បុរសខ្មែរដំបូងអាចផលិតឈីសទទួលបានជោគជ័យ។ រូបភាព៖ ហ្វេសប៊ុក La Fattoria

បុរស​ជន​ជាតិ​ខ្មែរ​ដំបូង​ បាន​ផលិត​ឈីស​បែប​អ៊ីតាលី​ទទួល​បាន​ជោគ​ជ័យ ​សម្រាប់​ផ្គត់​ផ្គង់​នៅ​បណ្តា​អាហារ​ដ្ឋាន​បែប​អឺរ៉ុប​ និង​ផ្សារទំ​នើប​នានា​ ដើម្បី​កាត់​បន្ថយ​ការ​នាំចូល​ឈីស​ពី​បរទេស​ និង​ចង់​បង្ហាញ​ថា​កូន​ខ្មែរ​ក៏​អាច​ផលិត​អាហារ​បែប​បរទេស​នេះ​បាន​ដូច​នៅ​តំបន់អឺរ៉ុប​ផងដែរ​។

លោក ចាន់ វុទ្ធី ម្ចាស់សិប្បកម្ម ឡា ហ្វាតូរៀ(La Fattoria) ជាសិប្បកម្មផលិតឈីសដំបូងនៅកម្ពុជា ប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៩ សីហាថា ដោយ​មើលឃើញ​ពីសក្តានុពល​ភ្ញៀវទេសចរបរទេស​មកពីតំបន់អឺរ៉ុប​មក​កម្សាន្តនៅ​កម្ពុជា ពិសេស​នៅ​តំបន់រម្មណីយដ្ឋានអង្គរ ខេត្តសៀមរាប​ បាន​ជំរុញ​ឱ្យ​លោក​បើក​ហាង​កែច្នែ​ឈីស​សម្រាប់តម្រូវការ​ទីផ្សារ​ជន​បរទេស​ទាំង​នោះ​។​

លោកថ្លែងដូច្នេះថា៖«ដោយសារកម្ពុជាមានភ្ញៀវបរទេសមកកម្សាន្តច្រើន ជាពិសេសភ្ញៀវបែបអឺរ៉ុប ហើយពួកគាត់សុទ្ធតែជាអ្នកមកពីប្រទេសបរិភោគឈីសប្រភេទនេះ។ខ្ញុំបានតាំងចិត្តផលិតឈីសនេះបានជោគ​ជ័យ ទោះបីជួបប្រទះឧបសគ្គបែបណាក៏ដោយ ក៏ខ្ញុំត្រូវតែព្យាយាមធ្វើវាឱ្យបានដែរ»។

លោក វុទ្ធី ថ្លែងទៀតថា កាលពី​មុន កម្ពុជាមិនទាន់មានការផលិតឈីសនោះទេ គឺមានតែនាំចូលឈីសពីក្រៅប្រទេសប៉ុណ្ណោះ ដូច្នេះ​លោកប្តេជ្ញាចិត្ត​ថាកម្ពុជា​​ត្រូវ​តែ​អាច​ផលិត​ឈីសដោយ​ខ្លួន​ឯងបាន​ ដើម្បីកាត់បន្ថយការនាំចូល។​

លោក​មានប្រសាសន៍ថា៖«ខ្ញុំដាក់គោលដៅថា យើងត្រូវតែធ្វើខ្លួនឯងកុំឱ្យឈីសគេនាំចូលច្រើនពេក ដើម្បីផ្គត់ផ្គង់ឱ្យភ្ញៀវបរទេស ដែលមកលេងស្រុកយើង គឺមកដល់កម្ពុជាក៏មានអាហារបែបគេដែរ នេះជាគោលបំណងរបស់ខ្ញុំ»។

រូបភាព៖ La Fattoria

លោកបន្ថែមថា បច្ចុប្បន្ន ឡា ហ្វាតូរៀ បាន​ផលិតឈីសដែលកំពុងពេញនិយមទទួលទាន​នៅតំបន់​​អឺរ៉ុប ដោយ​សារតម្រូវការទីផ្សារ និងមានតម្លៃថ្លៃ ហើយម្យ៉ាង ឈីសប្រភេទនេះ​ពិបាកក្នុងការនាំចូលមកស្រុកខ្មែរ។ ឈីសផលិត​ដោ​យ​ ឡា ហ្វាតូរៀ អាច​ស្វែងរក​នៅ​តាមភោជនីយដ្ឋានបែបបរទេស និងតាមបណ្តា​ផ្សារទំនើបចំនួន​នៅរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងកំពត។

