លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។រូបភាព៖ ឧកញ្ញា លឹម ហេង

កម្ពុជា​បាន​បើក​ការិយាល័យ​តំណាង​សភាពាណិជ្ជ​កម្ម​នៅ​ទី​ក្រុង​តូរ៉ុនតូ​ ខេត្ត​អុន​តា​រីយ៉ូ​ ប្រទេស​កាណាដា ​ដើម្បី​ផ្សព្វ​ផ្សាយ​សក្តានុពល​វិនិយោគ​ និង​ទាក់​ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើនថែម​ទៀត​។

នេះជា​តំណាង​ការិយាល័យ​សភាពាណិជ្ជកម្ម​ទី២ បន្ទាប់ពីការិយាល័យតំណាងសភាពាណិជ្ជកម្ម​ត្រូវ​បានបើកនៅតំបន់សេនដៃ ប្រទេសជប៉ុន​។

ការ​បង្កើត​ការិយាល័យ​តំណាងនេះ ​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​សមាជិក​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​ទី​ក្រុង​តូរ៉ុនតូ​សម្រាប់​អាណត្តិទី​១។

យោង​តាម​សេចក្តី​សម្រេច​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ ទទួល​ស្គាល់​សមាជិក​ការិយាល័យ​តំណាង​សភាពាណិជ្ជ​កម្ម​កម្ពុជា​នៅ​ទីក្រុង​តូរ៉ុនតូ​ប្រទេស​កាណាដា​មាន​ចំនួន​៩​រូប​សម្រាប់​អាណត្តិទី១​។ ក្នុង​ចំណោម​៩រូប ​រដ្ឋាភិបាល​ទទួល​ស្គាល់​លោក ​វង្ស ​ឡេងនី​ ជា​ប្រធាន​ការិយាល័យ​​តំណាង​សភាពាណិជ្ជ​កម្ម​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​តូរ៉ុនតូ​សម្រាប់​អាណត្តិទី១ ​។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ការិយាល័យ​តំណាង​សភាពាណិជ្ជ​កម្ម​កម្ពុជា​នៅ​ទី​ក្រុង​តូរ៉ុនតូ​ ប្រទេសកាណាដា ​បាន​ប្រព្រឹត្តិ​ទៅ​ស្រប​តាម​ច្បាប់​ស្តីពី​សភា​ពាណិជ្ជ​កម្ម​និង​នីតិវិធី​ជាធរមាន​នៅថ្ងៃទី២៨​ ខែឧសភា ​ឆ្នាំ​២០២២ ​ក្រោម​អធិបតី​ភាព​ លោក​ ម៉ៅ ថូរ៉ា​ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ជាប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ និង​អញ្ញើញ​ចូល​រួម​ពី​លោក ​លឹម ​ហេង ​អនុ​ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជា​តំណាង​លោក ​គិត ​ម៉េង ​ប្រធាន​សភាពាជ្ជកម្ម​កម្ពុជា​។នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌​មាន​បន្ត​ថា​៖​«ការិយាល័យ​តំណាង​សភាពាណិជ្ជ​កម្ម​កម្ពុជា​នៅ​ទីក្រុង​តូរ៉ុនតូ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​សម្រប​សម្រួល​ពាណិជ្ជ​កម្ម​កម្ពុជា​-កាណាដា​ ក៏ដូច​ជា ​ជួយជំរុញ​និង​ទាក់ទាញ​វិនិយោគិន​កាណាដា​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត​»។

លោក ​លឹម​ ហេង​ អនុ​ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជា​ ប្រាប់​ខ្មែរ​ណាស់​ថា​ការបង្កើត​ការិ​យាល័យ​តំណាង​សភាពាណិជ្ជ​កម្មនេះ​នឹង​ផ្តល់​លទ្ធ​ភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​សក្តានុ​ពល​វិនិយោគ​និង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាងវិនិយោគិន​កម្ពុជា​-កាណាដា​។​

លោក​បន្ត​ថា​ ក្រៅ​ពី​បង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជ​កម្ម​នៅ​ទីក្រុង​តូរ៉ុនតូ ​កម្ពុជា​ក៏គ្រោង​នឹង​បង្កើត​ការិយាល័យ​តំណាង​ដូច​គ្នា​នេះ​មួយ​ទៀត​នៅ​ទីក្រុង​ម៉ុង​រ៉េអាល​ ប្រទេស​កាណាដា​ ឆាប់ៗ​នេះ ​ផងដែរ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖«យើង​ឃើញ​ថា​ការ​បង្កើត​តំណាង​ការិយាល័យ​នេះ​ក្នុង​គោល​បំណងដើម្បី​ផ្សព្វ​ផ្សាយ​គោល​នយោបាយ ​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេងៗ​ ដែល​មាន​ចំណាប់​អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​ដោយ​គាត់​អាច​ទំនាក់​ទំនង​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​យើង​នៅ​ប្រចាំ​ទីនោះ»។

លោកបន្ថែមថា បច្ចុប្បន្ន ​ការិយាល័យ​តំណាង​សភាពាណិជ្ជ​កម្ម​កម្ពុជា​កំពុង​ដំណើរការ​នៅ​ប្រទេស​ជប៉ុន​ ហើយ​ នៅពេល​អនាគត​ នឹង​មាន​បង្កើត​តំណាង​ការិយាល័យ​សភាពាណិជ្ជ​កម្ម​នៅ​សហគមន៍​អឺរ៉ុប​ ​អាមេរិក ​និង​ចិន​។

 លោកថា៖«យើង​នឹង​បង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជ​កម្ម​នៅ​អឺរ៉ុប​ ពិសេស​ប្រទេស​ដែល​មានសេដ្ឋ​កិច្ច​ជឿនលឿន​ដែល​យើង​យល់ថា​បាន​ផ្តល់ផលប្រយោជន៍​ដល់ប្រទេស​កម្ពុជា​ ហើយ​យើង​ក៏នឹងបង្កើត​តំណាងការិយាល័យសភាពាណិជ្ជកម្ម​នៅប្រទេសចិន ផងដែរ»៕