សកម្មភាពឈូសឆាយព្រៃឈើនៅភ្នំតាម៉ៅ។ រូបភាព៖ VOD

លោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា នឹងយកកូនឈើបេងនិងធ្នង់៧០០ដើម ទៅដាំឡើងវិញនៅថ្ងៃស្អែក និងថ្ងៃបន្ទាប់ទៀត នៅតំបន់ដែលត្រូវបានគេឈូសឆាយនៅភ្នំតាម៉ៅ តាមការណែនាំរបស់សម្ដេចនាយរដ្ឋមន្ត្រី ហ៊ុន សែន។

បើតាមការបញ្ជាក់របស់លោកឧកញ៉ា ម៉ុង ឬទ្ធី គឺការឈូសឆាយព្រៃឈើនៅភ្នំតាម៉ៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះអស់ប្រហែល៥០០ហិកតា។ លោកក៏ប្រកាសស្វាគមន៍ពលរដ្ឋដែលចង់ទៅដាំដើមឈើឡើងវិញជាមួយលោកនៅថ្ងៃស្អែក។

សម្ដេច ហ៊ុន សែន បានសម្រេចលុបចោលរាល់ការអនុញ្ញាតឱ្យដោះដូរនិងអភិវឌ្ឍដីនៅភ្នំតាម៉ៅ ហើយត្រូវរក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។ សម្ដេចបានបញ្ជាឱ្យក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ៕