ក្រុមហ៊ុន SUMI (Cambodia) Wiring Systems ដែលជាអ្នកវិនិយោគមកពីប្រទេសជប៉ុន ផលិតខ្សែភ្លើងសម្រាប់រថយន្ត កាលពីថ្មីៗនេះបានចាប់ផ្តើមដំណើរការនៅក្នុងរោងចក្រជួលថ្មីមួយទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។រូបភាព៖ហ្វេសប៊ុក Royal Group Phnom Penh SEZ Plc

ការ​នាំ​ចេញ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ ​មាន​តម្លៃ​ជិត​៥០០​លាន​ដុល្លារ​ ក្នុង​រយៈពេល៧​ខែដើមឆ្នាំ​២០២២​ កើន​ ២៦% ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២១​។​នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ​បានផ្សាយ​នៅ​ថ្ងៃទី​៤ កក្កដានេះ​។​

សេចក្តីប្រកាសព័ត៌មានបន្តថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញពីសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់របស់ខ្លួនតាមរយៈការកើនឡើងនៃតម្លៃនាំចេញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានតម្លៃរហូតដល់ ៤៩២,៧លានដុល្លារសហរដ្ឋអាមេរិក ក្នុង​រយៈពេល​៧ខែដំបូងឆ្នាំនេះដែល​នេះ​បង្ហាញពីកំណើនវិជ្ជមានរហូតដល់ ២៦% ធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

លោក UEMATSU Hiroshi នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានថ្លែងថា មូលហេតុចម្បងនៃការកើនឡើងនៃតម្លៃនាំចេញ និងឱកាសការងារកាន់តែច្រើនសម្រាប់កម្មករនិយោជិក គឺកើតឡើងដោយសារតែការពង្រីកផលិតកម្មនៃរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំអេឡិកត្រូនិក។

លោកថ្លែងដូច្នេះថា៖«លើសពីនេះទៀតគឺការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំបំផុតដែលបានពង្រីកសង្វាក់ផលិតកម្មតាមខ្សែឈរ (vertically integrated manufacturer) ពោលគឺមានការផ្គត់ផ្គង់វត្ថុធាតុដើម និងបំពេញគ្រប់ខ្សែសង្វាក់ផលិតកម្មដោយខ្លួនឯងរហូតដល់ផលិតផលសម្រេច»។

ក្រោមការដឹកនាំប្រកបដោយរបស់សម្តេចហ៊ុន សែន កម្ពុជាអាចគ្រប់គ្រងជំងឺរាតត្បាត កូវីដ១៩ បានល្អជាងប្រទេសដទៃទៀតជាច្រើន និងអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចទៀតផង។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ប្តេជ្ញាបន្តគាំទ្រវិនិយោគិន ដើម្បីចូលរួមចំណែកក្នុងវិស័យឧស្សាហូបនីយកម្មរបស់ប្រទេសកម្ពុជា ក៏ដូចជា បង្កើតបរិយាកាសវិនិយោគដែលមានភាពងាយស្រួល ស្របជាមួយនឹងបច្ចេកវិទ្យាទំនើបៗបែបច្នៃប្រឌិត។

លោកបន្តថា៖«ជាមួយនឹងស្ថានភាពនយោបាយ ស្ថានភាពសង្គមដ៏មានស្ថិរភាព និងច្បាប់វិនិយោគថ្មីដ៏ទាក់ទាញនៅប្រទេសកម្ពុជា យើងមានទំនុកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគក្នុងវិស័យផលិតកម្មច្រើនទៀត និងជំរុញបរិមាណនៃការនាំចេញអោយបានកាន់តែច្រើនលើសពីនេះទៀត»។

ជាមួយនឹងផ្ទៃដីសរុប ៣៥៧ហិកតា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានអ្នកវិយោគសរុបចំនួន ១០២ក្រុមហ៊ុន ដែលផ្តល់ការងារដល់កម្មករនិយោជិកចំនួន ៣៩ ១០០នាក់ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ដែលចំនួននេះកើនឡើង ៤២,៩% ធៀបនឹងចំនួនកម្មករនិយោជិក ដែលមានសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២១៕