ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi ថ្លែង​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​ប្រធាន​រដ្ឋសភា​កូរ៉េខាងត្បូង​លោក Kim Jin-pyo (មិន​មាន​បង្ហាញ​ក្នុង​រូប​នេះ) នៅ​រដ្ឋធានី​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាល​ពី​​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២២។

ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង — កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​រួច​មក។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ អ្នកស្រី Pelosi បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​រដ្ឋសភា​កូរ៉េ​ខាង​ត្បូង​លោក Kim Jin Pyo អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

អ្នកស្រី Pelosi និង​លោក Kim Jin Pyo បាន​សន្យា​គាំទ្រ​ឱ្យ​មាន​វិធី​កម្លា​រារាំង​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង និង​គាំទ្រ​ធ្វើ​យ៉ាង​ណា​ឱ្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​លះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

នៅ​ក្រោយ​ជំនួប​នោះ លោក Kim Jin Pyo បាន​អាន​សេចក្ដី​ថ្លែងការណ៍​រួម​ថា កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក «បាន​បង្ហាញ​ក្ដី​បារម្ភ​ទាក់ទិន​នឹង​ស្ថានការណ៍​ធ្ងន់ធ្ងរ ដែល​នៅ​ក្នុង​ស្ថានការណ៍​នោះ កម្រិត​នៃ​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​កំពុង​កើនឡើង​ខ្លាំង»។

អ្នកស្រី Pelosi ក៏​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា អ្នកស្រី​និង​លោក Kim Jin Pyo បាន​ពិភាក្សា​អំពី​វិធី​នៅ​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​បញ្ហា​សន្តិសុខ​តំបន់ សេដ្ឋកិច្ច និង​អាកាសធាតុ។

ប្រធានធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol មិន​បាន​ជួប​ជាមួយ​នឹង​អ្នកស្រី Pelosi នោះ​ទេ ដោយសារតែ​លោក​កំពុង​ឈប់​សម្រាក​នៅ​សប្ដាហ៍​នេះ ប៉ុន្តែ​លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ៤០ នាទី​ជាមួយ​នឹង​អ្នកស្រី Pelosi ដោយ​លោក​បាន​សន្យា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​នឹង​សភា​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Kim Tae Hyo ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

បន្ទាប់ពី​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មក អ្នកស្រី Pelosi បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ទៅ​កាន់​ទ្វីប​អាស៊ី បន្ទាប់ពី​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី កោះ​តៃវ៉ាន់ និង​កូរ៉េ​ខាង​ត្បូង។

អ្នកស្រី Pelosi គ្រោង​មាន​ជំនួប​ពិសារ​អាហារ​ពេល​ព្រឹក​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នៅ​ថ្ងៃ​សុក្រ៕