បុព្វលាភធានារ៉ាប់រងដែលលក់បានក្នុងអំឡុងពេលយុទ្ធនាការនេះ នឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។រូបភាព៖ដាយ អ៊ិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ ដាយ ​អ៊ិឈិ ​ឡាយហ្វ៍ ​(Dai-ichi Life)​ នៅ​ថ្ងៃ​ទី៨​ ខែ​សីហា​ ឆ្នាំ២០២២ ​បាន​ប្រកាស​ដាក់​សម្ពោធ​ផលិត​ផល​ “ប្រាយ ឡាយហ្វ៍”​ ដែល​ជា​គម្រោង​ធានា​រ៉ាប់​រង​អាយុ​ជីវិត​បែប​ឌីជីថល​ដំបូង​របស់​ក្រុម​ហ៊ុន​នៅ​កម្ពុជា​។

ផលិត​ផល​នេះ ​មាន​លក្ខខណ្ឌ​សាមញ្ញ ​ជាមួយ​នឹង​បុព្វលាភ​ធានា​រ៉ាប់​រង​ទាប​ត្រឹម ​៨២ ០០០រៀល​ក្នុង​១​ឆ្នាំ​។ ​អតិថិជន​ អាច​ទិញ​គម្រោង​ធានា​រ៉ាប់​រង​អាយុ​ជីវិត​នេះ ​តាម​រយៈ​ប្រព័ន្ធ​អ៊ិនធឺណេត​ និង​ទទួល​បាន​ការ​ការពារ​យ៉ាង​ឆាប់​រហ័ស​។

ដើម្បី​អបអរ​សាទរ​ខួប​១២០​ឆ្នាំ ​ដាយ​ អ៊ិឈិ ​ឡាយហ្វ៍​ នឹង​ចាប់​ផ្តើម​យុទ្ធនាការ​«ការពារ​ និង​បរិច្ចាគ» ​របស់​ខ្លួន​ជា​មួយ​នឹង​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ​៥០% ​សម្រាប់​ការ​ទិញ​ផលិត​ផល​ “ប្រាយ ​ឡាយហ្វ៍”​ចាប់​ពី​ថ្ងៃទី​៨ ​ខែសីហា ​រហូត​ដល់​ថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ២០២២​។

បុព្វលាភ​ធានារ៉ាប់​រង​ដែល​លក់​បាន​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​នេះ ​នឹង​ត្រូវ​បរិច្ចាគ​ទៅ​កាន់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ខេត្ត​សៀមរាប​។

លោក ​អាឡិន​ ថៃ​ អគ្គនាយកប្រតិបត្តិ ​នៃ​ក្រុមហ៊ុន​ ដាយ ​អ៊ិឈិ ​ឡាយហ្វ៍ ​ថ្លែងថា ​ការ​ជួយទៅ​​ដល់​សហគមន៍​ សំខាន់​ណាស់​សម្រាប់​ពួក​យើង ​ហើយ​យើង​ចង់​ចែក​រំលែក​មហិច្ចតា​នេះ​ទៅ​កាន់​អតិថិជន​ទាំង​អស់​។ ​ដើម្បី​អបអរ​សាទរ​ដល់​ការ​សម្ពោធ​ផលិត​ផល​ “ប្រាយ ឡាយហ្វ៍”​ ចំណូល​ពី​ការ​បញ្ជា​ទិញ​របស់​អតិថិជន ​នឹង​ត្រូវ​បាន​បរិច្ចាគ​ទៅ​កាន់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។​

លោក ​អាឡិន ​ថៃ ​ថ្លែង​ទៀត​ថា​៖​«ឥឡូវនេះ ​យើង​អាច​ផ្តល់​ការការ​ពារ​តាម​បែប​ឌីជីថល​ ដល់​ប្រជាជន​ដែល​មាន​តម្រូវការ​សេវាកម្ម​ធានា​រ៉ាប់រង​អាយុជីវិត​ខ្លាំង​បំផុត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ សូម​អរគុណ​សម្រាប់​ការ​គាំទ្រ​ដែល​អាច​ឲ្យ​ពួក​យើង​ជួយ​ដល់​ប្រជាជន​កម្ពុជា​»។

ក្រុមហ៊ុន ​ដាយ ​អ៊ិឈិ ​ឡាយហ្វ៍ ​អ៊ីន​សួរ៉ិនស៍ ​(ខេមបូឌា)​ ម.ក ​(ដាយ​ អ៊ិឈិ​ ឡាយហ្វ៍)​ គឺ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ ក្រុមហ៊ុន​ ដាយ​ អ៊ិឈិ​ ឡាយហ្វ៍ ​ហូលឌីង ​(DLHD)​ ដែល​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ អស់​រយៈ​ពេល​ជិត​ ១២០​ឆ្នាំ ​ជា​ប្រវត្តិសាស្ត្រ​។​ DLHD ​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅ​លើ​ទីផ្សារ​ភាគ​ហ៊ុន​ តូក្យូ​(Tokyo Stock Exchange)​។

Dai-ichi Life​ Group ​មាន​មូលធន​រឹង​មាំ ​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​សរុប​ចំនួន ​៥៣៨​ពាន់​លាន​ដុល្លារ ​និង​បុព្វលាភ​ធានា​រ៉ាប់​រង​ជាង​ ៤៣​ពាន់​លាន​ដុល្លារ​ គិត​ត្រឹ​មថ្ងៃ​ទី៣១ ​ខែមីនា​ ឆ្នាំ២០២២​៕