លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើឯកសារផ្ដល់សច្ចាប័ន អនុញ្ញាតឱ្យហ្វាំងឡង់និងស៊ុយអែត ក្លាយជាសមាជិកណាតូ កាលពីថ្ងៃទី៩សីហាឆ្នាំ២០២២នេះ។ រូបភាព៖ Reuters

កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានចុះហត្ថលេខាលើឯកសារផ្តល់សច្ចាប័ន ដើម្បីនាំប្រទេសហ្វាំងឡង់ និងស៊ុយអែត ខិតកាន់តែកៀកក្នុងការក្លាយជាសមាជិករបស់ណាតូ។

លោកបានថ្លែងនៅក្នុងពិធីផ្ដល់សច្ចាប័ននៅក្នុងសេតវិមានថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ] ពូទីន ដែលគិតថា នឹងអាចបំបែកអង្គការយោធាអន្តររដ្ឋាភិបាលណាតូនេះ ប៉ុន្តែសម្ព័ន្ធភាពរបស់អង្គការនេះ នឹងកាន់តែជិតស្និទ្ធជាងពេលណាទាំងអស់ ហើយនឹងរូបរួមគ្នាជាងពេលណាទាំងអស់ និងបន្ទាប់ពីហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិក អង្គការណាតូនឹងរឹងមាំជាងពេលណាទាំងអស់។

កាលពីសប្តាហ៍មុន ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រនូវសំឡេង៩៥ទល់១ ដើម្បីផ្តល់សច្ចាប័នលើច្រកចូលនៃប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្លាយជាសមាជិកនៅក្នុងសម្ព័ន្ធភាពយោធាណាតូដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកនេះ។

នៅក្នុងខែឧសភា ប្រទេសទាំងពីរបានចាប់ផ្តើមដំណើរការជាផ្លូវការនៃការដាក់ពាក្យស្នើសុំក្លាយទៅជាសមាជិករបស់អង្គការណាតូ ក្រោយមានសង្រ្គាមរបស់រុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលនាំឱ្យប្រទេសរុស្ស៊ីប្រឆាំងជំទាស់យ៉ាងខ្លាំង។

ទាំងហ្វាំងឡង់ និងស៊ុយអែតបានបំពេញលក្ខខណ្ឌជាច្រើនក្នុងការក្លាយជាសមាជិកណាតូ។ តម្រូវការមួយចំនួនរួមមាន ការមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យ ឆន្ទៈក្នុងការផ្តល់នូវតម្លាភាពសេដ្ឋកិច្ច និងសមត្ថភាពក្នុងការរួមចំណែកយោធាក្នុងបេសកកម្មរបស់អង្គការណាតូ។ លោកប្រធានាធិបតីអាមេរិកបានបញ្ជាក់ទៀតថា លោកមានទំនុកចិត្តថា ប្រទេសទាំងពីរនឹងបំពេញតាមតម្រូវការទាំងអស់របស់អង្គការណាតូ។

កាលពីដើមឆ្នាំនេះ លោក បៃឌិន បានស្វាគមន៍មេដឹកនាំនៃប្រទេសទាំងពីរទៅកាន់សេតវិមាន ហើយបានសន្យាថា នឹងធ្វើការជាមួយព្រឹទ្ធសភា និងប្រទេសជាសមាជិក២៩ផ្សេងទៀត ដើម្បីបញ្ចូលប្រទេសស៊ុយអែត និងហ្វាំងឡង់ជាសមាជិករបស់ណាតូឱ្យបានឆាប់រហ័ស។ នៅពេលនោះ លោក បៃឌិន ក៏និយាយថា ប្រទេសទាំងពីរ នឹងធ្វើឱ្យអង្គការណាតូកាន់តែរឹងមាំ ហើយថា ការចូលរួមនៃប្រទេសទាំងពីរ គឺជាជ័យ​ជម្នះ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ។

បន្ទាប់ពីការចុះហត្ថលេខារបស់លោក បៃឌិន រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ក្រិក ហុងគ្រី ព័រទុយហ្គាល់ ស្លូវ៉ាគី អេស្ប៉ាញ និងទួរគី នឹងត្រូវការចុះហត្ថលេខាដើម្បីផ្តល់សច្ចាប័នបន្ថែមទៀត។

លោក បៃឌិន ចង់ឱ្យប្រទេសជាសម្ព័ន្ធមិត្តដែលនៅសេសសល់ គួរបញ្ចប់ដំណើរការផ្តល់សច្ចាប័នឱ្យបានលឿនតាមដែលអាចធ្វើបាន ឬត្រឹមចុងខែកញ្ញាខាងមុខនេះ។ កាលពីខែមិថុនា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា មេដឹកនាំនៃប្រទេសជាសមាជិកណាតូ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទទួលស្គាល់ប្រទេសហ្វាំងឡង់ និងស៊ុយអែត បន្ទាប់ពីបានដោះស្រាយកង្វល់ពីប្រទេសទួរគី។

កន្លងមក ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយថា លោកនឹងមិនយល់ព្រមលើការផ្ដល់សច្ចាប័នលើពាក្យសុំនោះទេ ដោយលើកឡើងពីការគាំទ្ររបស់ប្រទេសទាំងពីរចំពោះអង្គការឃឺដ ដែលតួកគីចាត់ទុកថាជាការគំរាមកំហែងផ្នែកសន្តិសុខ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីដ រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វាំងឡង់ ស៊ុយអែត និងតួកគីបានចុះហត្ថលេខាលើអនុស្សរណៈមួយដើម្បីបញ្ជាក់ថាតួកគីនឹងគាំទ្រការស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសទាំងពីរ៕