ ។

កម្មវិធី FLP ដែល​ជាគម្រោងផ្តួចផ្តើមរបស់ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងគាំទ្រដោយដៃ​គូ​អភិវឌ្ឍន៍​ផ្សេងទៀត ដើម្បីបំពាក់បំប៉នកម្មកររោងចក្រកាត់ដេរដែលមានអាយុពី ១៥ឆ្នាំ ដល់ ៤៥ឆ្នាំ ឱ្យទទួលបាន​នូវជំនាញអក្ខរកម្មមូលដ្ឋាន ដោយជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីសិទ្ធិរបស់ខ្លួន។

គម្រោងខាងលើ​នេះ​ក៏មានគោលបំណង​ធ្វើឱ្យប្រសើរឡើងនូវជំនាញនៃការអាន ការសរសេរ និងជំនាញត្រិះរិះពិចារណា ដើម្បីធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងការងារប្រចាំថ្ងៃ និងការអនុវត្តរបស់ពួកគេ។

កម្មវិធី STEPCam ​គឺ​ជាគម្រោងផ្តួចផ្តើមរបស់ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងគាំទ្រដោយដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត ដើម្បីបង្កើនគុណភាព និងសមត្ថភាពគ្រូបង្រៀនកម្រិតបឋមសិក្សា។ គម្រោងនេះ​បានណែនាំ​នូវវិធីសាស្រ្តគរុកោសល្យថ្មី ដោយពាំនាំមកនូវជំនាញអប់រំឌីជីថលទាន់សម័យ ដើម្បីកែលម្អ​ការអប់រំ​នៅថ្នាក់ដំបូង ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គុណភាពអប់រំទាំងមូល និងបន្ស៊ី​វាទៅនឹង​តម្រូវការ​នៃសម័យឌីជីថលបែបថ្មី។

កម្ម​ពិធីចុះហត្ថលេខានេះ គឺជាការអនុវត្តគម្រោងដ៏សំខាន់មួយក្រោមកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) របស់ ​សែលកាត ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងលទ្ធភាព​ប្រើប្រាស់មាតិកាអប់រំសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