ការិយាល័យ​កណ្តាល ធនាគារ សហគ្រាសធុនតូច និងមធ្យម(SME Bank)។រូបភាព៖​SME Bank

ធនាគារ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​(SME Bank) ​បាន​អនុម័ត​សំណើ​ចំនួន ​៧៤ ​ក្នុង​ទំហំ​ទឹក​ប្រាក់ ​១០​លាន​ដុល្លារ​ដល់​អ្នក​នៅ​ក្នុង​វិស័យ​ទេចរណ៍​ ដើម្បី​ប្រើ​ប្រាស់​កម្ចី​សម្រាប់​ស្តារ​អាជីវ​កម្ម​ឡើង​វិញ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​វិបត្តិ​កូវីដ​១៩​។

SME ​Bank ​និង​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ (PFIs)​ ជា​ដៃគូ​ចំនួន​១៩​ បាន​ប្រកាស​ចាប់​ផ្តើម​ទទួល​សំណើ​សុំ​ឥណទាន​ក្រោម​គម្រោង​សហ​ហិរញ្ញប្ប​ទាន​ស្តារ​ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​ចាប់​ពី​ថ្ងៃ​ទី១​ ខែ​កក្កដា ​ឆ្នាំ​២០២២ ​តទៅ​។​

ការ​ប្រកាស​ទទួល​សំណើ​ឥណ​ទាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋា​ភិបាល​តាម​រយៈ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ​នៅ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ​ឆ្នាំ​២០២២ ​បាន​សម្ពោធ​ដាក់ឱ្យ​​ដំណើរ​ការ​«គម្រោង​សហ​ហិរញ្ញប្ប​ទាន​ស្តារ​វិស័យ​ទេសចរណ៍»​ ជាមួយ​នឹង​ថវិកា​សរុប​ចំនួន​ ១៥០​ លាន​ដុល្លារ​។

លោក ​លឹម ​អូន ​អគ្គ​នាយក​ SME ​Bank។រូបភាព៖ វេបសាយ SME ​Bank

លោក ​លឹម ​អូន ​អគ្គ​នាយក​ SME ​Bank​ ប្រាប់​ខ្មែរ​ណាស់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​គិត​ចាប់​តាំង​ពី​ដាក់​ឱ្យ​ដំណើរ​ការ​គម្រោង​សហ​ហិរញ្ញប្ប​ទាន​នេះ​ SME Bank ​បាន​អនុម័ត​ជូន​អតិថិ​ជន​ចំនួន​ ៧៤ ​សហ​គ្រាស​ គិត​ជា​ទឹក​ប្រាក់​ចំនួន​ ១០​លាន​ដុល្លារ​ដល់​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​កូវីដ​១៩​។

លោក ​លឹម​ អូន​ បន្ត​ថា​ ក្នុង​នោះ ​អ្នក​នៅ​ក្នុង​វិស័យ​ភោជនីយ​ដ្ឋាន​ទទួល​បាន​កម្ចី​ច្រើន​ជាង​គេ​រហូត​ដល់ ​៣៣​ អតិថិជន​ ក្នុង​ទំហំ​ទឹក​ប្រាក់​ ១,៩​លាន​ដុល្លារ​ បន្ទាប់​មក​អ្នក​ក្នុង​វិស័យ​ សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​មាន​ចំនួន​ ៣២​អតិថិជន​ ក្នុង​ទំហំ​ទឹក​ប្រាក់​ ២,៨​លាន​ដុល្លារ​ និង ​៩ ​សហ​គ្រាស​ទៀត​ មាន​ទឹក​ប្រាក់​ជាង​ ៥៩​ម៉ឺន​ដុល្លារ​។ ​ប៉ុន្តែ​ក្នុង​ចំណោម ​៧៤ ​សំណើ ​មាន​សំណើ​២​ត្រូវ​បាន​បដិសេធ ​ដោយ​សារ​គោល​បំណង​កម្ចី​នោះ​ខុស​ពី​គោល​ដៅ​របស់​គម្រោង​។​

