ឡជីវឧស្ម័នផ្តល់ហ្គាស និងជីសេរីរាង្គ ដល់កសិករ។ រូបភាព៖ ហ្វេសប៊ុក ATEC Biodigesters

ក្រុមហ៊ុន អេធិកឡជីវឧស្ម័ន(ATEC Biodigesters) ដែល​ជាអ្នក​ផលិត និងចែកចាយឡជីវឧស្ម័នទំនើបឈានមុខគេមួយនៅកម្ពុជា​ បានឱ្យដឹងថា ទីផ្សារឡជីវឧស្ម័នកំពុងមានការកើនឡើងគួរឱ្យគត់សម្គាល់នៅពេលបច្ចុប្បន្ន ខណៈប្រជាកសិករបានយល់ដឹងច្រើនទាក់ទងនឹងការបម្លែង​យកជីសរីរាង្គ​​ និងហ្គាសសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ក្រុមហ៊ុន អេធិកឡជីវឧស្ម័ន គឺជាក្រុមហ៊ុនអូស្ត្រាលី ដែលផលិត និងចែកចាយឡជីវឧស្ម័នទំនើប ដែលបម្លែង​លាមកគោ និងលាមកជ្រូក ទៅជាឧស្ម័នចម្អិនអាហារប្រកបដោយសុវត្ថិភាពនិងជីសរីរាង្គសម្រាប់ដំណាំ។

លោក ថៃ ពេជ្រ​ឧត្តម ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន ATEC បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៨ សីហានេះថា សព្វថ្ងៃ ឡជីវឧស្ម័នមានទីផ្សារល្អប្រសើរ និងលក់​ដាច់​ច្រើនទៅឱ្យកសិករនៅតាមបណ្តាខេត្តនានា ក្រោយពី​ពួកគាត់បានយល់ពីអត្ថប្រយោជន៍ឡជីវឧស្ម័ន។

លោក ពេជ្រ​ឧត្តម បន្ថែម​ថា ​ អេធិកឡជីវឧស្ម័ន បានបើកដំណើរការអាជីវកម្មរយៈពេល៦ ឆ្នាំមក ហើយ​លក់ឡជីវឧស្ម័នបានជាង ២ពាន់ឈុតរួចមកហើយ ។

លោកថ្លែងដូច្នេះថា៖«ទីផ្សារល្អ កសិករយល់ដឹងច្រើនពីជីសរីរាង្គ ក៏ដូចជា ការបម្លែង​លាមកសត្វ​ទៅជាហ្គាសសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះបាយ​ ហើយក៏សន្សំសំចៃបានច្រើនដែរ ដូច្នេះ យើងមើលឃើញថា មានកំណើនកើនឡើងដោយ​មានការចាប់អារម្មណ៍ច្រើន​ពីកសិករ»។

រូបភាព៖ ហ្វេសប៊ុក ATEC Biodigesters

លោកបន្តទៀតថា ដើម្បីឱ្យប្រព័ន្ធឡជីវឧស្ម័នដំណើរការបម្លែង​ទៅជាហ្គាស គេ​ត្រូវ​យក​លាមកសត្វ​ដាក់ទៅក្នុង​ឡទុក​រយៈពេល​១៤ថ្ងៃ​ ទើប​គេ​អាចយកទៅចម្អិនម្ហូបអាហារបាន និងទទួលបានជីសេរីរាង្គសម្រាប់ស្រោចស្រពដំណាំផ្សេងៗ។

លោកថ្លែងដូច្នេះថា៖«យើងគ្រាន់តែដាក់លាមកសត្វ គោ ជ្រូក និងក្របី ចាក់ទៅក្នុងធុងឡក្នុងរយៈពេល២ សប្តាហ៍ គឺវា​ចាប់ផ្តើមបម្លែង​ទៅជាហ្គាស អាចចម្អិនម្ហូបអាហារបាន ហើយនៅពេលដែលវាមានសម្ពាធខ្លាំងពីហ្គាសហ្នឹង វានឹងរុញលាមកហ្នឹង​ កាច់​ទៅជាជី ហើយវាចេញជីដោយស្វ័យប្រវត្តិ តាមទុយោ ដូច្នេះ កសិករអាចយកជីហ្នឹងទៅស្រោចដំណាំបាន ដែលជាប្រភេទជីទឹក បន្ទាប់ពី​បានពីរសប្តាហ៍ហើយ យើងអាចបន្តចាក់លាមកសត្វ​ចូល​បាន​រាល់ថ្ងៃ គឺហ្គាសវាមករាល់ថ្ងៃតែម្តង»។

លោកបន្ថែមថា ឡជីវឧស្ម័នដែលក្រុមហ៊ុន អេធិក លក់ទៅឱ្យកសិករមានតម្លៃ ៦៩០ ដុល្លារក្នុង១ឈុត និងមានបង់រំលោះក្នុង១ខែ ២៩ដុល្លារ ផងដែរ។ លោកថា ក្នុង១ឈុតមានឧបករណ៍ ដូចជា ធុងឡ ទុយោតភ្ជាប់ ដុំបន្សុទ្ធ​ខ្យល់ និងចង្គ្រានដាំបាយ។ ឡជីវឧស្ម័ននេះ មានការធានារយៈពេល៣ ឆ្នាំ ហើយវាមានអាយុកាលរហូតដល់ ២៥ ឆ្នាំ។

រូបភាព៖ ហ្វេសប៊ុក ATEC Biodigesters

លោកថ្លែងដូច្នេះថា៖«មានក្រុមការងារយើងចុះទៅតម្លើងឡជូនកសិករដល់ទីតាំង។ ឡយើងសូម្បីកន្លែងទឹកលិចក៏អាចប្រើបាន ដោយសារចាប់ផ្តើមដំបូងហឹ្នង យើងឱ្យប្រជាពលរដ្ឋនៅតំបន់ទឹកលិចទេ នៅខាងទន្លេសាបទេ ដូច្នេះ ឥឡូវវារីកចម្រើនមកអ្នកនៅលើគោក នៅលើទឹកក៏អាចប្រើបានដែរ គ្មានបញ្ហានោះទេ»។

យោងតាមរបាយការណ៍របស់កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិឆ្នាំ២០២១ បានបង្ហាញថា ប្រសិន​បើ កសិករមានឡជីវឧស្ម័នមួយគាត់អាចសន្សំអុស ឬធ្យូងបាន ២តោនក្នុងឆ្នាំ និងរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាន៣តោនក្នុង១ឡ។

គួរបញ្ជាក់ថា ឡជីវឧស្ម័នមានអត្ថប្រយោជន៍ជាច្រើនមានដូចជា ទទួលហ្គាសសុវត្ថិភាពសម្រាប់ចម្អិនអាហារជាប្រចាំថ្ងៃ ទទួលបានជីសរីរាង្គជាង ៣៣ បាវក្នុង១ខែ សម្រាប់ស្រោចស្រពលើដំណាំគ្រប់ប្រភេទ ចំណេញថវិកា ៣ ០០០រៀលក្នុង១ថ្ងៃពីការទិញហ្គាសកំប៉ុង ចំណេញពេលវេលា ថវិកា និងមិនពិបាកទៅរកអុស៕