ទាហាន​ម្នាក់​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​​ដោយ​មាន​ទង់ជាតិ​រុស្ស៊ី​ប៉ាក់ពី​លើ​​ឈរ​យាម​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia នៅ​ខាង​ក្រៅ​ទីក្រុង Enerhodar ដែល​រុស្ស៊ី​កាន់កាប់​ក្នុង​តំបន់ Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២។

ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ — នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​ប្រទេស G-7 បាន​ថ្កោលទោស​ការ​ត្រួតត្រា​របស់​ប្រទេស​រុស្ស៊ី​លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhya របស់​ប្រទេស​អ៊ុយក្រែន និង​បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី​ប្រគល់​រោងចក្រ​នោះ​ឱ្យ​អ៊ុយក្រែន​វិញ​ជា​បន្ទាន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា បុគ្គលិក​អ៊ុយក្រែន​ដែល​ជា​អ្នក​ធ្វើ​ប្រតិបត្តិការ​លើ​រោងចក្រ​នោះ «ត្រូវតែ​អាច​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​គ្មាន​ការ​គំរាមកំហែង​ឬ​ក៏​ការ​ដាក់​សម្ពាធ​ណា​មួយ។ ការ​ត្រួតត្រា​ជា​បន្ត​របស់​រុស្ស៊ី​លើ​រោងចក្រ​នេះ​គឺ​ជា​អ្វី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​តំបន់»។

ការ​ថ្កោលទោស​របស់​ក្រុម​ប្រទេស G-7 នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​ថា​បាន​ប្រើ​រ៉ុក្កែត​វាយ​ប្រហារ​លើ​តំបន់​នានា​នៅ​ជិត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នោះ ដោយ​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល ១៣ នាក់​ស្លាប់។

ការ​វាយ​ប្រហារ​កាលពី​យប់​មិញ​នេះ​នៅ​ក្នុង​តំបន់ Dnipropetrovsk នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ុយក្រែន​ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស ១១ នាក់​រង​របួស​ផង​ដែរ ដោយ​ក្នុង​នោះ ៥ នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

កន្លង​មក អ៊ុយក្រែន​និង​រុស្ស៊ី​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទិន​នឹង​ការ​បាញ់​ផ្លោង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ជុំវិញ​រោងចក្រ​នេះ។ កងទ័ព​រុស្ស៊ី​បាន​ដណ្ដើម​កាន់កាប់​រោងចក្រ​នេះ​កាលពី​ថ្ងៃ​ទី ៤ ខែ​មីនា ក្រោយ​ពី​បាន​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន​មក៕