នៅ​ក្នុងខែកក្កដា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរបានទិញបណ្ណមានចំនួន ២៣ ៨៧១នាក់ គិតជាប្រាក់មានចំនួន ៩៥០ ៤៩៧ដុល្លារ។រូបភាព៖​ក្រសួង​ទេសចរណ៍​

គ្រឹះ​ស្ថាន​អង្គរ​(Angkor Enterprise)​ ជា​សហគ្រាស​គ្រប់គ្រង​ការ​លក់​សំបុត្រ​ក្នុង​រមណី​ដ្ឋាន​អង្គរ​ និង​ប្រាសាទ​កោះកែរ ​បាន​រក​ប្រាក់​ចំណូល​បាន​សរុប​ចំនួន​ ៣ ៣៧០ ៥៧៨​ដុល្លារ​ក្នុង​រយៈ​ពេល​៧ខែ​ដំបូង​ឆ្នាំ​២០២២​ កើន​ឡើង ​១ ៣១៦% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២១​។​

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​គ្រឹះ​ស្ថាន​អង្គរ​ បាន​ឱ្យដឹងថា ​ក្នុង​រយៈ​ពេល​៧ខែ ​ឆ្នាំ​នេះ ​ភ្ញៀវទេសចរ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីដ្ឋាន​អង្គរ​ចំនួន​ ៨ ៣៨៥៤នាក់​ កើន​ឡើង​ ១ ៣៥១%​ បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២១ ​ដែល​ជា​ឆ្នាំ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍​ជាសកល​ដោយ​សារ​ជំងឺ​កូវីដ​១៩​។

ដោយឡែក​ ក្នុង​ខែ​កក្កដា​ ឆ្នាំ២០២២​ ចំនួន​ភ្ញៀវទេសចរ​បានទិញប័ណ្ណ​មានចំនួន​ ២៣ ៨៧១នាក់ គិតជាប្រាក់​មានចំនួន ៩៥០ ៤៩៧ដុល្លារ​។

ក្នុង​១​ថ្ងៃ សំបុត្រចូលទស្សនាតំបន់អង្គរ​មាន​​ ៣៧ដុល្លារ។ ៣ថ្ងៃ​មានតម្លៃ ៦២ដុល្លារ និង​៧ថ្ងៃ​មាន​តម្លៃ​៧២ដុល្លារ​។ នេះបើ​យោងតាម​តារាង​តម្លៃ​របស់គ្រឹះស្ថាន​អង្គរ​។

ដើម្បីសម្រួលដល់​វិស័យទេសចរណ៍​ និង​ធានាភាពទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩​ រាជរដ្ឋាភិបាល​បានសម្រេច​បន្តផ្តល់ការលើកទឹកចិត្តដល់ភ្ញៀវទេសចរ​បរទេសដោយការលក់​ប័ណ្ណចូលទស្សនារមណីយដ្ឋាន​រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២២។

សម្រាប់​ប្រភេទប័ណ្ណ​ធម្មតាគឺ ទិញ​ប័ណ្ណចូល​រមណីយដ្ឋាន​អង្គរ​១ថ្ងៃ​ អាចចូលទស្សនា​បាន​រយៈពេល​២ថ្ងៃ​ សុពលភាព​មានរយៈពេល​៥ថ្ងៃ​។ ទិញប័ណ្ណ​ចូល​រមណីយដ្ឋាន​អង្គរ​៣ថ្ងៃ​ អាចទស្សនាបាន​៥ថ្ងៃ​ សុពលភាព១០ថ្ងៃ​ និង​ទិញ​ប័ណ្ណ​ចូល​រមណីយដ្ឋាន​អង្គរ​៧​ថ្ងៃ​ អាចទស្សនា​បាន​ ១០ ថ្ងៃសុពលភាព​ ៣០ថ្ងៃ។

សម្រាប់​ប្រភេទប័ណ្ណ​រយៈ​ពេល​វែង​ចាប់ពី​៣ខែឡើងទៅ​គឺ ​ទិញ​ប័ណ្ណចូល​រមណីយដ្ឋាន​អង្គរសម្រាប់រយៈពេល​១ខែ​ អាចទស្សនា​បាន​២ខែ​។​ ទិញ​ប័ណ្ណចូល​រមណីយដ្ឋាន​អង្គរមានរយៈពេល៣ខែ អាចទស្សនា​បាន​៦ខែ​ និង ទិញ​ប័ណ្ណចូល​រមណីយដ្ឋាន​អង្គរមានរយៈពេល៦ខែ អាចទស្សនា​បាន​រយៈពេល ១២ខែ​។

ក្នុង​ឆ្នាំ​២០២១ គ្រឹះ​ស្ថាន​អង្គរ​បាន​លក់សំបុត្រ​ជូនភ្ញៀវទេសចរ​សរុប​ ១២ ៨៧៣នាក់ គិតជាប្រាក់​មានចំនួន ៥២៨ ១២១ដុល្លារ​ ធ្លាក់ចុះជាង​៩៧% បើធៀបនឹង​ឆ្នាំ​២០២០៕