
កម្ពុជាបាននាំចេញស្រូវនិងអង្ករក្នុងបរិមាណសរុបជាង២លានតោន(អង្ករជាង៣៥ម៉ឺនតោន) គិតជាប្រាក់សរុប ១០៧,១៤ លានដុល្លារក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២២។នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា(CRF)បានផ្សាយកាលពីថ្ងៃទី៣ សីហា។
ទិន្នន័យនេះបន្តថា ចាប់ពីខែមករា ដល់ ខែកក្កដា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៥០ ៩០២ តោនគិតជាប្រាក់ចំនួន២១៨,១៧លានដុល្លារ កើនឡើង ១៣,២៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ក្នុងអំឡុងពេលនេះ ក្រុមហ៊ុនចំនួន ៥៣ បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥៦ប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប។

ប្រទេសចិននៅតែជាទីផ្សារនាំចូលអង្ករឈានមុខគេរបស់កម្ពុជា។ក្នុងនោះ ប្រទេសចិន ម៉ាកាវ និងហ៊ុងកុង បាននាំចូលអង្ករចំនួន ១៦៩ ៧៦៦តោន ស្មើនឹង៤៨,៣៨% នៃការនាំចេញសរុបគិតជាទឹកប្រាក់ប្រមាណ៨៩លានដុល្លារ។
ដោយឡែក សហគមន៍អឺរ៉ុបគឺជាទីផ្សារលំដាប់ទី២របស់កម្ពុជា ដោយបាននាំចូលអង្ករក្នុងបរិមាណ ១១២ ៨៤២តោន ស្មើនឹង៣២% គិតជាទឹកប្រាក់ប្រមាណ ៨៦លាន ដុល្លារទៅកាន់តំបន់សហគមន៍អឺរ៉ុប ២៥ ប្រទេស។
ប្រទេសអាស៊ានក៏ជាទីផ្សារចម្បងសម្រាប់អង្ករកម្ពុជា ដោយបាននាំចូលក្នុងបរិមាណជិត៣០តោន ស្មើនឹង៩%គិតជាប្រាក់ប្រមាណ២០លានដុល្លារ ព្រមទាំងគោលដៅ ២៤ ប្រទេសផ្សេងទៀតក្នុងបរិមាណ ២៨ តោន ស្មើនឹង១០,៦២% ដែលគិតជាប្រាក់ ២២,៩២លានដុល្លារ។
ថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់«កិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន»កាលពីថ្ងៃទី២០ កក្កដា កន្លងមក លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន បានយកចិត្តទុកដាក់ខ្ពស់លើការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន។ គិតត្រឹមខែមិថុនា ឆ្នាំ២០២២ នៅក្រោមក្របខណ្ឌអនុសារណៈយោគយល់លើកទី៦អង្ករកម្ពុជានាំចេញទៅប្រទេសចិនសម្រេចបាន៤៥%។
លោកថ្លែងដូច្នេះថា៖«ខ្ញុំជឿជាក់ថា នៅក្រោមការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ បរិមាណការផលិត កែច្នៃ និងនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសចិន នឹងបំបែកកំណត់ត្រាកាន់តែខ្ពស់ថែមទៀត»។
CRF បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៧ខែនេះ អង្ករក្រអូបគ្រប់ប្រភេទបាននាំចេញចំនួន ៦៣,៦៤% អង្ករស ចំនួន ៣២,៤២% អង្ករចំហ៊ុយ២,២៣% អង្ករសរីរាង្គ ១,៧% និងអង្ករដំណើបចំនួន ២៣តោន។
កម្ពុជាក៏បាននាំចេញស្រូវទៅប្រទេសវៀតណាមសរុបចំនួន១,៩៥លានតោន គិតជាប្រាក់ជាង ៤៨៧លានដុល្លារ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២២។
CRF បានព្យាករថា កម្ពុជានឹងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងរង្វង់៨០ម៉ឺនតោនក្នុងឆ្នាំ២០២២។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ខែមិថុនាដើម ឆ្នាំ២០ ២២ សម្រេចបានជាង ២,៤ លានតោន ។កសិផលទាំងនោះ រួមមានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកា កាវ និងកសិផលចំនួន ២៤មុខផ្សេងទៀតដែលមានតម្លៃ១ ៩៤២ លានដុល្លារ៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022