សាខាថ្មីនេះ មានទីតាំងនៅផ្ទះលេខ១៨ ផ្លូវជាតិលេខ ៣ ភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវដែលចម្ងាយប្រមាណ ៣០០ ម៉ែត្រពីផ្សារត្រាំខ្នារ។រូបភាព៖​ អិលអូអិលស៊ី

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី(LOLC (Cambodia) Plc)បាន​ពង្រីក​តំបន់​ប្រតិបត្តិការ​បន្ថែម​ទៀត​ នៅ​ក្នុង​ស្រុកបាទី ​ខេត្ត​តាកែវ​ ដើម្បី​ផ្តល់​ជូន​ការ​បម្រើ​សេវា​កាន់​តែ​រហ័ស ​និង​ងាយ​ស្រួល​ជូន​អតិថិជន​នៅក្នុង​តំបន់នេះ។

អិលអូអិលស៊ី ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយ​នៅកម្ពុជាបានប្រកាសជាផ្លូវការនូវ​ការបើកបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជននៅ​សាខាថ្មីមួយ​ នៅ​ស្រុកបាទី ខេត្តតាកែវ កាលពី​ថ្ងៃ​​ទី០១ ខែសីហា ឆ្នាំ២០២២។នេះបើ​តាម​សេចក្តី​ប្រកាសព័ត៌មាន​ របស់​អិលអូអិលស៊ី ។

សាខា​នេះ​ មានទីតាំងនៅផ្ទះលេខ១៨ ផ្លូវជាតិលេខ ៣ ភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវដែល​ចម្ងាយប្រមាណ ៣០០ ម៉ែត្រពីផ្សារត្រាំខ្នារ។​

សេចក្តីប្រកាសព័ត៌មាន បាន​ឱ្យដឹងថា​ ការបើកបន្ថែមសាខាថ្មីនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនអាជីវកម្ម និងការគាំទ្រអតិថិជនក្នុងការប្រើប្រាស់សេវារបស់ អិលអូអិលស៊ី ឱ្យបានកាន់តែឆាប់រហ័ស និងងាយស្រួលប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

សេចក្តីប្រកាសព័ត៌មាន​បញ្ជាក់ថា«៖តាមរយៈសាខាស្រុកបាទី-ឃុំសូរភី អតិថិជននឹងរីករាយជាមួយនឹងសេវាជាច្រើនពី អិលអូអិលស៊ី ជាមួយនឹងការផ្តល់ជូននូវលក្ខខណ្ឌយ៉ាងល្អប្រសើរ និងមានភាពបត់បែនខ្ពស់ទៅតាមតម្រូវការ និងស្ថានភាពប្រាក់ចំណូលរបស់ពួកគាត់។ សាខាខាងលើ​នេះ​ មានសេវាបញ្ញើសន្សំ​ សេវាឥណទាន សេវាធនាគារចល័ត (អាយផេ ខេមបូឌា) សេវាផ្ទេរប្រាក់ក្នុងស្រុក និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា៖«លើសពីនោះ អតិថិជននឹងងាយស្រួល ក្នុងការទទួលយកសេវាហិរញ្ញវត្ថុដែលប្រកបដោយភាព ងាយស្រួលជាមួយនឹងទីតាំងការិយាល័យដ៏ស្រស់ស្អាត ធំទូលាយ ប្រកបដោយផាសុកភាព និងងាយស្រួលចតយានជំនិះក្នុងអំឡុងប្រើប្រាស់សេវានៅទីតាំងការិយាល័យសាខាយើងផ្ទាល់ ផងដែរ»។

អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏លេចធ្លោមួយនៅកម្ពុជា​​ មានទ្រព្យសកម្មសរុបជាង១,៣ពាន់លានដុល្លារអាមេរិក និងបុគ្គលិក ដែលមានបទពិសោធន៍ជាង ៣ ៤០០នាក់ គិតត្រឹមខែមីនា ឆ្នាំ២០២២។

តាមរយៈបណ្តាញការិយាល័យចំនួន ៨១នៅទូទាំងប្រទេស អិលអូអិលស៊ី បម្រើអតិថិជនជាង ៣០ម៉ឺននាក់​ជាមួយនឹងផលប័ត្រប្រាក់កម្ចីចំនួន៩០០លានដុល្លារអាមេរិកគិតត្រឹមខែមីនា ឆ្នាំ ២០២១៕