
រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទានដល់កម្ពុជានូវទឹកប្រាក់ ៤២,៣៨៨,០០០,០០០ យ៉េន(ជាង៣១០លានដុល្លារ)សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១។នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖« ឥណទានសម្បទាននេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីប្រទេសទាំង២កាលពីដើមឆ្នាំនេះ»។
សេចក្តីប្រកាសព័ត៌មាន បន្តថា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្រ្តីការបរទេសជប៉ុន និងចុះហត្ថលេខាប្តូរសានិងឯកសាពាក់ព័ន្ធ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៦ សីហានេះ នៅវិមានសន្តិភាព។
កិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងខាងលើនឹងធ្វើឡើងរវាងលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហារឹកុ ប្រធានតំណាង JICA ប្រចាំកម្ពុជា៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022