អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ក្នុងស្រុកស្ទោង រួមគ្នាប្រារព្ធពិធីអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជារយៈពេល ១៦ ឆ្នាំក្នុងសាលប្រជុំសាលាស្រុកស្ទោងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។រូបភាព៖​ផ្តល់​ដោយ អង្គការទស្សនៈពិភពលោក

បេសកកម្ម ​១៦ឆ្នាំ​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​ នៅ​តំបន់​ស្រុក​ស្ទោង ​ខេត្តកំពង់ធំ ​បាន​រួមចំណែក​​អភិវឌ្ឍ​​លើ​ផ្នែក​សុខភាព​ អាហារូបត្ថម្ភ ​ការអប់រំ​ និង​កិច្ច​ការពារ​កុមារ ដោយ​​​ផ្តល់​ផល​ដល់​ប្រជាជន​សរុប​ ៧៥ ០០០ នាក់ ​។នេះបើ​តាម​សេចក្តីប្រកាសព័ត៌មានអង្គការទស្សនៈពិភពលោក។

អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ក្នុងស្រុកស្ទោង រួមគ្នាប្រារព្ធពិធីអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជារយៈពេល ១៦ ឆ្នាំក្នុងសាលប្រជុំសាលាស្រុកស្ទោងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាបាន ចាប់ផ្តើមការងារ និងកិច្ចប្រតិបត្តិការកម្មវិធីអភិវឌ្ឍន៍តំបន់ប្រចាំស្រុកស្ទោង នៅ​ក្នុងឆ្នាំ២០០៦ ហើយ កម្មវិធីអភិវឌ្ឍន៍នេះ​នឹង​បញ្ចប់នៅខែកញ្ញា ខាងមុខនេះ​។

បេសកកម្មរបស់​អង្គការ​ទស្សនៈ​ពិភព​លោក បានជួយ​ឱ្យវិស័យ​សុខាភិបាល​មានភាពរីចម្រើន​ដោយ​ជាង ៩៨%នៃទារកដែលកើតមកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានសម្រាលដោយឆ្មបជំនាញ។រូបភាព៖ ផ្តល់​ដោយ​ អង្គការ​ទស្សនៈ​ពិភព​លោក

ក្នុង​ចំណោមអ្នកទទួល​ផល​​ ៧៥ ០០០ នាក់ ក្នុងនោះ ​រួមមានកុមារ និងកុមារងាយរងគ្រោះសរុបជាង ​២៦ ០០០នាក់ ព្រមទាំង​ កុមារីជាង ១៣ ០០០នាក់។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឲ្យដឹងថា តាមរយៈភាពជាដៃគូជាមួយអាជ្ញាធរមូលដ្ឋាន អង្គការទស្សនៈពិភពលោកបានខិតខំយកចិត្តទុកដាក់ក្នុងស្រុកស្ទោង ពិសេសក្នុងឃុំ៣ រួមមាន ឃុំបន្ទាយស្ទោង ឃុំចំណាលើ និងឃុំទ្រា ដែលមាន២៧ភូមិ ដោយ​មានការរីកចម្រើនច្រើន ពិសេ​ស​លើវិស័យ សុខភាព អាហារូបត្ថម្ភ ការអប់រំ និងកិច្ចការពារកុមារ និងវិស័យផ្សេងៗជាច្រើនទៀត។

លោកបន្តថា៖ «ក្នុងនាមរដ្ឋបាលស្រុក មានសេចក្តី​ រំភើបរីករាយ ក្រៃលែង និងអរគុណដល់អង្គការទស្សនៈពិភពលោក ដែលបានយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទោង »។

លោក នួន ស៊ីណុល មន្រ្ដីការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្ទោង មានប្រសាសន៍ថា ដោយមានការសហការណ៍រវាងអង្គការទស្សនៈពិភពលោក និងរិយាល័យអប់រំស្រុក ក៏ដូចជា សាលារៀនក្នុងតំបន់ស្រុកស្ទោង​ ពិសេស​ សាលាគោលដៅ អង្គការទស្សនៈពិភពលោកបានផ្តល់គ្រឿងបរិក្ខារនានា ក្នុងបណ្ណាល័យ ផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកគ្រូលោកគ្រូ និងសហគមន៍ក្នុងនោះក៏មានការផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាកុមារ ផងដែរ។

លោកបន្តថា៖ «តាមរយៈកិច្ចសហការណ៍ យើងឃើញថាមានការផ្លាស់ប្រែ ជាពិសេសការអានរបស់កុមារមានភាពប្រសើរ ចំណែកសាលារៀនមានភាពស្រស់ស្អាតជាទីមេត្រីសម្រាប់កុមារ និងអនាម័យរបស់សិស្សក៏មានភាពប្រសើរឡើង»។

តាម​រយៈ​កម្មវិធីអភិវឌ្ឍនេះជំរំអំណានចំនួន៣០ត្រូវបានបង្កើតឡើង​ ដែលមានកុមារលើសពី​ ១ ០០០នាក់បាន​ចូលរួម។រូបភាព៖​ផ្តល់​ដោយ​ អង្គការ​ទស្សនៈ​ពិភព​លោក

