លោកហ្សេលេនស្គី ស្នើសុំជជែកផ្ទាល់ជាមួយមេដឹកនាំចិន ដើម្បីពឹងឱ្យជួយបញ្ចប់សង្គ្រាម

ប្រធានាធិបតីអ៊ុយក្រែន លោក វូលូឌីមៀ ហ្សេលេនស្គី បានស្នើសុំជួបសន្ទនាដោយផ្ទាល់ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង ខណៈលោកបានទទួចឱ្យមេដឹកនាំចិនរូបនេះ ប្រើប្រាស់ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចរបស់ចិនលើប្រទេសរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

លោក ហ្សេលេនស្ដី បានប្រាប់សារព័ត៌មាន South China Morning Post នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានស្នើសុំដើម្បីសន្ទនាជាមួយប្រធានាធិបតីចិន ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែននៅក្នុងខែកុម្ភៈ ប៉ុន្តែការសុំជួបសន្ទនានោះ មិនទាន់កើតឡើងនៅឡើយ។

លោក ហ្សេលេនស្គី បានថ្លែងដូច្នេះថា៖« ខ្ញុំចង់ជជែកដោយផ្ទាល់។ ខ្ញុំធ្លាប់មានកិច្ចសន្ទនាជាមួយលោក ស៊ី ជិនពីង ដែរ ប៉ុន្តែបានកើតឡើងតាំងពីឆ្នាំមុន។ ចាប់តាំងពីមានការចូលឈ្លានពានទ្រុងទ្រាយធំនៅថ្ងៃទី២៤កុម្ភៈ ពួកយើងបានស្នើសុំជាផ្លូវការសម្រាប់ការសន្ទនាគ្នា ប៉ុន្តែយើងមិនទាន់មានការសន្ទនាណាជាមួយគ្នាឡើយ បើទោះបីជាខ្ញុំជឿថា នឹងអាចមានក្ដីសង្ឃឹមក៏ដោយ»។

ចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់រុស្ស៊ី ហើយមិនទាន់ថ្កោលទោសណាមួយចំពោះប្រទេសរុស្ស៊ី ដែលបានចូលឈ្លានពានប្រទេសអ៊ុយក្រែនឡើយ។ នៅក្នុងសង្គ្រាមអស់រយៈពេលប្រាំមួយខែមកនេះ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៥,៣២៧នាក់នៅក្នុងប្រទេសអ៊ុយក្រែន និងបានបង្ខំមនុស្សប្រហែល១២លាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង។

ការប្រយុទ្ធដ៏ខ្លាំងពីប្រទេសរុស្ស៊ី ក៏បានរារាំងគ្រាប់ធញ្ញជាតិ មិនអាចនាំចេញពីប្រទេសអ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថាជា កន្លែងស្បៀងអាហាររបស់ពិភពលោក និងធ្វើឱ្យកង្វះស្បៀងអាហារកាន់តែអាក្រក់ និងជំរុញឱ្យតម្លៃកើនឡើងនៅទូទាំងពិភពលោក។

លោក ហ្សេលេនស្គី និងសម្ព័ន្ធមិត្តលោកខាងលិច បានហៅការឈ្លានពានរបស់រុស្ស៊ីថា ជាសង្គ្រាមឈ្លានពាន ប៉ុន្តែទីក្រុងប៉េកាំងនិយាយថា ទីក្រុងម៉ូស្គូត្រូវបានបង្កហេតុ ដោយសារតែការពង្រីកឥទ្ធិពលរបស់អង្គការណាតូនៅអឺរ៉ុប។

ប្រធានាធិបតីចិន ធ្លាប់បានសម្តែងការព្រួយបារម្ភអំពីជម្លោះក្នុងប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែមិថុនា ដោយបង្ហាញពីការព្រួយបារម្ភដល់មនុស្សជាតិ។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បង្ហាញ​ពី​របៀប​ដើម្បីឈានទៅបញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នោះ​ទេ។

នៅដើមខែនេះ លោកក៏បាននិយាយទៅកាន់លោក ពូទីន ដែលជាមេដឹកនាំដែលលោកធ្លាប់បានហៅជាមិត្តល្អបំផុតរបស់លោក ហើយបានអះអាងជាថ្មីនូវការគាំទ្ររបស់ប្រទេសចិនចំពោះ អធិបតេយ្យភាព និងសន្តិសុខ របស់រុស្ស៊ី។ យោងតាមបណ្ដាញសារព័ត៌មានរដ្ឋចិនបានបញ្ជាក់ថា លោក ស៊ី ជិនពីង ចង់ឱ្យភាគីទាំងអស់ គួរតែជំរុញឱ្យមានការដោះស្រាយវិបត្តិអ៊ុយក្រែន ក្នុងលក្ខខណ្ឌសមហេតុផល ហើយថាប្រទេសចិន នឹងបន្តដើរតួនាទីរបស់ខ្លួនសម្រាប់គោលបំណងនេះ៕