កសិករដាំបន្លែសេរីរាង្គនៅខេត្តកំពង់ឆ្នាំង។ រូបភាព៖ សឹម សល់ម៉ា

កសិកម្មសេរីរាង្គ គឺជាការគ្រប់គ្រងប្រព័ន្ធផលិតកម្មទាំងមូល ដែលធ្វើឱ្យប្រសើរឡើងដល់សុខភាព ប្រព័ន្ធក្សេត្រ-បរិស្ថាន រួមទាំងជីវសាស្ត្រចម្រុះ វដ្តជីវសាស្ត្រ និងសកម្មភាពជីវសាស្ត្រក្នុងដី។

ដើម្បីអនុវត្តកសិកម្មសេរីរាង្គ កសិករត្រូវអនុវត្តការដាំដុះតាមយន្តការ នៃវិធីសាស្ត្រជីវសាស្ត្រ និងមេកានិច ដើម្បីបំពេញតួនាទីជាក់លាក់ នៅក្នុងប្រព័ន្ធបរិស្ថាន និងដើម្បីទប់ស្កាត់ការប្រើប្រាស់សារធាតុគីមីសំយោគ។

ការអនុវត្តអាចមានភាពខុសគ្នាអាស្រ័យលើប្រព័ន្ធ និងលក្ខខណ្ឌនៅក្នុងតំបន់ ប៉ុន្តែប្រព័ន្ធផលិតកម្មសេរីរាង្គត្រូវបានរៀបចំឡើង ដើម្បីកែលំអគុណភាពជីវសាស្ត្រចម្រុះក្នុងប្រព័ន្ធដីទាំងមូល បង្កើនសកម្មភាពជីវសាស្ត្ររបស់ដី និងរក្សាជីវជាតិដីក្នុងរយៈពេលវែង កែច្នៃសំណល់ដែលមានប្រភពពី រុក្ខជាតិ និងសត្វ ដើម្បីផ្តល់ជីជាតិត្រឡប់ទៅដីវិញ​ លើកកម្ពស់ការប្រើប្រាស់ដី ទឹក និងខ្យល់ប្រកបដោយគុណភាព។

គោលការណ៍សម្រាប់ផលិតកម្មកសិកម្មសេរីរាង្គ

កសិករត្រូវដាំដំណាំអំបូរសណ្តែក ដំណាំជាជីបៃតង និងរុក្ខជាតិឬសវែង ដាក់បញ្ចូលទៅក្នុងដីនូវសារធាតុសេរីរាង្គ ចំពោះការធ្វើជីកំប៉ុស្តអាចប្រើប្រាស់មីក្រូសារពាង្គកាយ ឬវត្ថុធាតុពីរុក្ខជាតិ និងត្រូវរៀបចំដីតាមបែបជីវថាមពលពីកម្ទេចថ្ម យកជីលាមកសត្វពីកសិដ្ឋាន ឬរុក្ខជាតិ យកមកប្រើប្រាស់ក្នុងផលិតកម្ម។

ការគ្រប់គ្រងកត្តាចង្រៃ

កសិករត្រូវធ្វើវិធីសាស្ត្រទប់ស្កាត់ ដូចជាការបង្អាក់ និងកម្ចាត់ចោលនូវជម្រក និងបង្កើនភាពងាយស្រួលដល់ពពួកសារពាង្គកាយ គឺជាវិធីសាស្ត្រចម្បងគេក្នុងការគ្រប់គ្រងកត្តាចង្រៃ។ បើសិនបើវិធីសាស្ត្រទប់សា្កត់ នៅមិនគ្រប់គ្រាន់ ជម្រើសទី១សម្រាប់គ្រប់គ្រងកត្តាចង្រៃ គឺវិធីសាស្ត្រ មេកានិករូបសាស្ត្រ និងជីវសាស្ត្រ។

ការអនុវត្តតាមក្បូនការកែច្នៃល្អ និងអនាម័យត្រឹមត្រូវ ដើម្បីទប់ស្កាត់ការកកើតភ្នាក់ងារចង្រៃ។ វិធានការកម្ចាត់កត្តាចង្រៃនៅក្នុងឃ្លាំង ឬតាមមធ្យោបាយដឹកជញ្ជូនអាចធ្វើឡើងតាមលក្ខណៈរូបសាស្ត្រ ឬប្រព្រឹត្តកម្មដទៃទៀត ដូចជាអន្ទាក់ភេទ អន្ទាក់បិទនុយស្តាទិក ផ្លាស់ប្តូរសីតុណ្ហភាព និងបរិយាកាស។ ផលិតផល ដែលធ្វើប្រព្រឹត្តិកម្ម ដោយ អ៊ីយ៉ូដ ឬវិទ្យុសកម្ម នៅក្រោយពេលប្រមូលផលមិនត្រូវអនុញ្ញាតឡើយ។

ការវេចខ្ចប់ និងដឹកជញ្ជូន

សម្ភារវេចខ្ចប់ គួរតែជ្រើសជ្រើសឱ្យបានត្រឹមត្រូវ ដែលមានប្រភពមកពីសារធាតុ​ ដែលអាចកែច្នៃឡើងវិញបាន។ ភាពបរិសុទ្ធនៃផលិតផលត្រូវរក្សាទុកឱ្យបា នក្នុងអំឡុងពេលស្តុកទុក ដឹកជញ្ជូន និងលើកដាក់ដោយប្រកាន់យកការប្រុងប្រយ័ត្នខ្ពស់ ដូចជាត្រូវការពារ កុំឱ្យផលិតផលសេរីរាង្គដាក់ចូលលាយឡំគ្នា ជាមួយផលិតផលមានជាតិគីមីទេ និងមិនត្រូវប៉ះពាល់ជាមួយវត្ថុធាតុដើម និងសារធាតុ ដែលមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ក្នុងការដាំដុះ។

កសិករត្រូវរក្សាទុក និងដាក់ផលិតផលសេរីរាង្គឱ្យដាច់ដោយឡែកពីផលិតផលផ្សេងទៀត ដោយត្រូវបិទផ្លាកសញ្ញាសម្គាល់ ហើយឃ្លាំងស្តុកទុកផលិតផលសេរីរាង្គ ត្រូវញែកឱ្យបានដាច់ស្រឡះពីឃ្លាំងសម្រាប់ស្តុកផលិតផលធម្មតា និងត្រូវបិទស្លាកព័ត៌មានឱ្យបានច្បាស់លាស់។

សញ្ញាសម្គាល់ ផលិតផលបានអនុវត្តកសិកម្មសេរីរាង្គ។ រូបភាព៖ សៀវភៅកសិកម្មសេរីរាង្គកម្ពុជារបស់ក្រសួងកសិកម្ម

កន្លែងស្តុកទុក និងកុងតឺន័រ ដែលត្រូវដឹកជញ្ជូន​ផលិតផលសេរីរាង្គត្រូវសម្អាត ដោយប្រើប្រាស់តែវិធីសាស្ត្រ និងវត្ថុធាតុណា ដែលត្រូវបានអនុញ្ញាតនៅក្នុងផលិតកម្មសរីរាង្គប៉ុណ្ណោះ ដើម្បីការពារ នៃការឆ្លងភាពកខ្វក់ដែលបានពីថ្នាំពុលកសិកម្ម និងសារធាតុរាវផ្សេងៗ ឬប្រប្រត្តឹកម្មដ៏ទៃទៀត។

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