ទន្ទឹមនឹង​នេះ មានសមិទ្ធិផលសំខាន់ផ្សេងទៀត ដូចជា ជំរំអំណានចំនួន៣០ត្រូវបានបង្កើតឡើង​ ដែលមានកុមារលើសពី​ ១ ០០០នាក់បាន​ចូលរួម។ ព្រមទាំង បណ្ណាល័យចំនួន១៥ ត្រូវបានកែលម្អរ និងជាប់ជាស្តង់ដា និងផ្តល់​ផលប្រយោជន៍​ដល់សិស្សានុសិស្សកម្រិតបឋមសិក្សាជាង ២ ៦០០នាក់។

លោក ថាំ ប៊ុនថា នាយកសាលាបឋមសិក្សាក្អិន លើកឡើងស្រដៀងគ្នាថា៖ «ការគាំទ្រនេះធ្វើអោយមានការរីកចម្រើនខ្លាំង ទាំងផ្នែកបរិស្ថាន​ ទាំងគុណភាព ហើយជាពិសេសធ្វើឱ្យ​សាលារៀនមានការអភិវឌ្ឍយ៉ាងលឿន»។

លើសពីនេះទៅទៀត ក្រុមសន្សំសហគមន៍ចំនួន២២ និងសហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន២​ ត្រូវបានបង្កើតដើម្បីបន្តវេនលើកស្ទួយសុខុមាលភាពកុមារ និងកុមារងាយរងគ្រោះ។

តាមការស្ទង់មតិក្នុងឆ្នាំ២០២១  ៨០%នៃកុមារ និងក្មេងជំទង់ មានអារម្មណ៍ថា មានសុវត្ថិភាព និងទទួលបានការពារពីការរំលោភបំពាន ហើយជាង ៩៨%នៃទារកដែលកើតមកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានសម្រាលដោយឆ្មបជំនាញ និងគ្រប់ ២៧ភូមិគោលដៅបានក្លាយជាភូមិគ្មានការបន្ទោរបង់ពាសវាលពាសកាល និងមានអនាម័យល្អ។

បណ្ណាល័យចំនួន១៥ ត្រូវបានកែលម្អរ និងជាប់ជាស្តង់ដា និងផ្តល់​ផលប្រយោជន៍​ដល់សិស្សានុសិស្សកម្រិតបឋមសិក្សាជាង ២ ៦០០នាក់។រូបភាព៖ ផ្តល់​ដោយ អង្គការទស្សនៈពិភពលោក

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានឱ្យដឹងថា រដ្ឋាបាលខេត្ត​កំពង់ធំ​ និងមន្ទីរការិយាល័យជំនាញដែលពាក់ព័ន្ធទាំងអស់នឹងថែរក្សាសមិទ្ធផល និងទទួលខុសត្រូវបន្តការងារអភិវឌ្ឍពីអង្គការ ដើម្បីសុខុមាលភាពរបស់កុមារ។

លោកមានប្រសាសន៍ថា៖«តាងនាមខ្ញុំតំណាងឱ្យរដ្ឋបាលខេត្តកំពង់ធំពិតជាមានសេចក្តីសោមនស្សជាអនេកសម្រាប់វត្តមានដ៍យូរអង្វែងរបស់អង្គការទស្សនៈពិភពលោកដែលបានជួយអភិវឌ្ឍសហគមន៍ស្រុកស្ទោង យើងខ្ញុំ ជាពិសេសក្នុងឃុំគោលដៅទាំង៣ និងប្រជាជនដែលបានទទួលផលពីគម្រោងគណនេយ្យភាពសង្គម ផងដែរ។ »។

លោក ជេន អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក ថ្លែងថា​ទាំងនេះជាសមិទ្ធផលរបស់យើងទាំងអស់គ្នា សហគមន៍ អាណាព្យាបាល និងអាជ្ងាធរ។

លោកនិយាយថា៖«យើងសប្បាយចិត្តដែលឃើញកុមារ និងកុមារងាយរងគ្រោះ ទទួលបានសុវត្ថិភាព ការសិក្សារបស់កុមារមានការប្រសើរឡើង សុខភាពកុមារទទួលបានការយកចិត្តទុក្ខដាក់ពីគ្រប់អ្នកពាក់ព័ន្ធ។  យើងសង្ឃឹមថាសមិទ្ធិផលនឹងបន្ត និងរក្សា បើទោះបីជាអង្គការទស្សនៈពិភពលោកចាកចេញក៏ដោយ»។

ក្នុងបេសកម្មរួមចំណែកអភិវឌ្ឍស្រុកស្ទោង អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បានចំណាយថវិកាជិត ៦លានដុល្លារអាមេរិក ដែលទទួលបានពីប្រជាជននូវែលហ្សេឡង់ តាមរយៈអង្គការទស្សនៈពិភពលោកអន្តរជាតិអូនូវែលហ្សេឡង់ និងពីគម្រោងសផ្សេងៗទៀត៕