រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងពិធីបង្ហាញផលិតផលកសិកម្មរបស់កម្ពុជានៅមជ្ឈមណ្ឌល AmCam Exchange រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។

ភ្នំពេញ — រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​ប្រាប់​សមភាគី​របស់​លោក​នៃ​សមាគម​អាស៊ាន (ASEAN) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​កិច្ច​ប្រឹងប្រែង​ឯកតោ​ភាគី​ណា​មួយ​ដែល​ធ្វើ​ឱ្យ​ប្រែប្រួល​ដល់​ស្ថានភាព​បច្ចុប្បន្ន​របស់​កោះ​តៃវ៉ាន់ ជាពិសេស​តាម​រយៈ​ការ​ប្រើ​កម្លាំង។

លោក Blinken ក៏​បាន​លើកឡើង​ផង​ដែរ​ថា គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​គឺ​នៅ​ដដែល​មិន​ប្រែប្រួល​នោះ​ទេ។

លោក Blinken បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ថា បញ្ហា​ស្ថិរភាព​រវាង​ចិន​និង​តៃវ៉ាន់​គឺ​ជា​ចំណាប់​អារម្មណ៍​របស់​តំបន់​ទាំង​មូល។

នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នោះ​ដែរ បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​អំពាវនាវ​ឱ្យ​មាន «ការ​អត់ធ្មត់​ខ្ពស់» ចំពោះ​ស្ថានការណ៍​វិវត្ត​ចុងក្រោយ​ទាក់ទិន​នឹង​រឿង​តៃវ៉ាន់ និង​បាន​ព្រមាន​អំពី​ហានិភ័យ​ដែល​អាច​កើតឡើង ប្រសិនបើ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​អាច​ប្រែប្រួល​លឿន​ឈាន​ទៅ​ដល់ «ការ​គិត​ខុស ការ​ប្រឈម​មុខ​ដាក់​គ្នា​ធ្ងន់ធ្ងរ សង្គ្រាម​បើក​ចំហ និង​ផល​វិបាក​ដែល​នឹក​ស្មាន​មិន​ដល់​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ធំៗ»។

ជាង​នេះ​ទៀត លោក Blinken បាន​បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ស្ដាប់​នូវ​ទស្សនៈ​ពី​សមាគម​អាស៊ាន​អំពី​របៀប​ដែល​អាស៊ាន​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ក្រុម​ប្រទេស Quad (Quadrilateral Security Dialogue) បាន។ ក្រុម​ប្រទេស Quad នេះ​គឺ​ជា​ក្រុម​ប្រទេស​សន្ទនា​ផ្នែក​សន្តិសុខ​ចតុភាគី ដែល​មាន​សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន​ជា​សមាជិក៕