មណ្ឌល ​Cambodia ​(Xiamen) ​Commercial ​Center​ ក្នុង​គោល​បំណង​ ដើម្បី​នាំ​ចេញ​ផលិត​ផល​សំបុក​ត្រចៀក​កាំ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។​ រូបភាព៖​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​នៅ​ថ្ងៃទី​៨​ ខែកក្កដា ​ឆ្នាំ ២០២២ ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​(MoU)​ ជាមួយ​មជ្ឈ​មណ្ឌល ​Cambodia ​(Xiamen) ​Commercial ​Center​ ក្នុង​គោល​បំណង​ ដើម្បី​នាំ​ចេញ​ផលិត​ផល​សំបុក​ត្រចៀក​កាំ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។​

លោក ​វេង ​សាខុន ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ ​ថ្លែង​អំណរ​គុណ​ដល់​ចំពោះ​លោក​នាយក​មជ្ឈ​មណ្ឌល​ Cambodia (Xiamen) Commercial Center​ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​សហការ​ជាមួយ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​ក្នុងការ​ជំរុញ​លើក​ទឹក​ចិត្ត​និង​គាំទ្រ​ផលិត​ផល​កសិកម្ម​ថ្មី​មួយ​ទៀត​ ដើម្បី​បើក​ទីផ្សារ​ទឹក​មាត់​ត្រចៀក​កាំ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន ​នាពេល​អនាគត​ដ៏​ខ្លី​។

លោក​ថ្លែងក្នុង​កម្មវិធី​នេះ​ថា​ ទឹក​មាត់​ត្រចៀក​កាំ​កម្ពុជា​កន្លង​មក​ផលិត​សម្រាប់​ផ្គត់​ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក ​និង​មាន​ការ​នាំ​ចេញ​ក្នុង​បរិមាណ​តិច​តូច​ និង​ក្រៅ​ផ្លូវការ​ប៉ុណ្ណោះ​។

មជ្ឈមណ្ឌល​នេះ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ចិនមួយប​រៀប​ចំ​ផែន​ការ​វិនិយោគ​ ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រមូល​ទិញ​និង​កែច្នៃសំបុក​ត្រចៀក​កាំ​នៅ​កម្ពុជា​ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ចិន​។ រូបភាព៖ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោក​រដ្ឋ​មន្រ្តី​ថ្លែង​ដូច្នេះ​ថា​៖​«ឯកសារ ​MoU​ ដែល​ចុះហត្ថ​លេខា​នេះ​ នឹង​ជួយ​បើក​ទីផ្សារ​ចិន​ដែល​ជាទី​ផ្សារ​ធំ​ជាង​គេ​ឲ្យ​ទទួល​យក​ផលិត​ផល​មួយ​នេះ​ជា​ផ្លូវ​ការ​ ធានា​បាន​នូវ​ស្តង់ដា​ផលិត ​គុណភាព​ផលិត​ផល​ និង​សុវត្ថិភាព​សម្រាប់​សុខភាព​សាធារណ:​ ឆ្លើយ​តប​បាន​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាមអនាម័យ​នៃ​អគ្គនាយក​ដ្ឋាន​គយ​ចិន​»។

លោក​បន្ថែម​ថា​ ផលិត​កម្ម​ទឹក​មាត់​ត្រចៀក​កាំ ​(ការ​ចិញ្ចឹម)​ ការ​ប្រមូល​ផល ​ការ​កែច្នៃ​ ក៏​នឹង​ត្រូវ​បាន​លើក​កម្ពស់​ ឆ្លើយ​តប​បាន​តាម​សេចក្តី​ត្រូវការ​ទីផ្សារ​ចិន​ តាម​រយ:​ការ​លើក​កម្ពស់​គុណ​ភាព​ផលិត​ និង​កែច្នៃ ​ខណៈ​មជ្ឈ​មណ្ឌល​បាន​លើក​ឡើង​ថា ​នឹង​បង្កើត​រោងចក្រ​កែច្នៃ​ទឹក​មាត់​ត្រចៀក​កាំ​នៅ​កម្ពុជា​នាពេល​អនាគត​ដ៏​ខ្លី​។

លោក​បន្ថែម​ថា​៖​«ខ្ញុំ​សូម​អបអរ​សាទរ​ និង​គាំទ្រ​លើ​ដំណើរការ​នៃ​ការ​អនុវត្ត​ខ្លឹម​សារ​ MoU​ របស់​ភាគី​ទាំង​ពីរ​ រួម​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ ក្នុង​នោះ ​ក៏​មាន​អ្នក​ចិញ្ចឹម​ ផង​ដែរ​។ ​ឆ្លៀត​យក​ឱកាស​នេះ ​ខ្ញុំ​សួម​អំពាវ​នាវ​ដល់​អ្នក​ចិញ្ចឹម​ត្រចៀក​កាំសូម​អញ្ជើញ​មក​ទាក់​ទង​អគ្គនាយក​ដ្ឋាន​កសិកម្ម​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម​»។

មជ្ឈមណ្ឌល​នេះ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ Southeast ​Yandu ​(Xiamen) ​Industrial​ Development​ Co., Ltd ​រៀប​ចំ​ផែន​ការ​វិនិយោគ​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រមូល​ទិញ​ និង​កែច្នៃ​សំបុក​ត្រចៀក​កាំ​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ចិន​។

មជ្ឈ​មណ្ឌល​នេះក៏​មាន​បំណង​ផ្តល់​កិច្ច​សហការ​ជួយ​កម្ពុជា​​ក្នុង​ការរៀបចំ​ឯកសារ​ចរចា​បើក​ទីផ្សារនេះ​ ព្រមទាំង​ជួយ​ សម្រប​សម្រួល​ការងារ​នេះ​ជា​មួយ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​(GACC)​ ផង​ដែរ​។​នេះ​បើ​តាម​លោក​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កិសកម្ម​ បាន​ឲ្យដឹងថា ​តាម​ស្ថិតិ​​របស់​រដ្ឋបាលព្រៃ​ឈើ​ក្នុង​ឆ្នាំ២០២០ ​នៅ​ទូទាំង​ប្រទេស​មាន​ផ្ទះ​ត្រចៀក​កាំចំនួន​ ៨៧២​ផ្ទះ ​និង​អាច​ផ្តល់​ផល​ចន្លោះ​ពី​១តោន ​ទៅ ​១,៥​តោន​ក្នុង​១​ខែ។​ សំបុក​ត្រចៀក​កាំ​ទើប​ប្រមូល​ មាន​តម្លៃ​ចាប់​ពី​៧០០-៩០០​ដុល្លារក្នុង​១គីឡូក្រាម​ និង​សំបុក​ត្រចៀក​កាំ​ដែល​អាច​បរិភោគ​បាន​មាន​តម្លៃ​ចាប់​ពី ​១ ៥០០​-២ ០០០​ដុល្លារ​គីឡូ​ក្រាម​៕