ៅក្នុងចំណោមឯកសារបីប្រភេទ គឺបណ្ណបើកបរ បណ្ណសម្គាល់យានយន្ត និងវិញ្ញណបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឬហៅថាឆៀក គឺមិនតម្រូវឱ្យភ្ជាប់ជាឯកសារដើមទាំងអស់ឡើយ។ នេះបើតាមការសេចក្ដីជូនដំណឹងថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃសុក្រទី៥សីហានេះ។

យោងតាមសេចក្ដីណែនាំថ្មីរបស់ក្រសួងសាធារណការនេះបញ្ជាក់ថា នៅពេលបើកបរតាមដងផ្លូវ គឺតម្រូវឱ្យមានបណ្ណបើកបរជាឯកសារច្បាប់ដើម ប៉ុន្តែឯកសារសម្គាល់យានយន្ត គឺអាចប្រើប្រាស់ជាឯកសារច្បាប់ថតចម្លង។ ប៉ុន្តែប្រសិនបើបណ្ណសម្គាល់យានយន្តមិនមានQR Code គឺតម្រូវឱ្យឯកសារច្បាប់ថតចម្លងនោះ មានការបញ្ជាក់ពីសមត្ថកិច្ច ទើបអាចប្រើប្រាស់បាន។

រីឯវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈយានយន្ត ក៏អាចប្រើប្រាស់ជាឯកសារច្បាប់ថតចម្លងបានដែរ ហើយរថយន្តដឹកទំនិញនិងដឹកអ្នកដំណើរ ត្រូវមានឯកសារបន្ថែម គឺលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន។ ក្រសូងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ក្រសួងបានបញ្ចូល QR Code លើឯកសារទាំងបីប្រភេទនេះតាំងពីឆ្នាំ២០១៧ គឺដើម្បីងាយស្រួលគ្រប់គ្រង។

ការបំភ្លឺរបស់ក្រសួងសាធារណការនេះ ខណៈមានការរិះគន់ពីប្រជាពលរដ្ឋ ជុំវិញការលើកឡើងមន្រ្តីរបស់ក្រសួងថា អ្នកបើកបរត្រូវភ្ជាប់ឯកសារទាំងបីប្រភេទនេះ ជាឯកសារច្បាប់ដើម។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់កាលពីថ្ងៃទី៣០កក្កដាថា ដើម្បីទទួលស្គាល់ជាឯកសារស្របច្បាប់ និងត្រឹមត្រូវ គឺអ្នកបើកបរត្រូវដាក់តាមខ្លួន នូវបណ្ណបើក បណ្ណសម្គាល់យានយន្ត និងវិញ្ញាណបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ជាឯកសារដើម មិនអនុញ្ញាតឱ្យមានច្បាប់ថតចម្លងនោះទេ៕