រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់រាជធានីភ្នំពេញនៅថ្ងៃពុធ ទី៣ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។រូបភាព៖ហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស ​Antony​ Blinken​ នៅ​ថ្ងៃ​ទី​ ៤​ សីហា​នេះ ​បាន​ប្រកាស​នូវ​គម្រោង​ថ្មី​មួយ​ដែល​មាន​ទឹក​ប្រាក់ ​២៥​លាន​ដុល្លារ​ ក្នុង​ការ​លើក​កម្ពស់​សន្តិ​សុខ​ស្បៀង​អាហារ​ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ លើ​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា។នេះបើតាម​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Blinken បាន​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ ទី៣​ ខែ​សីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ានដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូលនេះ​។

គម្រោង​កម្ពុជា​ហាវែស ​III ​ជា​គម្រោង​មាន​រយៈ​ពេល ​៥ ​ឆ្នាំ​ដែល​គ្រប់​គ្រង​ដោយ​ទីភ្នាក់​ងារ​ជំនួយ​អាមេរិក​ USAID ប្រចាំ​កម្ពុជា​។

ស្ថាន​ទូត​អាមេរិក​ បានឱ្យដឹងថា​៖«ខណៈ​ដែល​ពិភព​លោក ​ប្រឈម​នឹង​ការ​គំរាម​កំហែង​កាន់​តែ​កើន​ឡើង ​លើ​ការ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ យើង​ត្រូវការ​បង្កើន​នូវ​សមត្ថភាព​កសិកម្ម​ និង​ភាព​ធន់​ជុំវិញ​ពិភព​លោក ​ហើយ​គម្រោង​ហាវែស III​ គឺ​ជា​និមិត្ត​សញ្ញា​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​គោល​ដៅ​មួយ​នេះ​»។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក គម្រោងកម្ពុជាហាវែស II បានជួយវិស័យឯកជនបង្កើនទុនវិនិយោគប្រមាណ ២៨ លានដុល្លារ និង​បង្កើតការងារជាង ២៥០០កន្លែង។នេះបើ​តាម​សេចក្តីប្រកាសព័ត៌មានរបស់​ទីភ្នាក់ងារជំនួយអាមេរិក USAID ចេញផ្សាយនៅថ្ងៃទី១០ ឧសភានេះ។​

សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោងកម្ពុជាហាវែស II ក៏​បាន​គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយកសិកម្មចំនួន ១៧ និងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង ៧៥ លានដុល្លារ ផងដែរ។

គម្រោងនេះត្រូវបានឧបត្ថម្ភថវិកាដោយគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២៕