រដ្ឋបាលព្រៃឈើបានប្រតិកម្មទៅនឹងអ្នករិះគន់ការអភិវឌ្ឍភ្នំតាម៉ៅ និងអះអាងថា ការលើកឡើងរបស់អង្គការ និងសកម្មជនបរិស្ថានកំពុងធ្វើឱ្យមានភ័ន្តច្រឡំ ខណៈការអភិវឌ្ឍនោះ ទោះមានផលប៉ះពាល់តិចតួច ប៉ុន្តែមិនធ្វើប៉ះពាល់សត្វព្រៃឡើយ ផ្ទុយទៅវិញ នឹងផ្ដល់ការងារដល់ពលរដ្ឋ និងផ្ដល់កំណើតដល់សេដ្ឋកិច្ចជាតិ។

សេចក្ដីប្រកាសរបស់រដ្ឋបាលព្រៃឈើចេញផ្សាយនៅថ្ងៃទី៤សីហានេះបានលើកឡើងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយ៍ស្ដារព្រៃឈើមួយ ដែលមានដាំដុះប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ សេចក្ដីប្រកាសបន្តថា រាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់អភិវឌ្ឍ ដោយសារជាតំបន់មួយនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទេន្លេបាទី និងជាតំបន់ពោរពេញទៅដោយដីខ្សាច់ ចំណុះឈើមិនមានការលូតលាស់ល្អទេ៕