លោកថ្លែងដូច្នេះថា៖«តម្រូវការទីផ្សារយើងមើលឃើញថា អាចលក់បានថ្លៃ ហើយយើងអាចឈរជើងនៅលើទីផ្សារបាន ដោយសារទឹកដោះគោយើងសុទ្ធ​ល្អ ​និងមានតម្លៃថ្លៃ​ ហើយឈីសប្រភេទហ្នឹងមានតម្រូវការក្នុងស្រុកនៅតាម​ អូតែល តាមភោជនីដ្ឋានបែបអឺរ៉ុប​ត្រូវការឈីសហ្នឹង ត្រង់នេះហើយជាឱកាសរបស់យើង​»។

ទឹកដោះគោស្រស់​សម្រាប់​ផលិតឈីស​ត្រូវ​បានផ្គត់ផ្គង់​ដោយ​កសិដ្ឋានគិរីសួគ៌ប្រមាណ ៣ ៥០០លីត្រ​ក្នុង១ខែ។ ជាមធ្យម​ ទឹកដោះគោស្រស់១ពាន់លីត្រ​អាច​ផលិត​ឈីសបានចំនួន ១១១គីឡូក្រាម​។

ចំពោះ ការ​ចំណាយ​ទៅ​លើ​ថ្លៃដើមផលិត​ក្នុង១ពាន់លីត្រ ត្រូវ​ចំណាយប្រាក់​ជាង១ពាន់ដុល្លារ ខណៈតម្លៃលក់ឈីសនៅលើទីផ្សារមានតម្លៃ២២ ដុល្លារក្នុង១គីឡូក្រាម ហើយក្នុង១ខែ លោកអាចលក់ចេញបាន២០០គីឡូក្រាម។ ឈីសដែលក់ដាច់ជាងគេ មានដូចជា Burrata cheese ,Fresh mozzarella ball និង Fresh mozzarella pizza។

រូបភាព៖ ហ្វេសប៊ុក La Fattoria

លោក វុទ្ធី បាន​ឱ្យដឹងថា សព្វថ្ងៃការបរិភោគឈីសនៅកម្ពុជាមានការកើនឡើង ក្នុងចំណោមយុវវ័យជំនាន់ក្រោយ និងជនជាតិខ្មែរដែលធ្លាប់ទៅរស់នៅបរទេស ព្រោះឈីសដែលលោកធ្វើមានរសជាតិបែបខ្មែរពាក់កណ្តាល និងអឺរ៉ុបពាក់កណ្តាល ដូច្នេះរសជាតិនេះ ជនជាតិខ្មែរក៏អាចទទួលទានបានដែរ។

លោកមានប្រសាសន៍ថា៖«អាហារបែបបរទេសមួយនេះ ត្រូវដឹងថា ក្នុងទឹកដោះគោមួយ​វាមានប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនដល់ទៅ៦ ប្រភេទឯណោះនៅក្នុងទឹកដោះគោ ដូច្នេះ វាជួយដល់ប្រព័ន្ធខួរក្បាល ជួយដល់ស្បែក ឆ្អឹង និយាយជារួមវាជួយដល់កោសិការួមក្នុងសេរីរាង្គយើងទាំងអស់»។

នៅថ្ងៃអនាគត លោក វុទ្ធី ចង់ពង្រីកអាជីវកម្មផលិតឈីសនេះ ឱ្យកាន់តែធំឡើង ដើម្បីឱ្យប្រទេសជិតខាងមើលមកកម្ពុជាថា អាចផលិតឈីសបាន និងចង់ឱ្យមានដៃគូសហការផលិតឈីសឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅក្រៅប្រទេស ផងដែរ។

គួរបញ្ជាក់ថា សិប្បកម្ម ឡា ហ្វាតូរៀ(La Fattoria) មានទីតាំងស្ថិតនៅភូមិ ទ្រាំង សង្កាត់ ស្លក្រោម​ ក្រុង សៀមរាប ខេត្តសៀមរាប ហើយបានបើកដំណើរការតាំងពី២០១៨៕