និរាករនូវរាល់គោលការណ៍អនុញ្ញាតដែលបានផ្តល់ជូនទៅរូបវ័ន្តបុគ្គល ឬនីតិបុគ្គលឱ្យធ្វើអាជីវកម្មប្រមូលកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុប្បាទ គោ ក្របី ជ្រូកឆ្លងកាត់ និងចេញក្រៅខេត្ត។រូបភាព៖ ហ្វេសប៊ុក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ ​លោក វេង​ សាខុន​ ប្រាប់​ទៅ​រដ្ឋ​បាល​ខេត្ត​កំពង់ធំ ​សៀមរាប​ និង​ព្រះ​វិហារ​ឱ្យ​បញ្ឈប់​ធ្វើ​អាជីវកម្ម​យក​កម្រៃ​សេវា​នាំសត្វ ​និង​ផលិត​ផល​មាន​ដើម​កំណើត​ពី​សត្វ​ចតុប្បាទ​ គោ ​ក្របី ​ជ្រូក​ ចេញ​ក្រៅ​ខេត្ត​។​

ទន្ទឹមនឹងនេះលោក​រដ្ឋមន្រី្ត​បាន​ណែនាំ​បន្ថែម​ដល់​រដ្ឋបាល​ខេត្ត​ទាំង​៣ ​ត្រូវ​បន្ត​ខិតខំ​ជំរុញ​ឱ្យ​ប្រជាពល​រដ្ឋ​ឱ្យ​ដាក់​ពាក្យ​ស្នើសុំ​សេវា​នៅ​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ ​និង​បង់​កម្រៃ​សេវា​តាម​ការ​កំណត់​របស់​ច្បាប់​។​

យោង​តាម​លិខិត​ផ្ញើ​ទៅ​កាន់​អភិបាល​ខេត្ត​ទាំង​៣នេះ ​កាលពី​ថ្ងៃទី៥​ ខែសីហា ​លោក​រដ្ឋ​មន្រ្តី​បាន​ពិនិត្យ​ឃើញ​ថា​ នាពេល​កន្លង​មក​ រដ្ឋ​បាល​ខេត្ត​កំពង់​ធំ​ ខេត្តសៀមរាប​ និង​ខេត្ត​ព្រះវិហារ​បាន​ផ្តល់​គោលការណ៍​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯក​ជន​ធ្វើ​អាជីវកម្ម​យក​កម្រៃ​សេវា​នាំ​សត្វ ​និងផលិត​ផល​មាន​ដើម​កំណើត​ពី​សត្វ​ចតុប្បាទ​គោ ក្របី ជ្រូក​ ឆ្លងកាត់​ និង​ចេញ​ក្រៅ​ខេត្តសាមី​នីមួយៗ​។

លិខិតនេះ​បន្តថា ការ​អនុវត្ត​ បែបនេះ​គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​នានា​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​សេវា ​និង​ការ​ប្រមូល​ចំណូល​មិន​មែន​សារពើពន្ធ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ព្រម​ទាំង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​សត្វ ​និង​ ផលិត​ផល​មាន​ដើម​កំណើត​ពី​សត្វ​របស់​វិស័យ​ឯកជន​។

ពាក់​ព័ន្ធ​នឹង​ករណីនេះ ​លោក​រដ្ឋ​មន្រ្តី​ បាន​ស្នើ​ទៅ​រដ្ឋ​បាល​ខេត្ត​ទាំង​៣​ខាងលើ​ចំនួន​២​ចំណុច​គឺ​និរាករ​នូវ​រាល់​គោល​ការណ៍​អនុញ្ញាត​ទាំង​អស់​ ដែល​រដ្ឋ​បាល​ខេត្តសាមី​នីមួយៗ​បាន​ផ្តល់​ជូនទៅរូបវ័ន្ត​បុគ្គល​ ឬនីតិបុគ្គល​ឱ្យ​ធ្វើ​អាជីវ​កម្ម​ប្រមូល​កម្រៃ​សេវា​នាំសត្វ​ និង​ផលិត​ផល​មាន​ដើម​កំណើត​ពីសត្វ​ចតុប្បាទ ​គោ ​ក្របី ​ជ្រូក​ឆ្លង​កាត់​ និង​ចេញ​ក្រៅ​ខេត្ត​ដែល​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន។

ព្រម​ទាំង​ ជំរុញ​និង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ និង​អ្នក​ពាក់​ព័ន្ធ​ដាក់​ពាក្យ​ស្នើ​សុំ​សេវា​នៅ​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​ និង​បង់​កម្រៃ​សេវា​តាម​ការ​កំណត់​នៅ​ក្នុង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ដែល​មាន​ជា​ធរមាន​៕