សម្បកគ្រឿងសមុទ្រកំពុងមានទីផ្សារនាំចេញទៅក្រៅប្រទេស។ រូបភាព៖ ហ្វេសប៊ុក Phirun Nhean

សម្បក​ក្តាម​ បង្គា អយស្ទ័រ​ និងត្រីសមុទ្រ​ក្រៀម​ ត្រូវ​បាន​ឈ្មួញ​កណ្តាល​នៅកម្ពុជា​ប្រមូលទិញពីប្រជានេសាទប្រមាណ​​៣០​តោនក្នុង១ខែ​ ​ដើម្បី​យកទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាមនិង​ថៃ​ ដើម្បី​ធ្វើជា​វត្ថុធាតុ​ដើម​សម្រាប់​ផលិតជាចំណី​សត្វ ​និងជី​កសិកម្ម​។​

លោក អ៊ំ ញាណភិរុណ អ្នកប្រមូលទិញសម្បកគ្រឿងសមុទ្រទាំងនេះ​ស្ថិត​នៅខេត្តកំពត បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៥ សីហានេះថា​ អស់រយៈពេលជាង៥ ឆ្នាំហើយ ដែល​លោកបានប្រកបមុខរបរលក់សម្បកក្តាម​ សម្បក​បង្គា សម្បកអយស្ទ័រ និងកូនត្រីសមុទ្រក្រៀម ដើម្បី​ផ្គត់​ផ្គង់​ឱ្យក្រុមហ៊ុនផលិតជីកសិកម្ម និងអ្នកចិញ្ចឹមសត្វក្នុងស្រុក និងលក់ចេញទៅឱ្យឈ្មួញនៅប្រទេសថៃ និងវៀតណាម ផងដែរ។

លោកថ្លែងដូច្នេះថា៖«ទីផ្សារយើងលក់នៅខ្មែរខ្លះ យើងយកទៅវៀតណាម និងថៃ និង​​លក់​នៅស្រុក​ខ្មែរយើង​បាន១០ភាគរយប៉ុណ្ណោះ ខណៈអាចនាំចេញទៅក្រៅបាន២០ ទៅ៣០ តោនក្នុង១ខែ និយាយរួមគេយកទៅធ្វើជី ធ្វើចំណីសត្វ។ នៅខ្មែរលក់មិនសូវដាច់ច្រើន ដោយសារមិនទាន់មានអ្នកចេះកែច្នៃច្រើន»។

លោកបន្តថា សម្បកបង្គា និង​សម្បកក្តាមមានតម្លៃ ២ពាន់រៀលក្នុង១គីឡូក្រាម។ ចំណែក កូនត្រីសមុទ្រក្រៀម ​មានតម្លៃ៤ ៥០០រៀលក្នុង១គីឡូក្រាម។​ វត្ថុធាតុដើមទាំងនេះ ភាគច្រើនគេ​យកទៅ​ផលិតជាចំណីសត្វ​សម្រាប់អ្នកចិញ្ចឹមគោ និងជ្រូក​។

លោកថ្លែងដូច្នេះថា៖«ត្រីហាលយើងហ្នឹងធ្លាប់មានអ្នកយកទៅពិសោធន៍មានប្រូតេអ៊ីនជាង៦០% សម្បក​បង្គាមាន៣០% សម្បកក្តាមមាន២៦% និងសម្បក​អយស្ទ័រមានសារធាតុកាល់ស្យូម។ និយាយរួមមានការគាំទ្របណ្តើរៗ ឥវ៉ាន់យើងមានតិច វាអត់សូវមានដែរឥឡូវនេះ ដោយសារអាកាសធាតុប្រែប្រួល»។

រូបភាព៖ ហ្វេសប៊ុក Phirun Nhean

ក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឈ័រ(Huy Yun Agriculture)ដែល​ជា​អ្នក​ផលិត និងចែកចាយជីធម្មជាតិក្នុងស្រុក​ បាន​​ប្រមូល​ទិញ​វត្ថុធាតុ​ជិត ​២០០​តោនក្នុង​១ថ្ងៃ ​សម្រាប់ផលិតជីធម្មជាតិ​ផ្គត់ផ្គង់​លើទីផ្សារ​ដែល​កំពុង​មានសន្ទុះ​កើន​ឡើង​។

