លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង កាត់​ខ្សែ​បូ​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់មជ្ឈមណ្ឌលនេះ​ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។​រូបភាព៖ ហេ្វសប៊ុក វេង សាខុន

ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌលស្រាវជ្រាវ ​និង​ផលិតពូជ​វារីសត្វ​មេគង្គ​លើ​ខេត្ត​ស្ទឹង​ត្រែង​នៅរសៀល​​ថ្ងៃទី១០ ខែសីហា​ ឆ្នាំ​២០២២​។

មជ្ឈមណ្ឌលនេះ​នឹងដើរតួនាទីផលិត និងផ្សព្វផ្សាយពូជវារីសត្វ ជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម កន្លែងបង្កាត់ពូជ​ ដើម្បី​ឆ្លើយ​តបតាម​តម្រូវ​ការ​។​

កម្មវិធី​សម្ពោធ​នេះ​ក្រោម​អធិបតីភាព​លោក ​វេង ​សាខុន​ រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ និង​លោកស្រី​ Maryam ​Salim ​នាយិកា ​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា ព្រម​ទាំង​លោក ​ស្វាយ ​សំអ៊ាង​ អភិបាល​ខេត្ត​ស្ទឹង​ត្រែង​។​

លោក ​វេង ​សាខុន​ រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។​រូបភាព​៖ ហ្វេសប៊ុក Sakhon Veng

លោក​រដ្ឋមន្រ្តី ​វេង ​សាខុន ​ថ្លែងក្នុង​កម្មវិធីនេះ​ថា ​ការ​កសាង​មជ្ឈ​មណ្ឌល​នេះ ​ស្របពេល​រដ្ឋបាលជល​ផល​ត្រូវ​ការ​ជាចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​នៅ​ភូមិ​ភាគឦសាន​មាន​ខេត្ត​ស្ទឹង​ត្រែង ​ក្រចេះ ​មណ្ឌលគិរី​ រតនគិរី​ និង​ខេត្តព្រះវិហារ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​អភិវឌ្ឍន៍​វារីវប្ប​កម្ម​ឆ្នាំ២០១៦​-២០៣០​ និង​ផែន​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០២២-២០៣០​។

លោក​ថ្លែង​ដូច្នេះ​ថា​៖«ខ្ញុំ​សងឹ្ឃម​ជឿជាក់យ៉ាង​មុត​មាំថា ​មជ្ឈម​ណ្ឌល​នេះ​នឹង​បំពេញ​តួនាទី​ជាសេនា​ធិការ​ផ្សព្វផ្សាយ​បច្ចេក​ទេស​និង​ពូជវារីសត្វ​របស់​រដ្ឋបាលជល​ផល​ថ្នាក់​តំបន់​ក្នុង​ភូមិភាគឦសាន​»។

មជ្ឈមណ្ឌលនេះ​ស្ថិតនៅក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុក សេសាន ខេត្ត​ស្ទឹង​ត្រែង ដែល​​បាន​ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងែទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្ទៃដីសរុប ១០,៤ហិកតា និង​ចំណាយថវិកាសរុប ១ ៧៥០ ២៥២ដុល្លារដែលជាប្រាក់កម្ចី​ពីធនាគារ ពិភពលោកប្រចាំនៅកម្ពុជា។

លោក​ ពុំ សុថា ប្រធានរដ្ឋបាលជលផល។រូបភាព​៖ ហ្វេសប៊ុក Sakhon Veng

លោក​ ពុំ សុថា ប្រធានរដ្ឋបាលជលផល បាន​ឱ្យដឹងថា ក្នុង​ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចទទួលយកប្រាក់កម្ចីពីធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី«ការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ»ដំណាក់កាលទី៣។

លោក​មានប្រសាសន៍ថា៖«ក្នុង​នោះ ​រដ្ឋ​បាលជលផលទទួលអនុវត្តសមាសភាគទី១ ផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វនៅភូមិភាគឦសាន ហើយសមិទ្ធផលដែលដាក់ឱ្យ​ប្រើប្រាស់នៅថ្ងៃនេះគឺជាផ្នែកមួយនៃគម្រោងត្រូវ​បានអនុវត្តនាពេលកន្លងមក»។

ក្នុងស្ថានភាពដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារ ដោយសារសង្គ្រាមរវាង រស្សី-អ៊ុយក្រែន មជ្ឈមណ្ឌលនេះ ប្រាកដជានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ធានាសុវត្ថិភាពស្បៀង តាមរយ:ការចិញ្ចឹមត្រីជាលក្ខណគ្រួសារ និងការធ្វើវារីវប្បកម្មដើម្បីផ្គត់ផ្គង់ឱ្យ​ទីផ្សារក្នុងនិងក្រៅតំបន់។នេះបើ​តាម​លោករដ្ឋមន្រ្តី​។​

លោក វេង សាខុន អះអាងថា មិនត្រឹម​តែប៉ុណ្ណោះ មជ្ឈមណ្ឌលនេះ​នឹងដើរតួនាទីផលិត និងផ្សព្វផ្សាយពូជវារីសត្វ ជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម កន្លែងបង្កាត់ និងអភិរក្សពូជវារីសត្វ ឆ្លើយតបបានទាន់ពេលវេលា និងតម្រូវការជាចាំបាច់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលនៅតំបន់ទន្លេមេគង្គលើឱ្យបានកាន់តែប្រសើរឡើង។

លោកបន្តថា៖«ខ្ញុំក៏​រំពឹងថា នាពេលអនាគតដ៏ខ្លីអនុវិស័យវារីវប្បកម្មនៅតំបន់នេះនឹងមានការអភិវឌ្ឍបានដល់គ្រប់មូលដ្ឋាន និងធ្វើឱ្យ​ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនឹងត្រូវបានលើក កម្ពស់ឱ្យ​កាន់តែល្អប្រសើរជាលំដាប់ និងរក្សា ការពារ និងបង្កើតពូជត្រីកម្រ និងជិតផុតពូជឱ្យ​មានក្នុងអាង បឹង ស្ទឹង និងទន្លេ នៅទូទាំងតំបន់នេះឡើងវិញ»។

មជ្ឈមណ្ឌលមានស្រះសរុបចំនួន ២៤ ក្នុងនោះ ស្រះស្តុកទឹកធំ ១ ស្រះកូនត្រី ១២ ស្រះបំប៉នត្រីសាច់ ៤ ស្រះត្រីមេពូជ ៦ ស្រះចម្រោះទឹកកខ្វក់ និងផ្ទុកកាកសំណល់ ១ និងមានប្រព័ន្ធប្រឡាយបញ្ចេញបញ្ចូលទឺក។

ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ អគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្តុះបណ្តាល ការិយាល័យ បណ្ណាល័យ អាងបង្កាត់-ភ្ញាស់ និងថែបំប៉នកូនត្រីពូជ ៦ អគារស្នាក់នៅមន្ត្រីរាជការ និស្សិត និងកម្មករ ឃ្លាំងស្តុកសម្ភារ ចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និងបណ្តាញអគ្គិសនី ចំណតរថយន្ត របង រោងយាម និងអណ្តូងទឹកស្អាត។

មជ្ឈមណ្ឌលនេះ មានការិយាល័យចំនួន៣ គឺការិយាល័យរដ្ឋបាល ការិយាល័យបច្ចេកទេសវារីវប្បកម្ម និងការិយាល័យស្រាវជ្រាវនិងមន្ទីរពិសោធន៍៕