លោក​ថ្លែង​ដូច្នេះ​ថា​៖​«រដ្ឋា​ភិបាល​មាន​សកម្ម​ភាព​ច្រើន​ទាក់​ទង​នឹង​កិច្ច​ការងារ​លើ​វិស័យ​ទេសចរណ៍​ ពិសេស​ក្រសួង​ទេសចរណ៍​ ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​សុខាភិបាល​ និង​អ្នក​ពាក់​ព័ន្ធ​ នៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ទេសចរ​ណ៍​។ ​យើង​ឃើញ​ឱ្យ​រដ្ឋាភិបាល​បន្ត​លើក​លែង​ពន្ធ​ សម្រួល​លក្ខ​ខណ្ឌ​វិធាន​ការ​កូវីដ​១៩​ដល់​អ្នក​ទេសចរ​ ជាដើម​»។

លោក​បន្ត​ទៀ​ថា​៖​«​បន្ថែម​ពី​លើ​លនេះ ​ធនគារ ​SME Bank​ ជា​អ្នក​អនុវត្ត​គម្រោង​នេះ ​យើង​ឃើញ​ថា​បញ្ហា​ហិរញ្ញ​វត្ថុ​ក៏​ជា​ចំណុច​មួយ​សំខាន់​ដែរ​ ដើម្បី​ពួក​គាត់​មាន​ឱកាស​ចាប់​ផ្តើម​អាជីវកម្ម​ឡើង​វិញ​ ឬក៏​ធ្វើ​ទំនើប​កម្ម​ទៅ​លើ​អាជីវកម្ម​របស់​គាត់​ឡើង​វិញ​។​ ប៉ុន្តែ​សហ​ហិរញ្ញប្បទាន​ ១៥០​លាន​ដុល្លារ​វា​មិន​មែន​ទំហំ​ទឹក​ប្រាក់​ដ៏​ច្រើន​នោះ​ទេ​ វា​គ្រាន់​តែ​ជា​ការ​រួម​ចំណែក​មួយ​ក្នុង​ការ​ជំរុញ​វិស័យ​ទេចរណ៍​។ ​បើ​ថា​ជួយ​ឱ្យ​បាន​ទាំង​ស្រុង​១០០%​ មិន​បាន​ទេ ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប៉ុណ្ណឹង​ យើង​ជួយ​បាន​មួយ​ចំណែក​ប៉ុណ្ណោះ​»​។

ក្នុង​ចំណោម​ថវិកា​ ១៥០​លាន​ដុល្លារ​គឺ ​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋា​ភិបាល​ចំនួន​ ៧៥​លាន​ដុល្លារ​តាម​រយៈ​ SME ​Bank ​និង​ថវិកា​បដិភាគ​របស់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ទាំង​១៩​ ចំនួន​ ៧៥​លាន​ដុល្លារ​។

លោក ​លឹម​ អូន​ ធា្លប់​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ផ្សាយ​នៅ​ដើម​ខែ​កក្កដា​ថា ​ម្ចាស់​អាជីវ​កម្ម​ក្នុង​វិស័យ​ទេស​ចរណ៍​អាច​ចាប់​ផ្តើម​ស្នើ​សុំ​កម្ចី​ដែល​មាន​ទំហំ​រហូត​ដល់ ​៤០០​ ០០០​ដុល្លារ ​ឬ​សម​មូល​ជា​ប្រាក់​រៀល ​នូវ​អត្រាការ​ប្រាក់​ទាប​ត្រឹម​តែ ​៦,៥% ​ក្នុង​មួយ​ឆ្នាំ ​និង​រយៈពេល​ឥណទាន​រហូត​ដល់ ​៧ ឆ្នាំ​ ហើយ​រយៈ​ពេល​អនុ​គ្រោះ​បង់​ប្រាក់​ដើម​រហូត​ដល់ ​១២​ខែ​។

លោក​ថ្លែង​​ថា​៖«​ឥណទាន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​គោល​បំណង​ស្តារ​ប្រតិបត្តិ​ការ​អាជីវ​កម្ម​ឡើង​វិញ​ ការ​កែលម្អ ​និង​ធ្វើ​ទំនើប​កម្ម​ ការ​ពង្រីក​ខ្លួន​បន្ថែម​ និង​ធ្វើ​ពិពិធ​កម្ម​សេវា​ទេសចរណ៍ ​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​»៕