ប្រជានេសាទនៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះកំពុងបើកទូកទៅនេសាទ ។ រូបភាព៖ សឹម សល់ម៉ា

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា បណ្តាខេត្តតាមដងទន្លេមេគង្គអាចនឹងប្រឈមបញ្ហាទឹកជំនន់នៅរយៈពេល៤ ទៅ៥ថ្ងៃខាងមុខនេះ ដោយសារកម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបពីព្យុះមូលឡេន(MULAN)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងនេះបានផ្សាយនៅថ្ងៃទី៩ សីហានេះ។

យោងតាមស្ថានភាពអាកាសធាតុដែលកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបនិងវិសម្ពាធដែលនឹងក្លាយជាព្យុះទី៧ ឈ្មោះ មូឡេន(MULAN)ដែលបណ្តាលឱ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម មានភ្លៀងធ្លាក់ច្រើននក្នុងអាងទន្លេមេគង្គ។

ក្រសួងនេះ បានឱ្យដឹងថា ដូច្នេះ ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៤ ទៅ៥ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដួចជា ខេត្តស្ទឹងត្រែង ទឹកនឹងឡើងដល់កម្រិតកម្ពស់ជិត៩ ម៉្រែត។ខេត្តក្រចេះទឹកអាចឡើងដល់១៩ ម៉្រែត និងខេត្តកំពង់ចាមទឹកអាចឡើងដល់កម្ពស់១២ ម៉្រែត។

ក្រសួងបានបញ្ជាក់ថា៖«ទឹកទន្លេនៅតំបន់ភូមិភាគឦសាន រួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក នឹងអាចប្រឈមបញ្ហាទឹកជំនន់»។

ក្រសួងបន្តថា ទោះជាយ៉ាងណា ទឹកដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ ប៉ុន្តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលនៅតាមបណ្តាព្រែកមួយចំនួន។

ចំពោះ ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៦ ខែសីហានេះ ក្រសួងបានព្យាករណ៍ថា ឥទ្ធិពលព្យុះមូឡេននេះនឹងធ្វើឱ្យបណ្តាខេត្តមួយចំនួន ដូចជា នៅតំបន់ទំនាបកណ្តាលអាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះអាចភ្លៀងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែក តំបន់ខ្ពង់រាបអាចនឹងមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈតំបន់ជាប់មាត់សមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ៗ៕