លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទស្សនាស្តង់តាំងបង្ហាញ​ផលិតផល​កសិកម្ម​នៅ​កម្មវិធីប្រកសអនុវត្ត​គម្រោង​«កម្ពុជាហាវែស III»។ រូបភាព៖ USAID Cambodia

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅ​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ​បានប្រកាស​អនុវត្តគម្រោង​«កម្ពុជាហាវែស III»ជា​ផ្លូវ​ការ ​ក្រោម​អធិបតីភាព លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នេះបើ​តាម​សេចក្តីប្រកាសព័ត៌មាន​របស់ USAID បាន​ផ្សាយនៅ​ថ្ងៃ​អង្គារនេះ​។​

សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោងថ្មីមួយជាមួយ​នឹង​កញ្ចប់​ថវិកា ២៥ លានដុល្លារអាមេរិក ដែលមានគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចដែលមានភាពទូលំទូលាយនិងប្រកបដោយចីរភាព តាមរយៈការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា។

គម្រោង«កម្ពុជាហាវែស III» ថ្មីនេះត្រូវបានប្រកាសកាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០២២ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលដំណើរ​ទស្សនកិច្ចរបស់លោកនៅកម្ពុជា។ 

គម្រោង «កម្ពុជាហាវែស III» ជាគម្រោងដែលមានរយៈពេល ៥ ឆ្នាំ ទទួលបានការគាំទ្រថវិកាពីគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (Feed the Future) និងគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ 

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy។រូបភាព៖ ក្រសួង​កសិកម្ម

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ថ្លែងថា​ នៅកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០ លានដុល្លារអាមេរិក ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្ម។

លោក​ថ្លែងទៀតថា៖«ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង កម្ពុជាហាវែស III នេះ គឺបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងការសម្រេចគោលដៅមួយនេះ»។

គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យាស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជាមួយនឹងវិស័យឯកជន។

គម្រោងនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែល ទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើកន្លងមក លើការលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជននៅក្នុងទីផ្សារកសិកម្ម គម្រោងនឹងជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ 

លោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​រូបភាព៖ USAID Cambodia

លោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្លែងថា គម្រោង​ កម្ពុជាហាវែស III  ​កំពុងដំណើរការនាពេលនេះ នឹងចូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាពតាមរយ:ការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងទីផ្សារកសិផល ដែលកំពុងមាននិន្នាការកើនឡើងជាលំដាប់។

លោក​ថ្លែងទៀតថា៖«ខ្ញុំសូម​ថ្លែងអំណរគុណដល់​រដ្ឋាភិបាល និងប្រជាជនសហរដ្ឋ​អាមេរិកដែល​កំពុងដើរតួនាទីក្នុង​ភាពជាដៃគូ ផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រ​ដល់​ការអភិវឌ្ឍវិស័យកសិកម្មតាម​រយៈ USAID។តាមរយ:គម្រោងនេះខ្ញុំ​មាន​សុទុដ្ឋិនិយមថាពិតជានឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសជួយជំរុញវិស័យកសិកម្ម​ឱ្យកាន់តែទំនើប មានភាពប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ»។

ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងជម្រុញឲ្យមានការវិនិយោគពីក្រុមហ៊ុនឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០ កន្លែង និងជួយកសិករនិងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម ឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លារ និងបង្កើនការលក់ផលិតផលកសិកម្មឲ្យបាន ១០០លានដុល្លារ៕