លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកបណ្ឌិត Anek Laothamatas រដ្ឋមន្រ្តីក្រសួងអប់រំ វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍(MHESI)នៃប្រទេសថៃ ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំ នៅថ្ងៃទី៥ ខែសីហានេះ នៅទីស្តីការក្រសួងការងារ។រូបភាព៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

កម្ពុជា​-​ថៃ​ បាន​ឯក​ភាព​គ្នា ​នឹង​បង្កើន​កិច្ច​សហ​ប្រតិបតិ្តការ​លើ​ការ​បណ្តុះ​បណ្តាល​បច្ចេកទេសនិង​វិជ្ជាជីវៈ​ជាមួយ​កម្ពុជា​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​។

ការ​ប្តេជ្ញា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​លោក​ Anek​ Laothamatas ​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ វិទ្យាសាស្រ្ត​ ស្រាវជ្រាវ​ និង​នវានុវត្តន៍​(MHESI)​នៃ​ប្រទេស​ថៃ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ​អ៊ិត ​សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នៅ​ថ្ងៃ​ទី​៥ ​ខែ​សីហានេះ​ នៅ​ទីស្តីការ​ក្រសួង​ការងារ​។

លោក ​អ៊ិត ​សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​កម្ពុជា។រូបភាព៖ក្រសួងការងារ​

ក្នុង​ជំនួប​នេះ ​លោក​រដ្ឋ​មន្រ្តី​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​រាជ​រដ្ឋាភិបាល​ថៃ ​ដែល​ទទួល​បាន​ជោគ​ជ័យ ​ក្នុង​ការ​អភិវឌ្ឍ​ធន​ធន​មនុស្ស ​ហេដ្ឋា​រចនាសម្ព័ន្ធ​ និង​គម្រោង​ជា​ច្រើន​ ដើម្បី​ចែក​រំលែក​មក​ដល់​ប្រទេស​ជិត​ខាង​។ ​លោកថា​ ចំពោះ ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​ផ្តល់​អាទិភាព​ខ្ពស់​លំដាប់​ទី​១​នៃ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​។

លោក​រដ្ឋ​មន្រ្តី​បន្ថែម​ថា ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ កម្ពុជា​មាន​ប្រព័ន្ធ​បណ្តុះ​បណ្តាល​ផ្នែក​បច្ចេក​ទេស​វិជ្ជា​ជីវៈ​នេះ ​ចាប់​ពី​កម្រិត​វិញ្ញាបន​បត្រ ​រហូត​ដល់​បរិញ្ញាបត្រ។​កម្ពុជាបាន​កំពុង​រៀប​ចំ​អនុវត្ត​ នូវគោលនយោបាយជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជម្រុញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

លោកថ្លែងដូច្នេះថា៖«ខ្ញុំសូម​ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់គាំទ្រវិស័យធនធានមនុស្សកម្ពុជា ជាពិសេស សម្តចព្រះមហាក្សត្រីចក្រីសុរិន្ទថន ដែលសព្វព្រះហទ័យ ថ្វាយអគារសិក្សានៅឯខេត្តកំពង់ធំ និងកំពង់ស្ពឺ នេះជាហទ័យ និងយកចិត្តទុកដាក់ដ៏ធំធេងបំផុតរបស់សម្តចព្រះមហាក្សត្រីមកលើវិស័យអប់រំរបស់កម្ពុជា»។

 លោក​ថ្លែងទៀតថា៖«ជាមួយ កិច្ចសហការរវាងប្រទេសទាំងពីរលើវិស័យបណ្តុះបណ្តាលធនធានមនុស្សនេះ វិទ្យាស្ថានកម្ពុជា-ថៃ (ពូនភ្នំ) ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ធ្វើ ការបណ្តុះបណ្តាល តាំងពីឆ្នាំ២០០២មកម្ល៉េះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ»។

លោក​ Anek​ Laothamatas ​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ វិទ្យាសាស្រ្ត​ ស្រាវជ្រាវ​ និង​នវានុវត្តន៍​(MHESI)​នៃ​ប្រទេស​ថៃ​។រូបភាព៖ក្រសួងការងារ​

លោកសាស្ត្រាចារ្យ Anek Laothamatas បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសថៃគឺ​មានសាលារៀនសម្រាប់ត្រៀមចូលរៀនផ្នែកវិស្វកម្ម និងមហាវិទ្យាល័យសម្រាប់បណ្តុះបណ្តាលគ្រូបច្ចេកទេស និងវិជ្ជាជីវៈ មានឈ្មោះល្បីល្បាញចំនួនពីរ គឺមហាវិទ្យាល័យតិចណូឡូជីរាជមង្គល និងមហាវិទ្យាល័យតិចណូឡូជីព្រះចមក្លាវ។

លោក Anek Laothamatas បន្តថា ប្រសិន​បើ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា មានការចាប់អារម្មរណ៍អាចធ្វើការបញ្ជូនមន្ត្រីទៅរៀនបានដោយ​លោកជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សានឹងមានសមត្ថភាពពេញលេញយកទៅបណ្តុះបណ្តាលបន្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកកត់សម្គាល់ថា សេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនលូតលាស់ ហើយកម្ពុជា-ថៃ នៅតែបន្តសហប្រតិបត្តិការជាមួយគ្នា កាន់តែប្រសើរបន្ថែមទៀត ដើម្បីទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។

លោកសាស្ត្រាចារ្យមានប្រសាសន៍ថា៖«ខ្ញុំសូម​សន្យាផ្តល់អាហារូបករណ៍តាមរយៈមហាវិទ្យាល័យដ៏ល្បីល្បាញចំនួនពីររបស់ថៃខាងលើនេះ ដល់មន្ត្រីរាជការ និងគ្រូបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលកម្ពុជា កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់»។

ភាគីទាំង២​បានឯកភាពគ្នាថា​នឹងបន្តកិច្ចការសំខាន់ៗជាមួយគ្នា ដើម្បី​ឈានទៅ​ដល់​ការអនុស្សរណៈយោគយល់គ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ៕