
ផលិតផលស្នូលពងទាប្រៃរបស់ក្រុមហ៊ុន ភូមិពងទាខ្មែរកំពុងមានតម្រូវការទីផ្សារខ្ពស់សម្រាប់ផ្គត់ផ្គង់ឱ្យអ្នកនៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈនៅរាជធានីភ្នំពេញ។
លោកស្រី ម៉ោង ស្រីពៅ អគ្គនាយិកា ភូមិពងទាខ្មែរ ប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៤ សីហានេះថា នៅឱកាសបុណ្យសែនក្បាលទឹក និងសែនលោកខែខាងមុខតាមប្រពៃណីចិន ភូមិពងទាខ្មែរបានទទួលការបញ្ជាទិញស្នូលពងទាប្រៃរហូតដល់៥០ម៉ឺនគ្រាប់ ប៉ុន្តែមិនអាចអាចផ្គត់ផ្គង់បាននោះទេ ព្រោះភូមិពងទាខ្មែរអាចផលិតបានត្រឹម២០ម៉ឺនគ្រាប់ប៉ុណ្ណោះ។

លោកស្រីថ្លែងដូច្នេះថា៖«យើងទទួលអត់បាន ដោយសារកន្លែងយើងមានកម្រិត ហើយយើងគិតទៅលើគុណភាពស្តង់ដារបស់ផលិតផល ចេញទៅវាល្អតាមអ្វីគោលការណ៍របស់យើង ដូច្នេះរយៈពេលសែនក្បាលទឹកសែនលោកខែនេះ យើងទទួលផ្គត់ផ្គង់ឱ្យហាងនំ អាហារដ្ឋាន និងហាងភេសជ្ជៈបានចំនួន២០ម៉ឺនគ្រាប់»។
លោកស្រីបន្តថា ភូមិពងទាខ្មែរបានដំណើរការអាជីវកម្មលក់ពងទាសាបតាំងពីឆ្នាំ២០១៦ ប៉ុន្តែទីផ្សារស្នូលពងទាប្រៃទើបតែមានតម្រូវការរយៈពេល៣ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ក្រោយលោកស្រីមានគំនិតគាស់ពងទាប្រៃយកស្នូល ហើយមានការវេចខ្ចប់ ដោយមានអនាម័យខ្ពស់។

លោកស្រីថ្លែងដូច្នេះថា៖«រាល់ដងគាត់(អតិថិជន)ទិញទៅត្រូវគាស់ ចំណាយពេលទៀត ប៉ុន្តែដល់ពេលរបស់យើងវិញ(ពងទាប្រៃ) វេចខ្ចប់ស្អាត សម្ងួតហើយស្អាត ហើយមានក្លិនល្អ និងរសជាតិឆ្ញាញ់ទៀត។ គាត់ យកទៅស្រួលឃើញនឹងភ្នែក ហើយគុណភាពវាល្អទៀត ដូច្នេះគាត់គាំទ្រជាបន្តបន្ទាប់»។
លោកស្រីបន្ថែមថា បច្ចុប្បន្ន ស្នូលពងទាប្រៃមានទីផ្សារតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ព្រោះតាមហាង ភោជនីដ្ឋាន មានតម្រូវការយកទៅកែច្នៃជានំ ម្ហូប និងលាយជាមួយភេសជ្ជៈ ហើយអាចច្នៃទៅជាម្ហូបអហារផ្សេងៗទៀត។
លោកស្រីថ្លែងដូច្នេះថា៖« និយាយទៅអាស្រ័យលើអ្នកជំនាញផ្នែកម្ហូបអាហារទេថាតើអាចច្នៃធ្វើអ្វីខ្លះ ព្រោះបណ្តូលស្នូលពងទាប្រៃមានអត្ថប្រយោជន៍ច្រើនណាស់ដោយសារវាអត់ស្អុយ អត់ជ្រាយទេ»។
លោកស្រីឱ្យដឹងថា បច្ចុប្បន្ន អាជីវកម្មពងទាប្រៃមានច្រើន ប៉ុន្តែមិនទាន់មានម្ចាស់អាជីវកម្មណាមួយគាស់យកបណ្តូលពងទាប្រៃ ហើយវេចខ្ចប់នោះទេ គឺមានតែលក់ទាំងមូលតែម្តង។
លោកស្រីថ្លែងដូច្នេះថា៖«ភូមិពងទាខ្មែរមានលក្ខណៈពិសេសជាងគេ ឈានមុខគេ ហើយយើងធ្វើមុនគេ ដោយសារតែមានការវេចខ្ចប់។ គេក៏អាចវេចខ្ចប់បានដូចគ្នា តែចំណុចពិសេសរបស់យើង គឺមុនផ្គត់ផ្គង់ដល់អតិថិជនគឺយើងប្រឹក្សាយោបល់យើងមិនមែនចេះតែផ្គត់ផ្គង់ ហើយធ្វើចោលនោះទេ»។

នៅថ្ងៃអនាគតភូមិពងទាខ្មែរនឹងផ្តោតលក់ស្នូលពងទាប្រៃតែមួយមុខប៉ុណ្ណោះ ហើយនឹងក្លាយជាក្រុមហ៊ុនដែលផ្គត់ផ្គង់ពងទាប្រៃឈានមុខគេនៅស្រុកខ្មែរ និងគ្រោងនាំចេញទៅក្រៅប្រទេស ផងដែរ។
ភូមិពងទាខ្មែរក៏មានផ្គត់ផ្គង់ពងទាសាប មីពងទាខ្មែរ និងស្នូលពងទាប្រៃ ដែលមានកសិដ្ឋានចិញ្ចឹមទាយកពង និងសហគ្រាសផលិតចំណីសត្វ ដោយខ្លួនឯង នៅស្រុកអង្គរជ័យ ខេត្តកំពត ដោយបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន៥០នាក់៕
- សមាគមស្វាយចន្ទីកម្ពុជាកំពុងពង្រីកបេសកកម្មជួយរកទីផ្សារឱ្យកសិករដាំស្វាយកែវរមៀត - នៅថ្ងៃទី 15/08/2022
- រដ្ឋមន្ត្រីណែនាំឱ្យអ្នកចិញ្ចឹមជ្រូកទាញថាមពលព្រះអាទិត្យប្រើប្រាស់ដើម្បីកាត់បន្ថយថ្លៃដើមផលិត - នៅថ្ងៃទី 15/08/2022
- លោកស្រី សំណាង បើកសិប្បកម្មកែច្នៃខ្ញី ខ្ជាយ ពន្លៃ រំដេង និងរមៀត ជាម្សៅសុខភាព - នៅថ្ងៃទី 12/08/2022