រូបភាព៖ ខ្មែរណាស់

ការធ្វើកសិកម្មចម្រុះបង្ហាញពីអត្ថប្រយោជន៍ក្នុងការបង្កើនផលិតកម្ម ចំណូល និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ប្រព័ន្ធកសិកម្មចម្រុះ គឺជាការធ្វើកសិកម្មច្រើនប្រភេទនៅលើកសិដ្ឋានតែមួយពេញ ១ឆ្នាំដែល​រួមមាន ការដាំដំណាំ ការចិញ្ចឹមសត្វ និងវារីវាប្បកម្មលើទីតាំងតែមួយ។

ប្រជាជនកម្ពុជាភាគច្រើនជាកសិករ កំពុងអនុវត្តការងារកសិកម្ម ដែលមានមូលដ្ឋានលើដំណាំស្រូវពឹងផ្នែកទៅលើទឹកភ្លៀង ពុំសូវមានអំណោយផលល្អ ក្នុងការធ្វើកសិកម្មតែមួយមុខ។ កត្តានេះហើយ​នាំឱ្យកសិករមិនសូវទទួលបានប្រាក់ចំណូលខ្ពស់​ និងនាំឱ្យងាយទទួលរងនូវការបំផ្លាញពីសត្វល្អិត គ្រោះធម្មជាតិផ្សេងៗ និងគុណភាពដីមានការថយចុះ។

ការអនុវត្តកសិកម្មចម្រុះមានប្រភេទផលិតកម្មដំណាំសំខាន់ៗ ដួចជា ស្រូវ ដំឡូងមី ពោត បន្លែ ពពួកសណ្តែក និងដំណាំអចិន្ត្រៃយ៍មួយចំនួន មានដូចជា ស្វាយ ស្វាយចន្ទី និងម្រេច។

ចំណែក ផលិតកម្មសត្វ មានជ្រូក គោ និងបក្សី ខណៈផ្នែកវាវីប្បកម្មមានត្រី កង្កែប និងបង្កង។ រីឯ រុក្ខជាតិពហុប្រយោជន៍ មានដូចជា ផ្តល់ជាម្លប់ ពណ៌បៃតង ដែលចូលរួមធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់។

មានស្រះទឹក​ក្នុង​កសិដ្ឋានជួយបង្កើនលទ្ធភាពទទួលបានទឹកសម្រាប់គ្រួសារដែលចិញ្ចឹមសត្វ និងផលិតកម្មដំណាំជាលក្ខណៈខ្នាតតូច។

ទន្ទឹមនឹងនេះ ការធ្វើប្រព័ន្ធកសិកម្មចម្រុះបានចួលរួមតាមរយៈការកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ដើម្បីផ្តល់នូវផលិតផលដែលមានសុវត្ថិភាព សុខភាពល្អ បរិស្ថាន សង្គម និងអាចគ្រប់គ្រងសត្វលិ្អតចង្រៃផ្សេងៗ មានដូចជា សត្វល្អិត ជំងឺ និងស្មៅ តាមរយៈការគ្រប់គ្រងដំណាំតាមគោលការណ៍ធម្មជាតិ។

ជាមួយគ្នានេះដែរ ប្រព័ន្ធកសិកម្មចម្រុះក៏នឹងជួយ​ពង្រឹងការបង្កើតបណ្តុះអាជីវកម្មកសិកម្ម និងការអនុវត្តកសិកម្មតាមកិច្ចសន្យាទៅតាមតម្រូវការទីផ្សារ ផងដែរ​។

ការអនុវត្តកសិកម្មចម្រុះ ចូលរួមជួយបង្កើនសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារតាមរយៈ ការបង្កើនគុណភាពអាហារូបត្ថម្ភ រក្សា និងកែគុណភាពដី បង្កើនទិន្នផលជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានការរីកចម្រើន ក៏ដូចជា ជួយ​កាត់បន្ថយថ្លៃដើមផលិតកម្ម ដោះស្រាយបញ្ហាថាមពល ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងការកាត់បន្ថយការបំផ្លាញព្រៃឈើផងដែរ៕

ប្រភព៖ ឯកសារណែនាំបណ្តុះបណ្តាលស្តីពីប្រព័ន្ធកសិកម្មចម្រុះ តាមតំបន់ក្សេត្រ-សាស្ត្រ រៀបចំដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងអាកាសធាតុ(ASPIRE)