រូបថត​ពី​ទូរទស្សន៍​រដ្ឋ​ចិន CCTV នេះ​បង្ហាញ​ពី​មីស៊ីល​ត្រូវ​បាន​បាញ់​ចេញ​ពី​កន្លែង​ដែល​គេ​មិន​ដឹង​មួយ​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២២។

ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ — នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ចិន​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​រយៈពេល ៤ ថ្ងៃ នៅ​តាម​តំបន់​ចំនួន ៧ នៅ​ជុំវិញ​កោះ​តៃវ៉ាន់ បន្ទាប់ពី​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​រួច​មក។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​ថា យោធា​ចិន​បាន​ធ្វើ «ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​រយៈ​ចម្ងាយ​ឆ្ងាយ» នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ម៉ោង​ប្រមាណ​ជា ១ រសៀល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បាន​បញ្ជាក់​ដោយ​មិន​រៀបរាប់​បន្ថែម​ថា៖ «លទ្ធផល​ដែល​រំពឹង​ទុក​ត្រូវ​បាន​សម្រេច​ហើយ»។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បញ្ជាក់​ថា យោធា​ចិន​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល Dongfeng ចូល​ក្នុង​ដែន​ទឹក​នៅ​ជិត​មាត់​សមុទ្រ​ភាគ​ខាង​កើត ភាគ​ខាង​ត្បូង និង​ភាគ​ខាង​ជើង​កោះ​តៃវ៉ាន់​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍។

ឧទ្ធម្ភាគចក្រ​ចិន​ហោះ​កាត់​កោះ Pingtan នៃ​ខេត្ត Fujian ដែល​ជា​ដែនដី​ចិន​ដីគោក​ដែល​គៀក​បំផុត​នឹង​ដែនដី​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២២ នៅ​មុន​ពេល​សមយុទ្ធ​យោធាទ្រង់ទ្រាយ​ធំ​ នៅ​ក្រោយ​ទស្សនកិច្ចរបស់​ប្រធាន​រដ្ឋសភា​អាមេរិក Nancy Pelosi ទៅ​កោះ​តៃវ៉ាន់។
ឧទ្ធម្ភាគចក្រ​ចិន​ហោះ​កាត់​កោះ Pingtan នៃ​ខេត្ត Fujian ដែល​ជា​ដែនដី​ចិន​ដីគោក​ដែល​គៀក​បំផុត​នឹង​ដែនដី​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២២ នៅ​មុន​ពេល​សមយុទ្ធ​យោធាទ្រង់ទ្រាយ​ធំ​ នៅ​ក្រោយ​ទស្សនកិច្ចរបស់​ប្រធាន​រដ្ឋសភា​អាមេរិក Nancy Pelosi ទៅ​កោះ​តៃវ៉ាន់។

ប្រសិនបើ​សមយុទ្ធ​នេះ​បន្ត​ទៅ​មុខ​ដូច​ការ​ប្រកាស​របស់​ចិន សមយុទ្ធ​នេះ​នឹង​ក្លាយជា​សមយុទ្ធ​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ដោយ​ហេតុ​ថា តំបន់​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​មួយ​ក្នុង​ចំណោម​តំបន់​ទាំង ៧ ដែល​យោធា​ចិន​បាន​កំណត់​ទុក​នេះ គឺ​មាន​ចម្ងាយ​តិច​ជាង ២០ គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​មាត់​សមុទ្រ​ភាគ​ខាង​ត្បូង​របស់​កោះ​តៃវ៉ាន់។

យោធា​តៃវ៉ាន់​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ខ្លួន​កំពុង​បន្ត​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​លើ​សកម្មភាព «មិន​សម​ហេតុ​ផល» របស់​យោធា​ចិន​នេះ ហើយ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ទប់ទល់​នឹង​ជម្លោះ​ណា​មួយ​ដែល​អាច​កើត​មាន ប៉ុន្តែ​ថា​ខ្លួន​មិន​ចង់​ឱ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​តៃវ៉ាន់​បាន​និយាយ​ថា ការ​ធ្វើ​សមយុទ្ធ​របស់​យោធា​ចិន​លើក​នេះ​គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​បូរណភាព​ដែន​ទឹក​របស់​តៃវ៉ាន់។ មន្ត្រី​តៃវ៉ាន់​ក៏​បាន​ប្រៀបធៀប​ផង​ដែរ​ថា សមយុទ្ធ​នេះ​គឺ​ប្រៀប​ដូចជា​ការ​បិទ​ខ្ទប់​ដូច្នេះ​ដែរ៕