នៅក្នុងពិធីប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​វត្ថុបុរាណ​ចំនួន៣០​មកកាន់​ប្រទេស​កម្ពុជា​វិញ នៅ​ទីក្រុង​ញូវយ៉ក រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលថ្ងៃចន្ទទី៨សីហា ឆ្នាំ២០២២នេះ លោក កែវ ឈា ឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិកបានលើកឡើងថា ការប្រគល់រូបចម្លាក់បុរាណទាំងនេះ គឺជាការវិលត្រឡប់មកវិញនៃព្រលឹងវប្បធម៌របស់កម្ពុជា ហើយកម្ពុជាពិតជាអរគុណចំពោះសហរដ្ឋអាមេរិក។

លោកបានដូច្នេះថា៖«ការត្រឡប់មកវិញនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះ គឺប្រៀបដូចជាការវិលត្រឡប់មកវិញនៃព្រលឹងវប្បធម៌របស់យើងទៅប្រជាជនរបស់យើងវិញ។ យើងពិតជាដឹងគុណខ្លាំងណាស់»។

អគ្គរាជទូតរូបនេះបន្តថា ការប្រគល់វត្ថបុរណទាំងនេះត្រឡប់មកកម្ពុជាវិញ គឺដោយសារមានកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជានិងសហរដ្ឋអាមេរិក ប៉ុន្តែនៅតែប្រឈមនឹងបញ្ហាជាសកលមួយ ដែលភាគីទាំងពីរ ត្រូវបន្តប្ដេជ្ញាចិត្ត ដើម្បីប្រយុទ្ធប្រឆាំងការលួចវត្ថុបុរាណពីក្រុមចោរ ដែលពេលខ្លះបានប្រើប្រាស់ឧបករណ៍ដើម្បីកាត់រូបចម្លាក់ជាបំណែកចេញពីគ្នា។

មេធាវី​រដ្ឋាភិបាល​អាមេរិក លោក ដេមៀន វីល្លាមស៍ (Damian Williams) ថ្លែងនៅក្នុង​ពិធី​ប្រគល់​ចម្លាក់​បុរាណ​នោះដែរថា វត្ថុបុរាណ​ទាំង​៣០​នឹង​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ គឺ​ត្រឡប់​ទៅ​ទីកន្លែង ដែល​វត្ថុសិល្បៈទាំងនោះ​ត្រូវ​គេ​លួច​នាំ​ចេញ​មក​លក់​នៅ​ក្រៅ​ប្រទេស។ វត្ថុបុរាណ​ទាំង​នោះ រួមមាន រូបបដិមា​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​សម័យ​អង្គរ ដូចជា បដិមា​ព្រះពុទ្ធប្រក់នាគ​ធ្វើពី​សំរឹទ្ធ បដិមា​ព្រះនាង​លក្ស្មី ធ្វើពីសំរឹទ្ធ ព្រះនារាយណ៍ ឬវិស្ណុ អំពីថ្មភក់ រូបព្រះឥសូរ និង ព្រះគណេសដែលមានទម្ងន់ជាង៣តោន រួមនឹង​បដិមា​អាទិទេព​ស្កន្ទ ដែលជិះលើ​សត្វក្ងោក ជាចម្លាក់​ល្បី​ឈ្មោះ ដែល​ក្រុមជួញដូរ​វត្ថុបុរាណ​តែង​ចង់​បាន​។

រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» គឺជា​វត្ថុ​បុរាណ​ដែល​មាន​សារៈ​សំខាន់​ខាង​វប្បធម៌ និង​សាសនា​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​ ១១ កក្កដា ២០២១ ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​លើក​ឡើង​ថា​រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ដែល​ឆ្លាក់​ឡើង​ពី​ថ្មភក់​ក្នុង​រចនាបថ​កោះកេរ​នៃ​សម័យ​អង្គរ​សតវត្សទី ១០ «គឺជា​គំរូ​នៃ​ភាព​ច្នៃប្រឌិត​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​របស់​បុព្វបុរស​ខ្មែរ»។

រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ដែល​ត្រូវ​បាន​លក់​ចុង​ក្រោយក្នុងតម្លៃ 1,៥ លានដុល្លា​អាមេរិក កាលពីខែមេសា ​ឆ្នំា២០០០ នឹង​ធ្វើ​ដំណើរ​ជាមួយ​សម្បត្តិវប្បធម៌​ ២៩ ​ទៀត ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញនា​ពេល​ឆាប់ៗនេះ។

រូបចម្លាក់បុរាណទាំងនេះ ត្រូវបានគេលួចនៅអំឡុងសង្គ្រាមស៊ីវិលនិងអស្ថិរភាពនៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយពួកខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧០៕