លោក យន់ សុផាត អគ្គនាយក​ក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឈ័រ ប្រាប់ខ្មែរណាស់កាលពីខែ​មិថុនា​ ឆ្នាំនេះ​ថា ក្នុង​១ថ្ងៃ​ក្រុមហ៊ុន​ផលិត​ជីធម្មជាតិ​បានប្រមាណ ១០០តោន ដូច្នេះ​ត្រូវ​ការ​វត្ថុធាតុដើ​ម​ប្រហែល​២០០​តោន ​ដើម្បី​អាច​ផលិត​ជី​តាម​ផែនការ​។ នាពេលនេះ តម្រូវ​ការ​វត្ថុធាតុដើម​សម្រាប់​ផលិតជី​ធម្មជាតិរបស់​ក្រុមហ៊ុន ​បានកើនឡើងពាក់កណ្តាល​បើធៀបនឹង​ឆ្នាំមុន​។

លោកថ្លែងដូច្នេះថា៖«វត្ថុធាតុដើម​ចម្បងជាងគេ គឺលាមកគោ លាមកមាន់ លាមកជ្រូក បន្ទាប់មក​យើង​មានសម្បក​​ខ្ចៅ ខ្ចង សម្បក​អយស្ទ័រ​ បង្គា និង​កាកសំណល់ទឹកត្រី ​ជាដើម។ ដោយសារការផលិតកើន​ឡើង ដូច្នេះតម្រូវ​ការជីធម្មជាតិ​លើទីផ្សារក៏​​ខ្ពស់​ តែចង្វាក់​ផលិតកម្ម​យើង​នៅមានកម្រិត​នៅឡើយ​»​។

លោកបន្ថែមថា សព្វថ្ងៃ លោកប្រមូលទិញសម្បក​គ្រឿងសមុទ្រទាំងអស់នេះ ពីអ្នកកែច្នៃគ្រឿងសមុទ្រក្រៀម នៅតាមបណ្តា​ខេត្តជាប់មាត់​សមុទ្រ ដូចជា ខេត្តកំពត កោះកុង និងព្រះសីហនុ ដោយក្នុង១ខែប្រមូលទិញបានប្រហែលពី២០ ទៅ៣០តោន។

លោកបានឱ្យដឹងថា មូលហេតុដែលលោកប្រមូលទិញសម្បក​គ្រឿងសមុទ្រទាំង​នេះ ដោយសារកន្លងមកលោកបានធ្វើការឱ្យអង្គការមួយ​ ដែលផ្តោតលើគម្រោងការចិញ្ចឹមសត្វ ហើយក៏ចាប់ផ្តើមសិក្សាអំពីវត្ថុធាតុដើម ដើម្បីផលិតចំណីសត្វ ក៏រកឃើញថាសម្បក​គ្រឿងសមុទ្រជាធាតុផ្សំសម្រាប់ចំណីសត្វ និងជីកសិកម្មដ៏សំខាន់​។

លោកថ្លែងដូច្នេះថា៖«មុខរបរហ្នឹងទើប ខ្ញុំលក់នៅខ្មែរបណ្តើរៗហ្នឹង ពីមុនមកអត់ដែលមានអ្នកលក់ទេ ដោយសារមួយរយៈមុនកូវីដ១៩ ហើយខ្ញុំបានចាប់ផ្តើមលក់នៅខ្មែរបណ្តើរៗ ដោយសារមិនទាន់មានអ្នកចេះប្រើ ប៉ុន្តែឥឡូវឃើញគាត់រៀនធ្វើជី ធ្វើចំណីសត្វច្រើនដែ​រ ដូច្នេះ គាត់ចាប់ផ្តើមចេះផលិតជីនិង​ចំណីសត្វខ្លួនបណ្តើរៗហើយ។ ប៉ុន្តែ​ការប្រកបមុខរបរនេះ មិនសូវទទួលបានចំណូលច្រើននោះទេ ព្រោះវាត្រូវចំណាយដើមទុនប្រមូលទិញនៅទីតាំងផ្សេងៗគ្នា ដែលធ្វើឱ្យលោកត្រូវចំណាយច្រើនលើថ្លៃដឹកជញ្ជូន និងពេលខ្លះទៀតក៏ធ្វើឱ្យខូចខាតមួយចំនួនផងដែរ»៕