រថយន្ត​មួយ​គ្រឿង​បាន​លិច​នៅ​លើ​ផ្លូវ​លិច​ទឹក​ក្នុង​ទីក្រុង​សេអ៊ូល កាលពីថ្ងៃ​ចន្ទ ទី៨​សីហា ឆ្នាំ២០២២។

មន្រ្តីកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃពុធទី១០សីហាថា មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់ និង៧នាក់ទៀតបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវសំខាន់ៗ ស្ថានីយ៍រថភ្លើងក្រោមដី និងផ្ទះសម្បែង។

ភ្លៀងដែលបានចាប់ផ្តើមធ្លាក់កាលពីថ្ងៃចន្ទ គឺជាភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីមានការសង្កេតអាកាសធាតុរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល១១៥ឆ្នាំ នេះបើយោងតាមប្រធានាធិបតីលោក Yoon Suk-yeol ដែលបានចេញសុំទោសចំពោះការដោះស្រាយមិនបានល្អជូនពលរដ្ឋ។

សង្កាត់ Gangnam នៃទីក្រុងសេអ៊ូល បានរងការវាយប្រហារយ៉ាងខ្លាំង ដែលគេឃើញរថយន្តត្រូវបានជន់លិចប្រហែលពាក់កណ្តាល។ រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីដើមសប្តាហ៍ បានបង្ហាញឱ្យឃើញមនុស្សដើរឆ្លងកាត់ទឹកជ្រៅ និងហូរហៀរលើស្ថានីយ៍រថភ្លើងក្រោមដី។

យ៉ាងហោចណាស់មនុស្ស៥នាក់ បានស្លាប់នៅក្នុងទីក្រុងសេអ៊ូលគិតត្រឹមព្រឹកថ្ងៃពុធនេះ ៣នាក់ទៀតនៅក្នុងខេត្ត Gyeonggi ដែលស្ថិតជាប់គ្នានឹងទីក្រុងសេអ៊ូល និងម្នាក់នៅក្នុងខេត្ត Gangwon នេះបើយោងតាមទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាព ហើយយ៉ាង​ហោច​ណាស់​មនុស្ស​១៧​នាក់​បាន​រង​របួស។

ក្នុងអំឡុងពេលកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយកាលពីថ្ងៃពុធ លោកប្រធានាធិបតី Yoon បានសុំទោសក្នុងនាមរដ្ឋាភិបាលចំពោះការស្លាប់ និងការខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ លោកបានជំរុញឱ្យរដ្ឋាភិបាលកណ្តាលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងជំនួយបុគ្គលិកបន្ថែមទៀតដល់ទីក្រុង និងរដ្ឋាភិបាលក្នុងតំបន់ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ៕