វត្ថុបុរាណ៣០ រូប នឹងបញ្ជូនពីអាមេរិកមកកម្ពុជានាពេលខាងមុខ។ រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

រូបបដិមាសំខាន់ៗនៃ​ពុទ្ធសាសនា និងព្រហ្មញ្ញសាសនាដែល​មាន​​«ព្រះស្កន្ទគង់លើក្ងោក» និង «ព្រះគណេស» ស្ថិត​នៅក្នុងចំណោម​​សម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូបនឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។​

សម្បត្តិវប្បធម៌ខ្មែរទាំង​ ៣០រូប ដែល​នឹងបញ្ជូនឱ្យ​មកកម្ពុជាវិញដែល​ជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុបុរាណដោយខុសច្បាប់ និង​​បានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូង ក្រុងញូវយ៉ក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ចេញ​ផ្សាយ​នៅថ្ងៃទី៩ សីហានេះ។

សេចក្តីជូនដំណឹង​បន្តថា ក្នុងចំណោម សម្បត្តិវប្បធម៌ខ្មែរទាំង​នេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ «ព្រះស្កន្ទគង់លើក្ងោក» និង «ព្រះគណេស» ដែលត្រូវបានលួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស.។

ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងសម័យសង្គ្រាម។

«ព្រះ​ស្កន្ទគង់​លើ​ក្ងោក» ធ្វើអំពីថ្មភក់​ នៅប្រាសាទក្រចាប់នៃ​រមណីដ្ឋានកោះកេរ នៅក្នុង​សម័យ​អង្គរដែល​មាន​រចនាបថកោះកេរ ត្រូវ​បាន​កសាង​ឡើង​នៅពាក់កណ្តាលទី១នៃសតវត្សទី១០នេះគ.ស។

«ព្រះ​គណេស» ធ្វើអំពីថ្មភក់​ នៅក្នុងប្រាសាទ​បាក់នៃ​រមណីដ្ឋានកោះកេរនៅក្នុង​សម័យ​អង្គរ ដែល​មាន​រចនាបថកោះកេរ ត្រូវ​បាន​កសាង​ឡើង​នៅ​ពាក់កណ្តាលទី១នៃសតវត្សទី១០នេះគ.ស។

លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Damien Williams អគ្គរដ្ឋអជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក បានចូលរួមនៅក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូបនេះ នៅទីក្រុងញូវយ៉ក។

ក្រសួងវប្បធម៌ កំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង៣០រូបមកកម្ពុជា ក្នុងពេលខាងមុខនេះ។

លោកស្រី  ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងពិតជាមានសេចក្តីរំភើបទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះ ដែលជាព្រលឹងបុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យភាពរុងរឿងនៃចក្រភពខ្មែរ។

លោកស្រីថ្លែងដូច្នេះថា៖« ការបញ្ជូនមកវិញនេះ គឺអាចសម្រេចទៅបានដោយសារកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក ដែលផ្តល់ឱកាសក្នុងការនាំមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំនាសម័យសង្គ្រាម និងអសន្តិសុខ»។

លោកស្រី  ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សារមន្ទីរជាតិកម្ពុជា កា​លពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២២ បានរៀបចំពិធីអបអរសាទរការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូបពីសហរដ្ឋអាមេរិក​ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ត្រឡប់មកកម្ពុជាវិញ ផងដែរ៕